ព្រឹត្តិបត្រលេខពិសេសទី១ (ខែកញ្ញា ឆ្នាំ២០២១) ស្តីពីវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងច្បាប់អន្តរជាតិ (ការបោះផ្សាយជាភាសាខ្មែរ)

Bulletin Special Issue 1 (September 2021) on Covid-19 Vaccines and International Law (Khmer Publication)

បន្ទាប់ពីការផ្ទុះឡើងនូវជំងឺកូវីដ ១៩ នាចុងឆ្នាំ២០១៩ រហូតមកទល់ ២០២១​នេះ យើងឃើញថាពិភពលោកបានជួបប្រទះនឹងការជាប់គាំងនៃការដំណើរការទាំងមូលដែលកម្រមាន ទាំងដំណើរការសេដ្ឋ-កិច្ច សង្គម ការប្រាស្រ័យទាក់ទងគ្នា ការផ្លាស់ទីនានា ហើយមនុស្សចាប់ផ្តើមមិនទុកចិត្តគ្នា ដោយសារតែជំងឺមើលមិនឃើញមួយនេះ។ និយាយមែនទែនទៅ វាជាសោកនាដកម្មមួយដែលពិភពលោកកំពុងជួបប្រទះ ដែលតម្រូវអោយតួអង្គនានានៅក្នុងពិភពលោករួបរួមគ្នា ដើម្បីចៀសផុតបញ្ហានិងមេរោគដ៏គួរឱ្យខ្លាចនេះ។

មកទល់ពេលនេះ​ ជំងឺកូវីដ ១៩ បាននិងកំពុងបន្តវាយលុកនៅក្នុងពិភពលោកទាំងមូល ហើយក៏បានចម្លងមនុស្សជាង ២១៤ លាននាក់ ហើយអ្វីដែលអាក្រក់បំផុតនោះ គឺបានសម្លាប់មនុស្សជិត ៤,៤ លាននាក់ រួចមកហើយ(គិតមកដល់ថ្ងៃ ២៦ ខែ សីហា ឆ្នាំ២០២១)[1]។ ទោះបីជាយ៉ាងនេះក្តី ក៏នយោបាយប្រទេសនីមួយៗ ហាក់ដូចជាខ្វល់ខ្វាយអំពីផលប្រយោជន៍ខ្លួនជាជាងផលប្រយោជន៍រួមទាំងមូល ដែលបង្កទៅជាបញ្ហាសកលលោកផង និងជារនាំងនៃកិច្ចសហប្រតិបត្តិការអន្តរជាតិផង។ 

បើពិនិត្យតាំងពីចុងឆ្នាំ២០១៩​មក បញ្ហាជាច្រើនបានកើតឡើងជុំវិញការខ្វះកិច្ចសហការនេះដែលមានដូចជា ការចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញដើមកំណើតនៃវីរុសនេះ, ការផ្តាច់ខ្លួននៅតែឯង, ការចោទប្រកាន់អង្គការអន្តរជាតិដែលប្រកាន់ខ្ជាប់នូវកិច្ចសហប្រត្តិបត្តិការពិភពលោក, ការដណ្តើមនូវសម្ភារៈបរិក្ខារសុខាភិបាលដែលមានដូចជាម៉ាស និងឧបករណ៍ជំនួយដង្ហើមជាដើម,​ ហើយក្រោយមកនេះក៏មានការប្រជែងទិញនិងដណ្តើមវ៉ាក់សាំងកូវីដ ១៩ ផងដែរ។ ស្ថាប័នអន្តរជាតិ បាននិងកំពុងអំពាវនាវឱ្យប្រទេសដែលមានលទ្ធភាពចូលរួមជួយគ្រប់ទម្រង់ ដើម្បីចែកចាយវ៉ាក់សាំងទៅកាន់តំបន់ដែលត្រូវការបំផុតជាពិសេសក្រុមប្រទេសដែលពុំសូវមានធនធាន។

ដោយសារតែមានការប្រទាំងប្រទើសទាំងនេះហើយ ទើបអត្ថបទនេះមានចេតនាផ្តល់នូវគំនិត និងការត្រិះរិះពិចារណាជុំវិញបញ្ហាគតិយុត្ត ដែលរដ្ឋនានានៅក្នុងពិភពលោក គួរគប្បីប្រតិបត្តិតាមដើម្បីប្រយោជន៍រួម ព្រមទាំងដើម្បីឈានទៅការបិទបញ្ចប់នូវព្រឹត្តិការណ៍ដ៏សាហាវនេះផងដែរ។ ជំងឺដ៏កាចសាហាវនេះ បានបង្កទៅជាស្ថានការណ៍ចលាចលមួយ ដែលតម្រូវឱ្យអង្គការសុខភាពពិភពលោក (WHO) ប្រកាសជំងឺនេះ​ ជាជំងឺរាតត្បាតសកល។ មកទល់ពេលនេះ​ យើងក៏សង្កេតឃើញផងដែរថា ក្រៅពីវិធានការសុខាភិបាលដែលដាក់ចេញអំពីអង្គការWHO មានដូចជាការពាក់ម៉ាស លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព, ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញនូវវ៉ាក់សាំងបង្កើតភាពស៊ាំប្រឆាំងកូវីដ ១៩ ដែលត្រូវបានបញ្ចេញមកប្រើប្រាស់ជាបណ្តើរៗផងដែរ។

វ៉ាក់សាំងតែមួយមុខមិនមែនជាថ្នាំទិព្វ ដើម្បីបញ្ចប់នូវជំងឺរាតត្បាតនេះឡើយ ក៏ប៉ុន្តែយ៉ាងហោចណាស់ វាជាធាតុផ្សំមួយសំខាន់ដើម្បីទប់ស្កាត់ការរីករាលដាល រួមទាំងកាត់បន្ថយការរងគ្រោះធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់អាយុជីវិត[2]។ ដំណើរផលិតកម្មនៃវ៉ាក់សាំងនេះ ត្រូវបានចាប់ផ្តើមឡើងក្នុងប្រទេសជាច្រើន មានដូចជា សហរដ្ឋអាម៉េរិក ចិន រុស្ស៊ី អង់គ្លេស អាល្លឺម៉ង់ ។-ល-។ ជាអកុសល វ៉ាក់សាំង ត្រូវបានអ្នកជំនាញ រួមទាំងស្ថាប័នអន្តរជាតិ បានវាយតម្លៃថាមិនអាចមានគ្រប់គ្រាន់សម្រាប់ប្រទេសមិនសូវមានធនធាននោះឡើយ ព្រោះប្រទេសមានធនធាន បានប្រមូលទិញភាគច្រើនរួចហើយ មានករណីខ្លះ ប្រទេសមួយចំនួន បានស្តុកទុកវ៉ាក់សាំងដែលមានចំនួន ២ ទៅ ៣ ដងនៃចំនួនប្រជាជនខ្លួនសរុបថែមទៀតផង[3]។ សា្មរតីឯកតោភាគីនិយមនេះ បានធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ច្បាប់អន្តរជាតិ​ ក៏ដូចជាបទដ្ឋានគតិយុត្តច្បាប់អន្តរជាតិផ្សេងទៀត ជាពិសេសច្បាប់សិទ្ធិមនុស្សអន្តរជាតិផងដែរ[4]

ដូច្នេះដើម្បីសម្រួលការចែកចាយ វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ អោយបានទាន់ពេលវេលា ដោយសមភាព សមធម៌ តម្លាភាព និងសាមគ្គីភាព ក្រោមស្មារតីពហុភាគីនិយមពិតប្រាកដ តើស្ថាប័ន និងបទដ្ឋានគតិយុត្តណាខ្លះមានតួនាទី និង ទំនាក់ទំនងក្នុងការសម្រេចនូវគោលបំណងខាងលើ? 

អត្ថបទនេះ នឹងចូលរួមសាកល្បងបកស្រាយចំណោទបញ្ហាគតិយុត្តខាងលើនេះ ក្រោមទម្រង់ជាជំនួយស្មារតី ដោយផ្នែកទី (១) បង្ហាញអំពីទំនាក់ទំនងរវាងតួអង្គពាក់ព័ន្ធនៅក្នុងច្បាប់អន្តរជាតិ និង ការចែកចាយវ៉ាក់សាំង។ រីឯ ផ្នែកទី (២) បង្ហាញអំពីគោលការណ៍ច្បាប់អន្តរជាតិនានា ដែលទាក់ទងនឹងការផលិត គ្រប់គ្រង និងចែកចាយវ៉ាក់សាំងកូវីដ ១៩។ គួរបញ្ជាក់ផងដែរថា ត្បិតប្រធានបទនេះមានវិសាលភាពធំទូលាយ អត្ថបទ នេះមានចេតនាផ្តល់ជាទស្សនាទានច្បាប់អន្តរជាតិពាក់ព័ន្ធនានា រួមទាំងបង្ហាញពី   តថភាពនៃទំនាក់ទំនងអន្តរជាតិទាំងមូល​។ ក៏ប៉ុន្តែការបកស្រាយលម្អិតនៃច្បាប់ពាក់ព័ន្ធនីមួយៗ ជាចំណុចដែលមានកម្រិត ហើយអ្នកនិពន្ធ សូមលើកទឹកចិត្តឱ្យមានការស្រាវជ្រាវស៊ីជម្រៅ អំពីសំណាក់អ្នកស្រាវជ្រាវដទៃទៀត។


[1]Worldometer, “Coronavirus Cases” Worldometer, 26 August 2021. <https://www.worldometers.info /coron avirus/coronavirus-cases /?fbclid=IwAR0MaGakx0xtRK5f2JiL3bn8gohyVBCqifGptM2sns B37WqdCfrfoN9HFY #t otal-cases > accessed on 26 August 2021.

[2] Ashok Pandey, Pradeep Belbase, and Ayuska Parajuli, “COVID-19 Vaccine Development to Vaccination” Journal of Nepal Health Research Council 18, (2020): 807-809.

[3] Owen Dyer, “Covid-19: Many poor countries will see almost no vaccine next year, aid groups warn” BMJ ,(2020):1.

[4] P. D. Gupta, “Corona Vaccine: Nationalism V/S Cosmopolitanism” Journal of Cell and Tissue Research 21, (2021):  7021-7024.