មាតិកា
ខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា១៩៩៣
ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
កំណត់សម្គាល់ស្ដីពី វិសោធនកម្មទាំង១០ លើក
ខ្លឹមសារនៃវិសោធនកម្មទាំងលើកទី១
ខ្លឹមសារនៃវិសោធនកម្មទាំងលើកទី២
ខ្លឹមសារនៃវិសោធនកម្មទាំងលើកទី៣
ខ្លឹមសារនៃវិសោធនកម្មទាំងលើកទី៤
ខ្លឹមសារនៃវិសោធនកម្មទាំងលើកទី៥
ខ្លឹមសារនៃវិសោធនកម្មទាំងលើកទី៦
ខ្លឹមសារនៃវិសោធនកម្មទាំងលើកទី៧
ខ្លឹមសារនៃវិសោធនកម្មទាំងលើកទី៨
ខ្លឹមសារនៃវិសោធនកម្មទាំងលើកទី៩
ខ្លឹមសារនៃវិសោធនកម្មទាំងលើកទី១០
១. ខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា១៩៩៣
យើង ប្រជារាស្ត្រខ្មែរ
ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តមប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រពណ្ណរាយ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុងពីទស្សវត្សរ៍ចុងក្រោយនេះឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយ ទ្រុឌទ្រោមឱនថយមហាសោកស្តាយ
បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៍អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា “កោះសន្តិភាព” ឡើងវិញផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិឱ្យបានឈានឡើងរីកចម្រើនលូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍។
ក្នុងឆន្ទៈមោះមុតនេះ
យើងសសេរចារឹកក្នុងរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជាដូចតទៅ៖
មាត្រា ១
ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រ ទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។
មាត្រា ២
បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាត ក្នុងបន្ទាត់ព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។
មាត្រា ៣
ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន។
មាត្រា ៤
បាវចនានៃព្រះរាជាណាចក្រកម្ពុជាគឺ ៖ ជាតិ សាសនា ព្រះមហាក្សត្រ។
មាត្រា ៥
ភាសា និងអក្សរដែលប្រើជាផ្លូវការគឺ ភាសា និងអក្សរខ្មែរ។
មាត្រា ៦
ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។
ទង់ជាតិ ភេ្លងជាតិ និងសញ្ញាជាតិ មានកំណត់នៅក្នុងឧបសម្ព័ន្ធ១, ២ និង៣។
មាត្រា ៧
ព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។
ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។
អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។
មាត្រា ៨
ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។
ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។
មាត្រា ៩
ព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាច សាធារណៈឱ្យមានភាពទៀងទាត់។
មាត្រា ១០
របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។
ព្រះមហាក្សត្រ ទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទ សម្រាប់គ្រងរាជសម្បត្តិឡើយ។
មាត្រា ១១-ថ្មី
ក្នុងករណីដែលព្រះមហាក្សត្រ ពុំអាចបំពេញព្រះរាជភារៈ ជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួន ជាទម្ងន់មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជាព្រះរាជានុសិទ្ធិ។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជាព្រះមហាក្សត្រ ក្នុងឋានៈជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ។
តំណែងជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុងវាក្យខ័ណ្ឌខាងលើតាមឋានុក្រមដូចតទៅៈ
ក- អនុប្រធានទី១ ព្រឹទ្ធសភា
ខ- អនុប្រធានទី១ រដ្ឋសភា
គ- អនុប្រធានទី២ ព្រឹទ្ធសភា
ឃ- អនុប្រធានទី២ រដ្ឋសភា
មាត្រា១២. ថ្មី
នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញកិច្ចជាប្រមុខរដ្ឋស្តីទីជំនួសព្រះមហាក្សត្រក្នុងពេលព្រះអង្គចូលទីវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី២ និងទី៣ នៃមាត្រា១១ថ្មី។
មាត្រា១៣. ថ្មី
ក្នុងរយៈវេលា ៧ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើស ដោយក្រុមប្រឹក្សារាជសម្បត្តិ។
សមាសភាពនៃក្រុមប្រឹក្សារាជ្យសម្បត្តិមាន៖
- ប្រធានព្រឹទ្ធសភា
- ប្រធានរដ្ឋសភា
- នាយករដ្ឋមន្ត្រី
- សម្តេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
- អនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា
- អនុប្រធានទី១ និងអនុប្រធានទី២ រដ្ឋសភា
ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជ្យសម្បត្តិនឹងមានកំណត់ក្នុងច្បាប់មួយ។
មាត្រា ១៤
ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សមាជិកនៃព្រះរាជវង្សា នុវង្សខ្មែរ ដែលមានជន្មាយុយ៉ាងតិច៣០ ព្រះវស្សា ហើយដែលជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រ អង្គឌួង ឬព្រះមហាក្សត្រ នរោត្តម ឬក៏ព្រះមហាក្សត្រ ស៊ីសុវត្តិ។
មុនចូលគ្រងរាជសម្បត្តិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធាន ដូចមានចែងក្នុងឧបសម្ព័ន្ធទី៤។
មាត្រា ១៥
ព្រះរាជានៃព្រះមហាក្សត្រ មានព្រះរាជឋានៈជាព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ១៦
ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាពុំមានព្រះរាជសិទ្ធិធ្វើនយោបាយ ទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំរាជរដ្ឋាភិបាល ឬទទួលតួនាទីរដ្ឋបាល ឬនយោបាយឡើយ។
ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា ទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបំរើប្រយោជន៍សង្គម មនុស្សធម៌ សាសនា និងជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការ និងការទូត។
មាត្រា ១៧
ប្រការដែលព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយដែលមានចែងក្នុងវាក្យខ័ណ្ឌទី១ នៃមាត្រា៧ នៃរដ្ឋធម្មនុញ្ញនេះមិនអាចសុំកែប្រែបានជាដាច់ខាត។
មាត្រា ១៨.ថ្មី
ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភាដោយព្រះរាជសារ។
ព្រះរាជសារនេះ ព្រឹទ្ធសភា និងរដ្ឋសភាមិនអាចយកទៅជជែកពិភាក្សាឡើយ។
មាត្រា ១៩.ថ្មី
ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និងទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា១១៩ ថ្មី។
មាត្រា ២០
ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងមួយខែ ឱ្យនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៍នៃប្រទេសជាតិ។
មាត្រា ២១
តាមសេចក្តីស្នើរបស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និងយោធា ឯកអគ្គរាជទូត និងប្រេសិតវិសាមញ្ញ និងពេញសម្ថតភាព។
តាមសេចក្តីស្នើរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្តូរ ឬដកចៅក្រមផ្នែកយុត្តាធិការ។
មាត្រា ២២-ថ្មី
នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។
មាត្រា ២៣
ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោពលខេមរភូមិន្ទ។ អង្គមេបញ្ជាការកងយោធពលខេមរភូមិន្ទត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ។
មាត្រា ២៤-ថ្មី
ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលនឹងត្រូវបានបង្កើតឡើងដោយច្បាប់មួយ។
ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា។
មាត្រា ២៥
ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូត ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រចាំព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២៦-ថ្មី
ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញា និងអនុសញ្ញាទាំងនេះ ក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និងព្រឹទ្ធសភា។
មាត្រា ២៧
ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស។
មាត្រា ២៨-ថ្មី
ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និងទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតាមសេចក្តីស្នើសុំពីគណៈរដ្ឋមន្ត្រី។
ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាល ព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចទាំងឡាយ ព្រះហស្តលេខានៅលើព្រះរាជក្រម ឬព្រះរាជក្រឹត្យខាងលើនេះទៅប្រមុខរដ្ឋស្តីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់សិទ្ធិ។
មាត្រា ២៩ ថ្មី
ព្រះមហាក្សត្រទ្រង់បង្កើត និងប្រទានគ្រឿងឥស្សរិយយសជាតិ។
ព្រះមហាក្សត្រទ្រង់សម្រេចប្រទានឋានន្តរសក្តិ ឋានៈយោធា និងស៊ីវិល តាមច្បាប់កំណត់។
មាត្រា ៣០ ថ្មី
ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្តមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទី។
ក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទីជំនួសព្រះមហាក្សត្រ ពេលព្រះអង្គទ្រង់អវត្តមានការទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទី ត្រូវអនុវតុ្តតាមវាក្យខ័ណ្ឌទី២ និងទី៣ នៃមាត្រា១១ថ្មី។
មាត្រា ៣១
ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។
ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពនិងករណីកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈ សង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិ សេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗមិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។
មាត្រា ៣២
ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។
ទោសប្រហាជីវិតមិនត្រូវឱ្យមានឡើយ។
មាត្រា ៣៣
ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។
ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបាន រដ្ឋគាំពារ។
ការទទួលសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់។
មាត្រា ៣៤ ថ្មី (មួយ)
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច២៥ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច៤០ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។
បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់ ។
មាត្រា ៣៥
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
មាត្រា ៣៦
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួនតាម សេចក្តីត្រូវការរបស់សង្គម។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នា។
ការងារមេផ្ទះមានតម្លៃស្មើគ្នានឹងកម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលការធានារ៉ាប់រងសង្គម និងអត្ថប្រយោជន៍ខាងសង្គមកិច្ច ដែលមានចែងក្នុងច្បាប់។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីព និងចូលជាសមាជិកសហជីពនេះ។
ការរៀបចំ និងការប្រព្រឹត្តទៅនៃសហជីព នឹងមានកំណត់ក្នុងច្បាប់។
មាត្រា ៣៧
សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់។
មាត្រា ៣៨
ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ។ ច្បាប់ការពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹងអាចធ្វើទៅកើត លុះត្រាតែមានអនុវត្តត្រឹមត្រូវតាមបញ្ញតិច្បាប់។
ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តិកម្មណាមួយដែលបន្ថែមទម្ងន់ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារ ត្រូវហាមឃាត់មិនឱ្យធ្វើឡើយ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិត ត្រូវទទួលទោសតាមច្បាប់។
ការទទួលសារភាពដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្តី តាមផ្លូវចិត្តក្តី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ។
វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។
ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាកាមិនទាន់កាត់ទោសជា ស្ថាពរ។
ជនគ្រប់រូប មានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ។
មាត្រា ៣៩
ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហារ ប្តឹងតវ៉ា ឬប្តឹងទារសំណងជួសជុលការខូចខាតដែលបណ្តាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋរបស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ។ ការដោះស្រាយបណ្តឹងតវ៉ា និងសំណងជួលជុលការខូចខាតជាសមត្ថកិច្ចរបស់តុលាការ។
មាត្រា ៤០
សេរីភាពក្នុងការដើរឆ្ងាយជិត និងតាំងទីលំនៅក្នុងស្ថានភាពស្របច្បាប់របស់ប្រជាពលរដ្ឋ ត្រូវបានគោរព។
ប្រជាពលរដ្ឋខ្មែរអាចចេញទៅតាំងទីលំនៅ នៅប្រទេសក្រៅ ឬវិលត្រឡប់មកវិញបាន។
ការរក្សាសិទ្ធិមិនឱ្យរំលោភលើលំនៅឋាន និងអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមន៍ និងតាមទូរស័ព្ទ ត្រូវបានធានា។
ការឆែកឆេរលំនៅឋាន សម្ភារៈវត្ថុ និងលើរូបបុគ្គល ត្រូវធ្វើឱ្យស្របនឹងបញ្ញត្តិច្បាប់។
មាត្រា ៤១
ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួនសេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយការរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។
របបសារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់។
មាត្រា ៤២ ថ្មី
ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។
គណបក្សនយោបាយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តីនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។
ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការ មហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្តាប់ធ្នាប់សង្គម។
មាត្រា ៤៣
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ។
សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងល័ក្ខខ័ណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀតដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។
ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
មាត្រា ៤៤
ជនណាក៏ដោយ ទោះជាបុគ្គលក្តី ជាសមូហភាពក្តី មានសិទ្ធិ ជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។
កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅក្រោមការគាំពារនៃច្បាប់។ ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឱ្យធ្វើក្នុងករណីដែលច្បាប់បានបញ្ញតិ្តទុក ហើយត្រូវផ្តល់សំណងជាមុន ដោយសមរម្យ និងយុត្តិធម៌។
មាត្រា ៤៥
ការរើសអើងគ្រប់ប្រភេទ ប្រឆាំងនឹងស្រ្តីភេទ ត្រូវបានបំបាត់ចោល។
ការធ្វើអាជីវកម្មលើការងាររបស់ស្រ្តី ត្រូវហាមឃាត់។
បុរសនិងស្រ្តីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងក្នុងគ្រួសារ។
អាពាហ៍ពិពាហ៍ ត្រូវធ្វើតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់ និងតាមគោលការណ៍ស្ម័គ្រចិត្ត ប្តីមួយប្រពន្ធមួយ។
មាត្រា ៤៦
អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវបានហាមឃាត់។
ត្រូវហាមឃាត់មិនឱ្យមានការបញ្ឈប់នារីពីការងារ ដោយមូលហេតុមានគភ៌។ នារីមានសិទ្ធិឈប់សំរាកនៅពេលសំរាលកូនដោយទទួលប្រាក់បៀវត្ស និងដោយមានការធានារក្សាសិទ្ធិអតីតភាពក្នុងការងារ និងអត្ថប្រយោជន៍សង្គមផ្សេងៗទៀត។
រដ្ឋ និងសង្គមយកចិត្តទុកដាក់បង្កលក្ខណៈឱ្យនារី ជាពិសេសនារីនៅជនបទដែលគ្មានទីពឹង បានទទួលការឧបត្ថម្ភ ដើម្បីមានមុខរបរ មានលទ្ធភាពព្យាបាលជំងឺ ឱ្យកូនទៅរៀន និងមានជីវភាពរស់នៅសមរម្យ។
មាត្រា ៤៧
មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សា និងអប់រំកូនឱ្យទៅជាពលរដ្ឋល្អ។
កូនមានករណីយកិច្ចចិញ្ចឹមនិងបីបាច់ថែរក្សាមាតាបិតា ដែលចាស់ជរា តាមទំនៀមទម្លាប់ខ្មែរ។
មាត្រា ៤៨
រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្តីពីកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារ ក្នុងស្ថានការណ៍មានសង្គា្រម និងការការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច ឬកាមគុណលើកុមារ។
រដ្ឋគាំពារប្រឆាំងនឹងការងារទាំងឡាយ ដែលអាចធ្វើឱ្យខូចដល់ ការអប់រំ និងការរៀនសូត្ររបស់កុមារ ឬដែលនាំឱ្យអន្តរាយដល់សុខភាព ឬសុខុមាលភាពរបស់កុមារ។
មាត្រា ៤៩ ថ្មី
ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។
ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តីនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។
ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។
កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់។
មាត្រា ៥០
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវគោរពគោលការណ៍ អធិបតេយ្យជាតិ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវគោរពទ្រព្យសម្បត្តិសាធារណៈ និងកម្មសិទ្ធិស្របច្បាប់របស់ឯកជន។
មាត្រា ៥១-ថ្មី
ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។
ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។
អំណាចទាំងអស់ជាប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួន តាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជំរះក្តី។
អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
មាត្រា ៥២
រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដីនៃព្រះរាជាណាចក្រ កម្ពុជា អនុវត្តនយោបាយ បង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ រក្សាការពារទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ រដ្ឋយកចិត្តទុកដាក់ជាអាទិភាព ចំពោះជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
មាត្រា ៥៣ ថ្មី
ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និង មិនចូលបក្ស សម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជា រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។
ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។
ព្រះរាជាណាចក្រកម្ពុជាប្រឆាំងដាច់ខាតការជ្រៀតជ្រែងពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះបីក្រោមរូបភាពណាក៏ដោយ។
ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនសមស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។
ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លូននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌ នៃសំណូមពររបស់អង្គការសហប្រជាជាតិ។
ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេស ជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួននិងធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។
មាត្រា ៥៤
ការផលិត ការប្រើប្រាស់ ការរក្សាទុកអាវុធបរមាណូ អាវុធគីមី ឬអាវុធវេត្រាណូ ត្រូវបានហាមឃាត់ដាច់ខាត។
មាត្រា ៥៥
សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីអព្យាក្រឹតភាពនិងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវលុបចោល។
មាត្រា ៥៦
ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។
ការរៀបចំ និងការប្រព្រឹត្តទៅនៃប្រព័ន្ធសេដ្ឋកិច្ចនេះនឹងមានកំណត់ក្នុងច្បាប់។
មាត្រា ៥៧
ការយកពន្ធដារនឹងអាចធ្វើទៅបាន លុះត្រាតែមានច្បាប់អនុញ្ញាត។ ថវិកាជាតិ ត្រូវបានកំណត់ឱ្យអនុវត្តតាមច្បាប់។
របបគ្រប់គ្រងរូបិយវត្ថុនិងប្រព័ន្ធហិរញ្ញវត្ថុត្រូវកំណត់ក្នុងច្បាប់។
មាត្រា ៥៨
ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស សំណង់ផ្សេងៗទៀត ដែលបានកំណត់ថាជារបស់រដ្ឋ។
ការគ្រប់គ្រង ការប្រើប្រាស់និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ នឹងត្រូវបានកំណត់ក្នុងច្បាប់។
មាត្រា ៥៩
រដ្ឋត្រូវរក្សាការពារបរិស្ថាន និងតុល្យភាព នៃភោគទ្រព្យធម្មជាតិ ហើយត្រូវចាត់ចែងឱ្យមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងមានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ភោគោត្តសាស្ត្រ ប្រព័ន្ធអេកូឡូស៊ី រ៉ែ ឋាមពល ប្រេងកាត និងឧស្ម័ន ថ្ម និងខ្សាច់ ត្បូងថ្ម ព្រៃឈើ និងអនុផលព្រៃឈើ ពពួកសត្វព្រៃ មច្ឆាជាតិ ធនធានជលផល។
មាត្រា ៦០
ពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរី។ ការតម្រូវឱ្យលក់ផលិតផលជូនរដ្ឋ ឬការយកភោគផល ឬទ្រព្យសម្បត្តិ ឯកជនទៅប្រើប្រាស់ ទោះបីមួយរយៈពេលក៏ដោយត្រូវហាមឃាត់ វៀរលែងតែក្នុងករណីពិសេស ដែលមានច្បាប់អនុញ្ញាត។
មាត្រា ៦១
រដ្ឋជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ចាប់ពីតំបន់ដាច់ស្រយាលដោយយកចិត្តទុកដាក់ទៅលើនយោបាយទឹក ភ្លើង ផ្លូវ និងមធ្យោបាយដឹកជញ្ជូន បច្ចេកទេសទំនើប និងប្រព័ន្ធឥណទាន។
មាត្រា ៦២
រដ្ឋយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិត ជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល។
មាត្រា ៦៣
រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ។
មាត្រា ៦៤
រដ្ឋហាមឃាត់ និងផ្តន្ទាទោសជាទម្ងន់ ដល់ជនណាដែលនាំចូលផលិត លក់ដូគ្រឿងញៀន ទំនិញក្លែងក្លាយ ហួសរយៈពេលប្រើ ដែលប៉ះពាល់ដល់សុខភាពអាយុជីវិតរបស់អ្នកប្រើ។
មាត្រា ៦៥
រដ្ឋត្រូវការពារ និងលើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលការអប់រំ ប្រកបដោយគុណភាពនៅគ្រប់កម្រិត និងត្រូវចាត់វិធានការគ្រប់បែបយ៉ាងជាជំហានៗ ដើម្បីឱ្យការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប។
រដ្ឋយកចិត្តទុកដាក់ដល់វិស័យអប់រំកាយ និងកីឡា ដែលជាសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
មាត្រា ៦៦
រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញនិងឯកភាពនៅទូទាំងប្រទេស ដែលធានាឱ្យបាននូវគោលការណ៍សេរីភាពខាងសិក្សាធិការ និងគោលការណ៍ សមភាពក្នុងការអប់រំ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូប មានភ័ព្វសំណាងគ្រប់គ្រាន់ស្មើគ្នាក្នុងការកសាងជីវិត។
មាត្រា ៦៧
រដ្ឋអនុវត្តកម្មវិធីសិក្សានិងគោលការណ៍គរុកោសល្យ ទំនើប រាប់បញ្ចូលទាំងបច្ចេកវិទ្យា និងភាសាបរទេស។
រដ្ឋគ្រប់គ្រងគ្រឹះស្ថានសិក្សា និងថ្នាក់សិក្សាសាធារណៈ និងឯកជន នៅគ្រប់ភូមិសិក្សា។
មាត្រា ៦៨
រដ្ឋផ្តល់កិច្ចការអប់រំផ្នែកបឋម និងមធ្យមសិក្សា នៅសាលារៀន សាធារណៈ សម្រាប់ប្រជាពលរដ្ឋគ្រប់រូបដោយឥតបង់ថ្លៃ។
ប្រជាពលរដ្ឋ ត្រូវបានទទួលការអប់រំយ៉ាងតិចប្រាំបួនឆ្នាំ។
រដ្ឋជួយផ្សព្វផ្សាយ និងលើកតំកើងសាលាបាលី និងពុទ្ធិកសិក្សា។
មាត្រា ៦៩
រដ្ឋមានកាតព្វកិច្ចថែរក្សា និងពង្រីកវប្បធម៌ជាតិ។
រដ្ឋមានកាតព្វកិច្ចការពារ និងពង្រីកភាសាខ្មែរឱ្យសមស្រប នឹងសេចក្តីត្រូវការ។
រដ្ឋមានកាតព្វកិច្ចថែរក្សា និងការពារប្រាសាទបុរាណ វត្ថុសិល្បៈបុរាណ និងកែលំអរមណីយដ្ឋានប្រវត្តិសាស្រ្តឡើងវិញ។
មាត្រា ៧០
បទល្មើសទាំងឡាយ ដែលប៉ះពាល់ ឬទាក់ទងនឹងបេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌសិល្បៈ ត្រូវផ្តន្ទាទោសជាទម្ងន់។
មាត្រា ៧១
បរិវេណបេតិកភណ្ឌជាតិ ក៏ដូចជាបេតិកភណ្ឌ ដែលបានបញ្ចូលជាបេតិកភណ្ឌពិភពលោក ត្រូវទុកជាតំបន់អព្យាក្រឹត ដែលមិនឱ្យមានសកម្មភាពយោធា។
មាត្រា៧២
សុខភាពរបស់ប្រជារាស្រ្តត្រូវបានធានា។ រដ្ឋយកចិត្តទុកដាក់ដល់ការការពារជំងឺ និងព្យាបាលជំងឺ។ ប្រជារាស្រ្តក្រីក្រត្រូវបានទទួលការពិនិត្យរោគដោយឥតបង់ថ្លៃនៅតាមមន្ទីពេទ្យ គិលានដ្ឋាន និងមន្ទីរសម្ភពសាធារណៈ។
រដ្ឋរៀបចំឱ្យមានគិលានដ្ឋាន និងមន្ទីរសម្ភពដល់ជនបទ។
មាត្រា ៧៣
រដ្ឋយកចិត្តទុកដាក់ចំពោះកុមារនិងមាតា។ រដ្ឋរៀបចំឱ្យមានទារកដ្ឋាន និងជួយឧបត្ថមនារីដែលមានកូនច្រើនក្នុងបន្ទុក ហើយឥតទីពឹង។
មាត្រា ៧៤
រដ្ឋជួយឧបត្ថមជនពិការ និងដល់គ្រួសារយុទ្ធជន ដែលបានបូជាជីវិតដើម្បីប្រទេសជាតិ។
មាត្រា ៧៥
រដ្ឋចាត់ចែងឱ្យមានរបបសន្តិសុខសង្គមដល់កម្មករ និងនិយោជិត។
មាត្រា៧៦ ថ្មី
រដ្ឋសភាមានសមាជិកតំណាងរាស្រ្តយ៉ាងតិច ១២០រូប។
តំណាងរាស្ត្រត្រូវជ្រើសតាំងដោយការបោះឆ្នោតសាជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។
តំណាងរាស្ត្រអាចឈរឈ្មោះបោះឆ្នោតជាថ្មីបាន។
អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច២៥ឆ្នាំ មានសញ្ជាតិជាខ្មែរតាំងពីកំណើត។
បែបបទនិងការប្រព្រឹត្តទៅនៃការបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់បោះឆ្នោត។
មាត្រា ៧៧
តំណាងរាស្រ្តក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។
អាណត្តិអាជ្ញាបញ្ជាទាំងឡាយ ត្រូវទុកជាមោឃៈ។
មាត្រា ៧៨
នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល១២ខែ។
ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្រ្តី និងបន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា។
ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មី នឹងប្រព្រឹត្តទៅក្នុងរយៈពេល៦០ថ្ងៃ យ៉ាងយូរ ចាប់តាំងពីថ្ងៃរំលាយរដ្ឋសភាមក។
ក្នុងរយៈកាលនេះ រាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ។
ក្នុងពេលមានសង្គ្រាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀតដែលមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើររបស់ព្រះមហាក្សត្រ។
ការប្រកាសបន្តនីតិកាលរបស់រដ្ឋសភា ត្រូវសម្រេចដោយមតិយល់ព្រម ពីរភាគបីយ៉ាងតិច នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
មាត្រា ៧៩
អាណត្តិនៃសមាជិករដ្ឋសភា មានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្ម និងជាមួយមុខងារជាសមាជិក នៃស្ថាប័នដទៃទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ វៀរលែងតែទៅបំពេញមុខងារក្នុងគណៈរដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល។
ក្នុងករណីនេះ សមាជិករដ្ឋសភារូបនោះមានឋានៈជាសមាជិករដ្ឋសភាធម្មតា ប៉ុន្តែមិនត្រូវមានមុខតំណែងអ្វីទាំងអស់ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ និងក្នុងគណៈកម្មការផ្សេងៗនៃរដ្ឋសភា។
មាត្រា ៨០
តំណាងរាស្រ្តមានអភ័យឯកសិទ្ធិសភា។
តំណាងរាស្រ្តរូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។
ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ ក្នុងករណីខាងក្រោយនេះក្រសួងមានសម្ថតកិច្ច ត្រូវធ្វើសេចក្តីរាយការណ៍ ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច។
សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបី នៃសមាជិករដ្ឋសភាទាំងមូល។
ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្រ្តណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
មាត្រា ៨១
រដ្ឋសភាមានថវិកាស្វយ័ត សម្រាប់ដំណើរការ។
តំណាងរាស្ត្រត្រូវទទូលប្រាក់បំណាច់។
មាត្រា ៨២-ថ្មី
រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមរយៈការកោះរបស់ព្រះមហាក្សត្រ។
មុនចាប់ផ្ដើមការងាររបស់ខ្លូន រដ្ឋសភាត្រូវប្រកាស សុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ ត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិក ទាំងអស់នៃគណៈកម្មាធិការនានារបស់រដ្ឋសភាដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកសភាទាំងមូល។
តំណាងរាស្ត្រទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី៥ នៃរដ្ឋមនុញ្ញ។
មាត្រា ៨៣
រដ្ឋសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។
សម័យប្រជុំនីមួយៗ មានថិរៈវេលាយ៉ាងតិចបីខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឬ សេចក្តីស្នើសុំពីនាយករដ្ឋមន្រ្តី ពីសមាជិករដ្ឋសភាចំនួនមួយភាគបីយ៉ាងតិច គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកោះប្រជុំរដ្ឋសភាជាវិសមញ្ញ។
ក្នុងករណីនេះ របៀបវិរៈជាក់លាក់នៃសម័យប្រជុំជាវិសាមញ្ញត្រូវផ្សាយដល់ប្រជារាស្ត្រជាមួយនឹងថ្ងៃកំណត់ប្រជុំ។
មាត្រា ៨៤
នៅចន្លោះសម័យប្រជុំរបស់រដ្ឋសភា គណៈកម្មាធិការអចិន្រ្តៃយ៍របស់រដ្ឋសភា ទទួលភារកិច្ចចាត់ចែងការងារ។
គណៈកម្មាធិការអចិន្រ្តៃយ៍របស់រដ្ឋសភារួមមាន៖ ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការទាំងអស់របស់រដ្ឋសភា។
មាត្រា ៨៥
សម័យប្រជុំរដ្ឋសភានឹងត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសាលប្រជុំរបស់រដ្ឋសភា លើកលែងតែមានការសម្រេចផ្សេង ចុះក្នុងលិខិតកោះប្រជុំដោយកាលៈទេសៈតម្រូវ។
ក្រៅពីករណីខាងលើ និងក្រៅពីកន្លែង និងកាលបរិច្ឆេទដែលកំណត់ក្នុងសេចក្តីអញ្ជើញ ការប្រជុំណាក៏ដោយរបស់រដ្ឋសភា ត្រូវទុកជាខុសច្បាប់ ហើយជាអាសាសូន្យពេញលក្ខណៈ។
មាត្រា ៨៦
ក្នុងកាលៈទេសៈដែលប្រទេសស្ថិតនៅក្នុងភាពមានអាសន្នរដ្ឋសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ រដ្ឋសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុ- ញ្ញាត។
បើរដ្ឋសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ ជាអាទិ៍នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដីការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។
នៅពេលដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រដ្ឋសភាមិនអាចត្រូវរំលាយបានឡើយ។
មាត្រា ៨៧
ប្រធានរដ្ឋសភាដឹកនាំអង្គប្រជុំរបស់រដ្ឋសភា ទទួលអាញ្ញត្តិច្បាប់ និងសេចក្ដីសម្រេចចិត្តទាំងឡាយដែលរដ្ឋសភាបានអនុម័ត រ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និងចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់រដ្ឋសភា។
ក្នុងករណីដែលប្រធានរដ្ឋសភាមានធុរៈមិនអាចបំពេញមុខងារបាន ដោយហេតុមកពីមានជំងឺ ឬបំពេញមុខងារជាប្រមុខរដ្ឋស្តីទី ឬជាព្រះរាជានុសិទ្ធិ ឫ បំពេញបេសកកម្មនៅបរទេស អនុប្រធានរដ្ឋសភាមួយរូបត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួស។
ក្នុងករណីដែលប្រធាន ឬអនុប្រធានរដ្ឋសភាលាលែងពីមុខតំណែង ឫទទួលអនិច្ចកម្ម រដ្ឋសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន ឬ អនុប្រធានថ្មី។
មាត្រា ៨៨-ថ្មី (ពីរ)
ការប្រជុំរដ្ឋសភាត្រូវធ្វើជាសាធារណៈ។
រដ្ឋសភាអាចប្រជុំជាសម្ងាត់បាន តាមការស្នើរសុំពីប្រធាន ឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ឬពីនាយករដ្ឋមន្រ្តី។
ការប្រជុំរដ្ឋសភា និងយកជាការបានលុះត្រាតែមាន៖
ក. កូរ៉ុមលើសពី ពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណា ដែលតម្រូវអោយយកមតិភាគច្រើន ពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ខ.កូរ៉ុមលើសពីពាក់កណ្ដាលនៃចំនួនសមាជិកសភាទាំងមូល សម្រាប់ការរអនុម័តទាំង ឡាយណា ដែលតម្រូវអោយយកមតិភាគច្រើន ដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
មាត្រា៨៩.
តាមការស្នើរសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើញឥស្សរជនដ៏ឧត្តមណាមួយមកបំភ្លឺរដ្ឋសភា អំពីបញ្ហាដែលមានសារៈសំខាន់ពិសេស។
មាត្រា ៩០- ថ្មី (ពីរ)
រដ្ឋសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន។
រដ្ឋសភាអនុម័តថវិការជាតិ ផែនការរដ្ឋ ការអោយរដ្ឋខ្ចីប្រាក់ពីគេ ការឱ្យរដ្ឋឱ្យប្រាកើគេខ្ចី ការសន្យានានាផ្នែកហិរញ្ញវត្ថុ និង ការបង្កើត កែប្រែ ឬ លុបចោលពន្ធដារ។
រដ្ឋសភាឱ្យសេចក្តីយល់ព្រមចំពោះគណនីរដ្ឋបាល។
រដ្ឋសភាអនុម័តច្បាប់ស្តីពីការលើកលែងទោសជាទូទៅ។
រដ្ឋសភាអនុម័តយល់ព្រម ឬ លុបចោលសន្ធិសញ្ញា ឬ អនុសញ្ញាអន្តរជាតិ។
រដ្ឋសភាអនុម័តច្បាប់ស្តីពីការប្រកាសសង្រ្គាម។
ការអនុម័តខាងលើនេះប្រព្រឹត្តដោយមានមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល តាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
មាត្រា ៩១-ថ្មី
សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងនាយករដ្ឋមន្រ្តីមានសិទ្ធផ្តួចផ្តើមគំនិតធ្វើច្បាប់។
តំណាងរាស្ត្រមានសិទ្ធស្នើរធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែសំណើនេះមិនអាចទទួលយកបានទេបើវិសោធនកម្មនោះសំដៅបន្ថយប្រាក់ចំណូលសាធារណៈ ឬបន្ថែមបន្ទុកលើប្រជាពលរដ្ឋ។
មាត្រា ៩២
ការអនុម័តទាំងឡាយរបស់រដ្ឋសភា ដែលផ្ទុយនឹងគោលការណ៍រក្សាការពារ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឱ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិនឹងត្រូវចាត់ទុកជាអាសាសូន្យ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយគត់ដែលមានសមត្ថកិច្ចសម្រេចពីមោឃភាពនេះ។
មាត្រា ៩៣-ថ្មី
ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ ហើយត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេលដប់ថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ និងនៅទូទាំងប្រទេសក្នុងរយៈពេលម្ភៃថ្ងៃគត់ក្រោយពីថ្ងៃប្រកាសឱ្យប្រើ។ ប៉ុន្តែបើច្បាប់នេះបានចែងជាការប្រញាប់ ច្បាប់នេះត្រូវចូលជាធរមានភ្លាមនៅទូទាំងប្រទេស ក្រោយថ្ងៃប្រកាសឱ្យប្រើ។
ច្បាប់ដែលព្រះមហាក្សត្រទ្រង់បានឡាយព្រះហត្តលេខាប្រកាសឱ្យប្រើ ត្រូវចុះក្នុងរាជកិច្ច និងផ្សព្វផ្សាយនៅទូទាំងប្រទេសឱ្យទាន់តាមពេលកំណត់ខាងលើ។
មាត្រា ៩៤
រដ្ឋសភាបង្កើតគណៈកម្មការផ្សេងៗ ដែលចាំបាច់។ ការរៀបចំ និងការប្រព្រឹត្តទៅនៃរដ្ឋសភា នឹងមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
មាត្រា ៩៥
ក្នុងករណីមានសមាជិករដ្ឋសភាទទួលអនិច្ចកម្ម លាលែង ឬ ប្រាសចាកសមាជិកភាព ដែលកើតមានឡើង៦ខែយ៉ាងតិចមុនចប់នីតិកាលត្រូវចាត់ការជ្រើសតាំងជំនួសសមាជិកនោះតាមល័ក្ខខ័ណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងក្នុងច្បាប់់បោះឆ្នោត។
មាត្រា ៩៦
តំណាងរាស្ត្រ មានសិទ្ធិដាក់សំណួរដល់រាជរដ្ឋភិបាល។ សំណួរនេះត្រូវសរសេរជាលាយ លក្ខណ៍អក្សរ ប្រគល់ជូនតាមរយៈប្រធានរដ្ឋសភា។
ចម្លើយអាចធ្វើឡើងដោយរដ្ឋមន្រ្តីមួយរូប ឬច្រើនរូបអាស្រ័យដោយមានបញ្ហាដែលបានចោទឡើងពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់រដ្ឋមន្រ្តីមួយរូប ឬច្រើនរូប។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រីត្រូវឆ្លើយផ្ទាល់ខ្លួន។
ចម្លើយរបស់រដ្ឋមន្រ្តី ឬរបស់នាយករដ្ឋមន្រ្តី អាចធ្វើដោយផ្ទាល់មាត់ ឬសរសេរជាលាយ លក្ខណ៍អក្សរ។
ចម្លើយខាងលើនេះ ត្រូវធ្វើឡើងក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីបានទទូលសំណួរ។
ចំពោះចម្លើយផ្ទាល់មាត់ប្រធានរដ្ឋសភាអាចសម្រេចបើកឱ្យមាន ឬមិនឱ្យមានការជជែកដេញដោល។ បើគ្មានការបើកឱ្យជជែកដេញដោលទេ នោះចម្លើយរបស់រដ្ឋមន្រ្តី ឬរបស់នាយករដ្ឋមន្ត្រី នឹងបញ្ចប់សំណួរតែម្តង។
បើមានការបើកឱ្យជជែកដេញដោល ម្ចាស់សំណួរ វាគ្មិនឯទៀតនិងរដ្ឋមន្រ្តីពាក់ព័ន្ធឬនាយករដ្ឋមន្រ្តី អាចជជែកប្តូរយោបល់ ក្នុងរយៈពេលដែលមិនអាចលើសពីមួយពេលប្រជុំឡើយ។
រដ្ឋសភាកំណត់ទុកពេលមួយថ្ងៃក្នុងមួយសប្តាហ៍ សម្រាប់ការឆ្លើយសំណួរ។
ទោះបីជាយ៉ាងណាក៏ដោយ សម័យប្រជុំសម្រាប់ឆ្លើយសំណួរខាងលើនេះ មិនអាចបើកលទ្ធភាពអោយមានការបោះឆ្នោតប្រភេទណាមួយបានឡើយ។
មាត្រា ៩៧
គណៈកម្មាធិការទាំងឡាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្រ្តីមកបំភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់់ខ្លួន។
មាត្រា ៩៨-ថ្មី
រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្រ្តី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង ដោយអនុម័តញ្ញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ញ្ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភាដោយដំណាងរាស្រ្តចំនួនសាមសិបនាក់ ទើបរដ្ឋសភាអាចលើកមកពិភាក្សាបាន។
មាត្រា ៩៩-ថ្មី
ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិបញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
ព្រឹទ្ធសភាមានចំនួនសមាជិកយ៉ាងច្រើន ស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
សមាជិកព្រឹទ្ធសភាត្រូវចាត់តាំងខ្លះនិងត្រូវជ្រើសតាំងដោយការបោះឆ្នោតដោយអសកលខ្លះ។
សមាជិកព្រឹទ្ធសភាអាចត្រូវបានចាត់តាំងនិងជ្រើសតាំងសាជាថ្មីបាន។ អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភា គឺជាប្រជាជនខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច៤០ឆ្នាំ មានសញ្ជាតិខ្មែរតាំងពីកំណើត។
មាត្រា ១០០-ថ្មី
សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។
សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។
រីឯសមាជិកព្រឹទ្ធសភាឯទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល។
មាត្រា ១០១-ថ្មី
ការរៀបចំ បែបបទនិងការប្រព្រឹត្តទៅនៃការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងការកំណត់អំពីអ្នកបោះឆ្នោត អង្គបោះឆ្នោត និងមណ្ឌលបោះឆ្នោត ត្រូវចែងក្នុងច្បាប់មួយ។
មាត្រា ១០២-ថ្មី
នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់ ៦ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលព្រឹទ្ធសភាថ្មីចូលកាន់តំណែង។
ក្នុងពេលមានសង្គ្រាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀតដែលមិនអាចធ្វើការបោះឆ្នោតកើត ព្រឹទ្ធសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើររបស់ព្រះមហាក្សត្រ។
ការប្រកាសបន្តនីតិកាលរបស់ព្រឹទ្ធសភាត្រូវសំរេចដោយមតិយល់ព្រម ពីរភាគបីយ៉ាងតិចនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ក្នុងកាលៈទេសៈដូចបានរៀបរាប់ខាងលើ ព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ ព្រឹទ្ធសភាមានសិទ្ធិសំរេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះកាលបើសភាពការណ៍អនុញ្ញាត។
បើព្រឹទ្ធសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ជាអាទិ៍នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។
មាត្រា ១០៣-ថ្មី
អាណត្តិនៃសមាជិកព្រឹទ្ធសភា មានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្ម ជាមួយមុខងារជាតំណាងរាស្ត្រ និងជាមួយមុខងារជាសមាជិកស្ថាប័នដទៃទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
មាត្រា ១០៤-ថ្មី
សមាជិកព្រឹទ្ធសភា មានអភ័យឯកសិទ្ធិសភា។
សមាជិកព្រឹទ្ធសភារូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួនឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួនសមាជិកណាមួយនៃព្រឹទ្ធសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីព្រឹទ្ធសភា ឬពីគណៈកម្មាធិការអចិន្រ្ដៃយ៍របស់ព្រឹទ្ធសភា ក្នុងចន្លោះសម័យប្រជុំនៃព្រឹទ្ធសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទ័ណ្ឌជាក់ស្តែង។ ក្នុងករណីចុងក្រោយនេះក្រសួងមានសមត្ថកិច្ច ត្រូវធ្វើសេចក្ដីរាយការណ៍ជូនព្រឹទ្ធសភាឬជូនគណៈកម្មាធិការអចិន្រ្ដៃយ៍របស់ព្រឹទ្ធសភាជាបន្ទាន់ដើម្បីសំរេច។
សេចក្ដីសំរេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍របស់ព្រឹទ្ធសភាត្រូវដាក់ជូនសម័យប្រជុំព្រឹទ្ធសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិកព្រឹទ្ធសភាទាំងមូល។
ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់សមាជិកព្រឹទ្ធសភាណាមួយត្រូវផ្អាក ប្រសិនបើព្រឹទ្ធសភាបានបញ្ចេញមតិឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួននៃសមាជិកព្រឹទ្ធសភាទាំងមូល។
មាត្រា ១០៥-ថ្មី
ព្រឹទ្ធសភាមានថវិកាស្វ័យតសំរាប់ដំណើរការ។
សមាជិកព្រឹទ្ធសភា ត្រូវទទួលប្រាក់បំណាច់។
មាត្រា ១០៦-ថ្មី (មួយ)
ព្រឹទ្ធសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។
មុនពេលចាប់ផ្តើមការងាររបស់ខ្លួន ព្រឹទ្ធសភាត្រូវប្រកាស សុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានព្រឹទ្ធសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់ព្រឹទ្ធសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី៧ នៃរដ្ឋធម្មនុញ្ញ។
មាត្រា ១០៧-ថ្មី
ព្រឹទ្ធសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។
សម័យប្រជុំនីមួយៗមានថិរៈវេលាយ៉ាងតិចបីខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឬសេចក្ដីស្នើសុំពីនាយករដ្ឋមន្រ្តី ឬពីសមាជិកព្រឹទ្ធសភា ចំនួនមូយភាគបីយ៉ាងតិច ព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ។
មាត្រា ១០៨-ថ្មី
នៅចន្លោះសម័យប្រជុំរបស់ព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាទទួលភារកិច្ចចាត់ចែងការងារ។
គណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភារួមមាន៖ ប្រធានព្រឹទ្ធសភា អនុប្រធានព្រឹទ្ធសភា និងប្រធានគណៈកម្មការទាំងអស់របស់ព្រឹទ្ធសភា។
មាត្រា ១០៩-ថ្មី
សម័យប្រជុំព្រឹទ្ធសភាត្រូវធ្វើឡើងនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជាក្នុងសាលប្រជុំរបស់ព្រឹទ្ធសភា លើកលែងតែមានការសំរេចផ្សេងចុះក្នុងលិខិតកោះប្រជុំដោយកាលៈទេសៈតម្រូវ។
ក្រៅពីករណីខាងលើនិងក្រៅពីកន្លែង និងកាលបរិច្ឆេទដែលកំណត់ក្នុងសេចក្ដីអញ្ជើញ ការប្រជុំណាក៏ដោយរបស់ព្រឹទ្ធសភាត្រូវទុកជាខុសច្បាប់ ហើយអសារសូន្យពេញលក្ខណៈ។
មាត្រា ១១០-ថ្មី
ប្រធានព្រឹទ្ធសភាដឹកនាំអង្គប្រជុំរបស់ព្រឹទ្ធសភា ទទួលអាញត្តិច្បាប់ និងសេចក្ដីសំរេចចិត្តទាំងឡាយដែលបានអនុម័ត រ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា និងចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់ព្រឹទ្ធសភា។
ក្នុងករណីដែលប្រធានព្រឹទ្ធសភាមានធុរៈមិនអាចបំពេញមុខងារបាន ដោយហេតុមកពីមានជម្ងឺ ឬបំពេញមុខងារជាប្រមុខរដ្ឋស្ដីទី ឬ ជាព្រះរាជានុសិទ្ធិឬបំពេញបេសកកម្មនៅបរទេស អនុប្រធានព្រឹទ្ធសភាមួយរូប ត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួស។
ក្នុងករណីដែលប្រធាន ឬអនុប្រធានព្រឹទ្ធសភាលាលែងពីមុខតំណែង ឬទទួលអនិច្ចកម្ម ព្រឹទ្ធសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន ឬ អនុប្រធានថ្មី។
មាត្រា ១១១-ថ្មី (ពីរ)
ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈ។
ព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់បានតាមការស្នើសុំពីប្រធាន ឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ពីនាយករដ្ឋមន្រ្តី ឬពីប្រធានរដ្ឋសភា។
ការប្រជុំព្រឹទ្ធសភានឹងយកជាការបាន លុះត្រាតែមាន៖
ក- កូរ៉ុមលើសពី ពីរភាគបី នៃសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណា ដែលតម្រូវឱ្យយកមតិភាគច្រើន ពីរភាគបី នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ខ- កូរ៉ុមលើសពីពាក់កណ្តាលនៃចំនួនព្រឹទ្ធសភាទាំងមូលសម្រាប់ ការអនុម័តទាំងឡាយណា ដែលតម្រូវអោយយកមតិភាគច្រើនដោយប្រៀប យកមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ចំនួនសំឡេងដែលតម្រូវសម្រាប់រដ្ឋសភាអនុម័តយល់ព្រមហើយដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមកប្រើសម្រាប់ព្រឹទ្ធសភាផងដែរ។
មាត្រា ១១២-ថ្មី
ព្រឹទ្ធសភាមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភានិងរដ្ឋាភិបាល។
មាត្រា ១១៣-ថ្មី
ព្រឹទ្ធសភាពិនិត្យ ហើយឱ្យយោបល់ក្នុងរយៈពេលមួយខែយ៉ាងយូរ លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ដែលរដ្ឋសភាបានអនុម័តយល់ព្រមលើកដំបូងរួចហើយ ព្រមទាំងលើបញ្ហាទាំងពួង ដែលរដ្ឋសភាបានដាក់ឱ្យពិនិត្យ។ បើជាការប្រញាប់ រយៈពេលនោះត្រូវបន្ថយមកនៅត្រឹមតែប្រាំថ្ងៃ។
បើព្រឹទ្ធសភាបានឱ្យយោបល់យល់ព្រម ឬពុំបានឱ្យយោបល់សោះក្នុងរយៈពេលដែលមានកំណត់ទុកហើយនោះទេ ច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ។
បើព្រឹទ្ធសភាសុំឱ្យកែសំរួលសេចក្តីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់នោះ រដ្ឋសភាត្រូវយកមកពិចារណាភ្លាមជាលើទីពីរ។ រដ្ឋសភាត្រូវពិនិត្យ និងសំរេចតែត្រង់បទប្បញ្ញត្តិ ឬចំណុចណាដែលព្រឹទ្ធសភា សុំឱ្យកែសំរួល ដោយបដិសេធចោលទាំងមូល ឬទុកជាបានការខ្លះ។
ការបង្វិលទៅបង្វិលមករវាងព្រឹទ្ធសភា និងរដ្ឋសភា ត្រូវធ្វើតែក្នុងរយៈពេលមួយខែ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹមដប់ថ្ងៃ បើត្រូវពិនិត្យសំរេចពីថវិកាជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែពីរថ្ងៃបើជាការប្រញាប់។
បើរដ្ឋសភាទុកឱ្យហួសកំណត់រយៈពេលកំណត់ ឬពន្យាពេលដែលកំណត់ទុកសំរាប់ពិនិត្យនោះ រយៈពេលជាគោលការណ៍សំរាប់រដ្ឋសភា និងព្រឹទ្ធសភាត្រូវបន្ថែមឱ្យស្មើគ្នាដែរ។
បើព្រឹទ្ធសភាបដិសេធសេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់នោះជាអសារបង់ រដ្ឋសភាមិនអាចនឹងយកមកពិចារណាជាលើកទីពីរបាន មុនរយៈពេលមួយខែទេ។ រយៈពេលនេះត្រូវបន្ថយមកត្រឹមដប់ប្រាំថ្ងៃ បើពិនិត្យពីថវិកាជាតិ និង ហិរញ្ញវត្ថុ ហើយមកត្រឹមតែបួនថ្ងៃ បើជាការប្រញាប់។
ក្នុងការពិនិត្យសេចក្ដីព្រៀងច្បាប់ ឬសេចក្ដីស្នើច្បាប់ជាលើកទី២នេះ រដ្ឋសភាត្រូវអនុម័តដោយវិធីបោះឆ្នោតចំហ និងយកតាមមតិភាគច្រើនដាច់ខាត។
សេចក្តីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់ណាដែលបានសំរេចដូចខាងលើនេះហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ។
មាត្រា ១១៤-ថ្មី (មួយ)
ព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗដែលចាំបាច់។ ការរៀបចំ និងការប្រព្រឹត្តទៅនៃព្រឹទ្ធសភានឹងកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា។ បទបញ្ជាផ្ទៃក្នុងនេះ ត្រូវអនុម័តយល់ព្រមដោយសំឡេងភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
មាត្រា ១១៥-ថ្មី
ក្នុងករណីមានសមាជិកព្រឹទ្ធសភាទទួលអនិច្ចកម្ម លាលែងឬប្រាសចាកសមាជិកភាព ដែលកើតមានឡើងប្រាំមួយខែ យ៉ាងតិចមុនចប់នីតិកាល ត្រូវចាត់តាំង ឬជ្រើសតាំងជំនួសសមាជិកនោះ តាមល័ក្ខខ័ណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងនៃព្រឹទ្ធសភា និងក្នុងច្បាប់ ស្តីពីការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
មាត្រា ១១៦-ថ្មី
ក្នុងករណីចាំបាច់ រដ្ឋសភា និងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជដើម្បីដោះស្រាយបញ្ហា សំខាន់ៗរបស់ប្រទេសជាតិ។
មាត្រា ១១៧-ថ្មី
បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ដូចមានចែងក្នុងមាត្រា១១៦ថ្មី ខាងលើ ព្រមទាំងមានការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជ នឹងត្រូវកំណត់ក្នុងច្បាប់មួយ។
មាត្រា ១១៨-ថ្មី (មួយ)
គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា។
គណៈរដ្ឋមន្រ្តី ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី និងរដ្ឋមន្រ្តី ជាសមាជិក។
មាត្រា ១១៩-ថ្មី (មាត្រ១០០ចាស់)
តាមសេចក្ដីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោត ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវបានចាត់តាំងនេះនាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីទាំងមូល។
មុនចូលកាន់តំណែង គណៈរដ្ឋមន្ត្រី ត្រូវធ្វើសច្ចាប្រណិធានដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធ ៦។
មាត្រា ១២០-ថ្មី (មាត្រា១០១ចាស់)
មុខងារនៃសមាជិករាជរដ្ឋាភិបាល មានវិសមិតភាព និងសកម្មភាពខាងវិជ្ជាជីវៈ ផ្នែកពាណិជ្ជកម្មឬឧស្សាហកម្ម ហើយនិងការកាន់តំណែងណាមួយក្នុងមុខងារសាធារណៈ។
មាត្រា ១២១-ថ្មី (មាត្រា ១០២ ចាស់)
សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នាចំពោះរដ្ឋសភា អំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល។
សមាជិកមួយរូបៗ នៃរាជរដ្ឋាភិបាលទទួលខុសត្រូវរៀងខ្លួនចំពោះនាយករដ្ឋមន្រ្តី និងចំពោះរដ្ឋសភា អំពីការដែលខ្លួនបានប្រព្រឹត្ត។
មាត្រា ១២២-ថ្មី (មាត្រា ១០៣ ចាស់)
សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលមិនអាចយកសំអាងនៃសេចក្តីបង្គាប់ ដោយលាយលក្ខណ៍អក្សរ ឬ ដោយវាចាអំពីនរណាមួយដើម្បីដោះសាឱ្យរួចខ្លួនពីការទទួលខុសត្រូវរបស់ខ្លួនបានឡើយ។
មាត្រា ១២៣-ថ្មី (មាត្រា ១០៤ចាស់)
គណៈរដ្ឋមន្រ្តី ត្រូវប្រជុំរាល់សប្តាហ៍ ជាប្រជុំធំ ឬជាប្រជុំពិនិត្យស្រាជ្រាវ។
អង្គប្រជុំធំត្រូវដឹកនាំដោយនាយករដ្ឋមន្រ្តី។ នាយករដ្ឋមន្រ្តីអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្រ្តីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន។
កំណត់ហេតុនៃអង្គប្រជុំទាំងអស់របស់គណៈរដ្ឋមន្រ្តី ត្រូវផ្ញើថ្វាយព្រះមហាក្សត្រទ្រង់ជ្រាប។
មាត្រា ១២៤-ថ្មី (មាត្រា ១០៥ ចាស់)
នាយករដ្ឋមន្ត្រីអាចរំលែកអំណាចរបស់ខ្លួនឱ្យទៅឧបនាយករដ្ឋមន្រ្តី ឬសមាជិកណាមួយនៃរាជរដ្ឋាភិបាលបាន។
មាត្រា ១២៥-ថ្មី (មាត្រា ១០៦ ចាស់)
បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្ត្រីមួយជាថ្មី ក្នុងល័ក្ខខ័ណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ បើការទំនេរនេះ ជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្រ្តីស្តីទីជាបណ្តោះអាសន្ន។
មាត្រា ១២៦-ថ្មី (មាត្រា ១០៧ ចាស់)
សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាល ត្រូវទទួលទណ្ឌកម្ម ពីបទឧក្រិដ្ឋ ឬបទមជ្ឈឹម ដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញការងាររបស់ខ្លួន។
ក្នុងករណីនេះ និងក្នុងករណីធ្វើខុសជាទម្ងន់ក្នុងការបំពេញការងាររបស់ខ្លូន រដ្ឋសភាអាចសម្រេចចិត្តប្ដឹងទៅតុលាការមានសមត្ថកិច្ច។
រដ្ឋសភាសម្រេចក្នុងរឿងនេះ ដោយវិធីបោះឆ្នោតជាសម្ងាត់តាមមតិភាគច្រើន ដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល។
មាត្រា ១២៧-ថ្មី (មាត្រា ១០៨ ចាស់)
ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្រ្តី នឹងត្រូវកំណត់ក្នុងច្បាប់មួយ។
មាត្រា ១២៨-ថ្មី (មាត្រា ១០៩ ចាស់)
អំណាចតុលាការជាអំណាចឯករាជ្យ។
អំណាចតុលាការធានារក្សាអនាគតិនិងការពារសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ។
អំណាចតុលាការគ្របដណ្ដប់ទៅលើរឿងក្តីទាំងអស់ រួមទាំងរឿងក្ដីរដ្ឋបាលផង។
អំណាចនេះ ត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជំរះក្ដីគ្រប់ផ្នែកនិងគ្រប់ជាន់ថ្នាក់។
មាត្រា ១២៩-ថ្មី (មាត្រា ១១០ ចាស់)
ការជំរះក្ដីផ្តល់យុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជារាស្ត្រខ្មែរ តាមនីតិវិធីនិងច្បាប់ជាធរមាន។
មានតែចៅក្រមទេដែលមានសិទ្ធិជំរះក្តី។ ចៅក្រមត្រូវបំពេញភារកិច្ចនេះ ដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងឱ្យអស់ពីដួងចិត្តនិងសម្បជញ្ញៈរបស់ខ្លូន។
មាត្រា ១៣០-ថ្មី (មាត្រា ១១១ ចាស់)
គ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្តិ ឬនីតិប្រតិបត្តិអាចទទួលអំណាចតុលាការអ្វីបានឡើយ។
មាត្រា ១៣១-ថ្មី (មាត្រា ១១២ ចាស់)
មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្ដឹងអាជ្ញា។
មាត្រា ១៣២-ថ្មី (មាត្រា ១១៣ ចាស់)
ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ។ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ។
មាត្រា ១៣៣-ថ្មី (មាត្រា ១១៤ ចាស់)
ចៅក្រមមិនអាចត្រូវគេដកពីមុខងារបានទេ។ ប៉ុន្តែឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សំរេចដាក់វិន័យលើចៅក្រម ដែលបានប្រព្រឹត្តខុស។
មាត្រា ១៣៤-ថ្មី (មាត្រា១១៥ចាស់)
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនឹងត្រូវបង្កើតដោយច្បាប់រៀបចំអង្គការមួយដែលនឹងកំណត់សមាសភាព និងមុខងារ។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមស្ថិតក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ។ ព្រះមហាក្សត្រ ព្រះអង្គទ្រង់អាចចាត់តាំងព្រះរាជតំណាងម្នាក់របស់ព្រះអង្គឱ្យធ្វើជាអធិបតី នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះ។
ឧត្តមប្រឹក្សានៃអង្គចៅក្រមលើកសេចក្ដីស្នើថ្វាយព្រះមហាក្សត្រ អំពីការតែងតាំងចៅក្រម និងព្រះរាជអាជ្ញាអមសាលាជំរះក្តីទាំងអស់។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងមុខការដាក់វិន័យ ចំពោះចៅក្រម និងព្រះរាជអាជ្ញាត្រូវប្រជុំក្រោមអធិបតីភាពនៃប្រធានតុលាការកំពូល ឬអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល អាស្រ័យដោយករណីទាក់ទងនឹងចៅក្រម ឬព្រះរាជអាជ្ញា។
មាត្រា ១៣៥-ថ្មី (មាត្រា ១១៦ ចាស់)
លក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងការរៀបចំអង្គការតុលាការ នឹងត្រូវកំណត់ក្នុងច្បាប់ដោយឡែកពីគ្នា។
មាត្រា ១៣៦-ថ្មី
ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារ ការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ។
ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យនិងសំរេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
មាត្រា ១៣៧-ថ្មី (មាត្រា ១១៨ ចាស់)
ក្រុមប្រឹក្សាធម្មនុញ្ញ មានសមាជិកប្រាំបួនរូប ដែលទទួលអាណត្តិប្រាំបួនឆ្នាំ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយភាគបី ត្រូវផ្លាស់ថ្មីក្នុងរយៈពេលបីឆ្នាំម្តង បីឆ្នាំម្តង។ សមាជិកបីរូប ត្រូវតែងតាំងដោយព្រះមហាក្សត្រ បីរូបជ្រើសតាំងដោយរដ្ឋសភា ហើយបីរូបទៀតត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ ប្រធានមានសំឡេងឧត្តមានុភាព ក្នុងករណីបែកសំឡេងជាពីរស្មើគ្នា។
មាត្រា ១៣៨-ថ្មី (មាត្រា ១១៩ ចាស់)
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវជ្រើសរើសក្នុងចំណោមឥស្សរជន ដែលមានសញ្ញាប័ត្រចាប់ពីឧត្តមសិក្សាទៅខាងច្បាប់ ខាងរដ្ឋបាល ខាងការទូត ឬខាងសេដ្ឋកិច្ច ហើយមានពិសោធន៍ច្រើនក្នុងការងារ។
មាត្រា ១៣៩-ថ្មី
មុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានវិសមិតភាពនឹងមុខងារសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល ចៅក្រមក្នុងតំណែងការកាន់តំណែងណាមួយក្នុងមុខងារសាធារណៈ ប្រធាន ឬអនុប្រធាន គណបក្សនយោបាយ ប្រធាន ឬអនុប្រធានសហជីព។
មាត្រា ១៤០-ថ្មី
ព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា តំណាងរាស្ត្រ ចំនួនមួយភាគដប់ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភា ចំនួនមួយភាគបួន អាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម័តទៅឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមុននឹងច្បាប់នោះត្រូវប្រកាសឱ្យប្រើ។
បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងច្បាប់រៀបចំអង្គការទាំងឡាយ ត្រូវតែបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យមុននឹងប្រកាសឱ្យប្រើ។ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវសំរេចក្នុងរយៈពេលសាមសិប(៣០)ថ្ងៃ យ៉ាងយូរថាតើច្បាប់ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាខាងលើស្រប ឬមិនស្របនឹងរដ្ឋធម្មនុញ្ញ។
មាត្រា ១៤១-ថ្មី
ក្រោយពីច្បាប់ណាមួយត្រូវបានប្រកាសឱ្យប្រើ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន តំណាងរាស្ត្រចំនួនមួយភាគដប់ ឬ តុលាការ អាចសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាពនៃច្បាប់នោះ។
ប្រជារាស្រ្តមានសិទ្ធិប្តឹងអំពីធម្មនុញ្ញភាព នៃច្បាប់បានតាមរយៈ តំណាងរាស្ត្រ ឬប្រធានរដ្ឋសភា ឬសមាជិកព្រឹទ្ធសភា ឬប្រធានព្រឹទ្ធសភា ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ។
មាត្រា ១៤២-ថ្មី (មាត្រា១២៣ចាស់)
បទប្បញ្ញត្តិក្នុងមាត្រាណាដែលក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសថាមិនស្របនឹងរដ្ឋធម្មនុញ្ញមិនអាចយកទៅប្រកាសឱ្យប្រើ ឬយកទៅអនុវត្តបានឡើយ។
សេចក្តីសំរេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសំរេចបិទផ្លូវតវ៉ា។
មាត្រា ១៤៣-ថ្មី (មាត្រា ១២៤ ចាស់)
ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះសេចក្ដីស្នើទាំងឡាយ ដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ។
មាត្រា ១៤៤-ថ្មី (មាត្រា១២៥ ចាស់)
ច្បាប់រៀបចំអង្គការមួយ នឹងកំណត់ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។
មាត្រា ១៤៥-ថ្មី (មួយ)
ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចែកជា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
មាត្រា ១៤៦-ថ្មី (មួយ)
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវគ្រប់គ្រងតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់រៀបចំអង្គការ។
មាត្រា ១៤៧-ថ្មី (មាត្រា១២៨ ចាស់)
សមាជជាតិបើកឱ្យប្រជារាស្ត្រជ្រាបដោយផ្ទាល់ អំពីកិច្ចការផ្សេងៗ ដែលជាប្រយោជន៍ជាតិ និងលើកបញ្ហា និងសំណូមពរ ជូនរដ្ឋអំណាចដោះស្រាយ។
ប្រជារាស្ត្រខ្មែរទាំងពីរភេទ មានសិទ្ធិទៅចូលរួមក្នុងសមាជជាតិ។
មាត្រា ១៤៨-ថ្មី (មាត្រា ១២៩ ចាស់)
សមាជជាតិប្រជុំមួយដងក្នុងមួយឆ្នាំ នៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្រ្តី។
សមាជជាតិ ប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាព នៃព្រះមហាក្សត្រ។
មាត្រា ១៤៩-ថ្មី
សមាជជាតិអនុម័តសំណូមពរជូនព្រឹទ្ធសភា ជូនរដ្ឋសភា និង ជូនរដ្ឋអំណាចពិចារណា។
ការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជាតិ នឹងត្រូវកំណត់ក្នុងច្បាប់មួយ។
មាត្រា ១៥០-ថ្មី (ពីរ)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាអង្គការដែលមានសមត្ថកិច្ចរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រមទាំងការបោះឆ្នោតផ្សេងទៀត តាមការកំណត់នៃច្បាប់។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយ ឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាបគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
មុខងារជាសមាជិកគណៈកម្មាការជាតិរៀបចំការបោះឆ្នោត មានវិសមិតភាពជាមួយការបំពេញមុខតំណែងក្នុងមុខងារសាធារណៈ និងជាមួយមុខងារជាសមាជិកនៃស្ថាប័នដទៃទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអាចធ្វើជាសមាជិកនៃ គណៈបក្សនយោបាយ ឬធ្វើជាអ្នកដឹកនាំនៃអង្គការមិនមែនរដ្ឋាភិបាល សមាគម សហជីព ឬក្រុមហ៊ុនពាណិជ្ជកម្មណាមួយបានឡើយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានថវិកាស្វយ័តសម្រាប់ដំណើរការ។
មាត្រា ១៥១-ថ្មី(ពីរ)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសមាសភាពប្រាំបួនរូបដែលទទួលអាណត្តិប្រាំឆ្នាំ។ សមាសភាពបួនរូប ត្រូវជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល បួនរូបត្រូវជ្រើសរើសដោយគណបក្សមានអាសនៈក្នុងរដ្ឋសភាដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល និងមួយរូបត្រូវជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំងអស់ដែលមានអាសនៈក្នុងរដ្ឋសភា។
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ត្រូវដំណើរការរៀបចំឱ្យមានការជ្រើសរើសដោយបើកចំហ និងតម្លាភាព នូវសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា រៀបចំ បញ្ជីសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដាក់ជូនរដ្ឋសភាដើម្បីបោះឆ្នោតទុកចិត្តតាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែងតាំងដោយព្រះរាជក្រឹត្យ។
ក្នុងករណីសមាជិកណាមួយនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាត់បង់សមាជិកភាពរបស់ខ្លូន គណៈកម្មាធិការអចិន្រ្ដៃយ៍រដ្ឋសភាត្រូវចាត់ នីតិវិធីជ្រើសរើស សមាសភាពថ្មីជំនួស ក្នុងរយះពេលយ៉ាងយូរ១៥ថ្ងៃ គិតពីថ្ងៃបាត់បង់សមាជិកភាព។នីតិវិធីលំអិតនៃការជ្រើសរើសសមាសភាពថ្មីជំនួសត្រូវកំណត់ដោយឡែកក្នុងច្បាប់។
ក្នុងករណីដែលខកខានមិនបានរៀបចំសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានស្រាប់ ត្រូវអនុវត្តការងាររបស់ខ្លួនបន្តទៀត និងមានសមត្ថកិច្ចដើម្បីចាត់ចែងរៀបចំការបោះឆ្នោតតាមច្បាប់។
ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងត្រូវកំណត់ក្នុងច្បាប់មួយ។
មាត្រា ១៥២-ថ្មី (ពីរ មាត្រា ១៥០ ថ្មី)
រដ្ឋធម្មនុញ្ញនេះជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។
ច្បាប់ និងសេចក្ដីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
មាត្រា ១៥៣-ថ្មី (ពីរ មាត្រា១៥១ ថ្មី)
ការផ្តើមគំនិតសើរើ ឬការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្រ្ដី និងរបស់ប្រធានរដ្ឋសភាតាមសេចក្តីស្នើរបស់តំណាងរាស្ត្រមួយភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយរដ្ឋសភា តាមមតិភាគច្រើនពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
មាត្រា ១៥៤-ថ្មី (ពីរ មាត្រា១៥២ ថ្មី)
ការសើរើ ឬវិសោធនកម្មរដ្ឋម្មនុញ្ញ ត្រូវហាមឃាត់មិនឱ្យធ្វើនៅពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដូចមានចែងក្នុងមាត្រា៨៦។
មាត្រា ១៥៥-ថ្មី (ពីរ មាត្រា ១៥៣ ថ្មី)
ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញមិនអាចធ្វើបានឡើយកាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ។
មាត្រា ១៥៦-ថ្មី (ពីរ មាត្រា១៥៤ ថ្មី)
រដ្ឋធម្មនុញ្ញនេះ ក្រោយពីបានទទួលការអនុម័ត ត្រូវបានប្រកាសឱ្យចូលជាធរមានភ្លាម ដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ១៥៧-ថ្មី (ពីរ មាត្រា១៥៥ ថ្មី)
ក្រោយពេលរដ្ឋធម្មនុញ្ញនេះចូលជាធរមាន សភាធម្មនុញ្ញត្រូវក្លាយទៅជារដ្ឋសភា។
បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាត្រូវចូលជាធរមាន ក្រោយទទួលបានការអនុម័តពីរដ្ឋសភា។
ក្នុងករណីដែលរដ្ឋសភាមិនទាន់ចាប់ដំណើរការបាន ប្រធាន អនុប្រធានទីមួយ និងអនុប្រធានទីពីរ នៃសភាធម្មនុញ្ញនឹងចូលរួមបំពេញភារកិច្ចក្នុងក្រុមប្រឹក្សារាជសម្បត្តិ បើសភាពការណ៍ក្នុងប្រទេសទាមទារ។
មាត្រា ១៥៨-ថ្មី (ពីរ មាត្រា ១៥៦ ថ្មី)
ក្រោយរដ្ឋធម្មនុញ្ញនេះចូលជាធរមាន ព្រះមហាក្សត្រជ្រើសតាំងតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងមាត្រា១៣ថ្មី និង ១៤។
មាត្រា ១៥៩-ថ្មី (ពីរ មាត្រា១៥៧ ថ្មី)
នីតិកាលទី១ នៃព្រឹទ្ធសភាមានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង។
សម្រាប់នីតិកាលទី១នៃព្រឹទ្ធសភា៖
- សមាជិកព្រឹទ្ធសភាមានចំនួនសរុបហុកសិបមួយរូប។
- ព្រះមហាក្សត្រទ្រង់តែងតាំងសមាជិកព្រឹទ្ធសភាពីររូបព្រមទាំងប្រធាន អនុប្រធានទី១ អនុប្រធានទី២ នៃព្រឹទ្ធសភា។
- សមាជិកដទៃទៀតនៃព្រឹទ្ធសភាពត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមសំណើរបស់ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាក្នុងចំណោមសមាជិក នៃគណបក្សដែលមានអាសនៈ នៅក្នុងរដ្ឋសភា។
- កិច្ចប្រជុំជាសមាជរដ្ឋសភា និងព្រឹទ្ធសភា ត្រូវដឹកនាំដោយសហប្រធាន។
មាត្រា ១៦០-ថ្មី (ពីរ មាត្រា១៥៨ ថ្មី)
ច្បាប់ និងលិខិតបទដ្ឋានទាំងអស់នៅកម្ពុជាដែលធានាការពារបាននូវទ្រព្យសម្បត្តិរដ្ឋ សិទ្ធិសេរីភាព និងទ្រព្យសម្បត្តិត្រឹមត្រូវតាមច្បាប់របស់បុគ្គល និងដែលសមស្របនឹងប្រយោជន៍ជាតិត្រូវមានអានុភាពអនុវត្តបន្តទៅមុខទៀត រហូតដល់មានអត្ថបទថ្មីមកកែប្រែ ឬលុបចោល លើកលែងតែបទប្បញ្ញត្តិណា ដែលផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញនេះ។
២. ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
ច្បាប់ធម្មនុញ្ញនេះ មានគោលដៅធានាក្នុងគ្រប់កាលៈទេសៈនូវដំណើរការល្អប្រសើរនៃស្ថាប័នជាតិ ដោយគោរពទៅតាមគោលការណ៍ជាមូលដ្ឋាន នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សមស្របទៅតាមតំរូវការនៃភាពចាំបាច់។
នៅដើមនីតិកាលថ្មីនីមួយៗរដ្ឋសភា ក្រោមអធិបតីភាពព្រឹទ្ធសមាជិករដ្ឋសភា មុននឹងផ្តើមការងាររបស់ខ្លូន និងក្រោយពេលសម្រេច អំពីសុពលភាពនៃអាណត្តិរបស់សមាជិកម្នាក់ៗ អាចចាប់ផ្តើមអនុម័តអត្ថបទដែលមានចារិកជារដ្ឋធម្មនុញ្ញ ឬច្បាប់ ដើម្បីអនុវត្តបាននូវគោលដៅដូចមានចែងក្នុងមាត្រា១។
អត្ថបទទាំងនេះ ក្រោយពីបានត្រូវទទួលការបោះឆ្នោតអនុម័តដោយរដ្ឋសភារួចហើយ ត្រូវតែបានទទួលជាបន្ទាន់នូវចំណាត់ការ ដោយរួសរាន់ពីសំណាក់ព្រឹទ្ធសមាជិករដ្ឋសភា តាមនីតិវិធីកំណត់សម្រាប់អត្ថបទទាំងនោះ រហូតដល់ពេលដែលត្រូវបានប្រកាសឱ្យចូលជាធរមាន។
ក្នុងករណីដែលឃើញថា នីតិវិធីនៃមាត្រា៨២ និង១៩៩ថ្មីនៃ រដ្ឋធម្មនុញ្ញមិនធាចសម្រេចបាន រដ្ឋសភា តាមសំណើរបស់គណបក្ស ដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ធានាដំណើរការ ការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការ ក្នុងពេលជាមួយនឹង ការផ្តល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
ការរៀបចំបញ្ជីរាយនាមបេក្ខជន ដើម្បីបោះឆ្នោតជ្រើសតាំងនិង ផ្តល់សេចក្តីទុកចិត្ត ត្រូវអនុវត្តដូចតទៅ៖
- បញ្ជីរាយនាមបេក្ខជន ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ត្រូវរៀបចំនិងស្នើដោយគណបក្សនយោបាយ ដែលព្រមព្រៀងគ្នា ដើម្បីបង្កើតរាជរដ្ឋាភិបាលចំរុះ ហើយត្រូវផ្ញើជូនព្រឹទ្ធសមាជិករដ្ឋសភា។
- តាមសេចក្ដីស្នើរពីគណបក្សនយោបាយដែលមានចំនួនអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា តាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបក្នុងចំណោមតំណាងរាស្ត្រ នៃគណបក្សនយោបាយ ដែលឈ្នះឆ្នោតឱ្យបង្កើតរាជរដ្ឋាភិបាល។
- ព្រឹទ្ធសមាជិករដ្ឋសភាត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយនូវបេក្ខជន ប្រធាន អនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងបេក្ខជននាយករដ្ឋមន្ត្រី និង សមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត។
នៅក្នុងដំណើរការនៃការបោះឆ្នោតជាកញ្ខប់ មិនអាចជជែកពិភាក្សាអ្វីបានឡើយ ហើយក៏មិនអាចមានការពន្យល់ អំពីការបោះឆ្នោតនេះ ក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោតជាកញ្ចប់នេះដែរ។
សមាជិកសភា ត្រូវធ្វើការបោះឆ្នោតដោយបញ្ជាក់ថាព្រម ឬមិនព្រម ចំពោះបញ្ជីរាយនាម កញ្ចប់មួយ ដែលព្រឹទ្ធសមាជិក រដ្ឋសភាបានដាក់ជូន។ ការបោះឆ្នោតនេះត្រូវធ្វើឡើងដោយវិធីលើកដៃ។
ការបោះឆ្នោតជាកញ្ចប់ខាងលើនេះ ត្រូវយកតាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកសភាទាំងមូល។
ក្នុងករណីការបោះឆ្នោតជុំទីមួយមិនបានសម្រេច នីតិវិធីដដែលនេះនឹងត្រូវអនុវត្តចំពោះការបោះឆ្នោតជុំក្រោយៗទៀត។
ច្បាប់ធម្មនុញ្ញបន្ថែមនេះ ត្រូវប្រកាសជាការប្រញាប់ និងយកមកអនុវត្ត ចាប់តាំងពីដើមនីតិកាលបច្ចុប្បន្ននេះទៅ។
៣. កំណត់សម្គាល់ស្ដីពី វិសោធនកម្មទាំង ១០លើក
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ នេះ បានធ្វើវិសោធនកម្មចំនួន ១០លើកគឺៈ
- វិសោធនកម្មមាត្រា២៨ នៃរដ្ឋធម្មនុញនៃព្រះរាជណាចក្រកម្ពុជាត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី១។
- វិសោធនកម្មមាត្រា១១ ១២ ១៣ ១៨ ២២ ២៤ ២៦ ៣០ ៣៤ ៥១ ៩០ ៩១ ៩៣ និងមាត្រាទាំងឡាយ នៃជំពូកទី៨ ដល់ ជំពូកទី១៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាអនុម័តនៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩៩៩ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី២។
- វិសោធនកម្មមាត្រា១៩ និងមាត្រ២៩ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០១ នាសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី២។
- វិសោធនកម្មមាត្រា៨៨ និង មាត្រា១១១ថ្មីនៃរដ្ឋធម្មនុញ្ញ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៥នាសម័យប្រជុំពេញរដ្ឋសភា លើកទី២ នីតិកាលទី៣ ហើយដែលព្រឹទ្ធសភាបានអនុម័តយល់ស្របលើទម្រង់និងគតិនៃច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៥ នាសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី១។
- វិសោធនកម្មមាត្រា៨២ មាត្រា៨៨ថ្មី មាត្រា៩០ថ្មី មាត្រា៩៨ មាត្រា១០៥ថ្មី មាត្រា១១១ថ្មីនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាអនុម័តនៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០០៥ នាសម័យប្រជុរដ្ឋសភាលើកទី២ នីតិកាលទី៣។
- វិសោធនកម្មមាត្រា១៤៥ថ្មី និងមាត្រា១៤៦ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្សភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តនៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០០៨ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៣។
- វិសោធនកម្មមាត្រា ៧៦ និងមាត្រាទាំងឡាយពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសភាអនុម័តនៅថ្ងៃទី១ ខែ តុលា ឆ្នាំ២០១៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៥។
- វិសោធនកម្មមាត្រា៣៤ ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ មាត្រា១១៨ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រម្ពុជា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលបីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨
- វិសោធនកម្មមាត្រា ១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥(ថ្មី) នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ត្រូវបានរដ្ឋសភាអនុម័តនីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦
- វិសោធនកម្មមាត្រា១៩ថ្មី(មួយ) និងមាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រមកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នាសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៤ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖
៤. ខ្លឹមសារនៃវិសោធនកម្មលើកទី១
ប្រកាសឱ្យប្រើជាផ្លូវការ នូវច្បាប់ស្តីពីការកែប្រែមាត្រា២៨នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ១៩៩៤។
មាត្រា ២៨
ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតាមសេចក្តីស្នើសុំពីគណៈរដ្ឋមន្រ្តី។
ព្រះរាជក្រមនេះចូលជាធរមានច្បាប់ ចាប់ពីពេលចុះហត្ថលេខានេះតទៅ។
៥. ខ្លឹមសារនៃវិសោធនកម្មលើកទី២
ប្រកាសឱ្យប្រើជាផ្លូវការនូវច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១១.១២.១៣.១៨.២២.២៤.២៦.២៨.៣០.៣៤.៥១.៩០.៩១.៩៣ និងមាត្រា ទាំងឡាយ នៃជំពូកទី៨ ដល់ជំពូកទី១៤ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ១៩៩៩។
មាត្រា១១
ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតាដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានរដ្ឋសភា និងនាយករដ្ឋមន្ដ្រី នោះប្រធានរដ្ឋសភាបំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជា”ព្រះរាជានុសិទ្ធ”។
មាត្រា១២
នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានរដ្ឋសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធ នៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា១៣
ក្នុងរយះវេលាប្រាំពីរថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ។
សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមាន៖
- ប្រធានរដ្ឋសភា
- នាយករដ្ឋមន្រ្ដី
- សម្ដេចព្រះសង្ឃរាជគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
- អនុប្រធានទីមួយ និងអនុប្រធានទីពីរ នៃរដ្ឋសភា។
ការរៀបចំនិងការប្រព្រឹត្តិទៅនៃក្រុមប្រឹក្សារាជសម្បត្តិ នឹងមានកំណត់ក្នុងច្បាប់មួយ។
មាត្រា១៨
ព្រះមហាក្សត្រទ្រង់ទាក់ទងជាមួយរដ្ឋសភាដោយព្រះរាជសារ។ ព្រះរាជសារនេះ រដ្ឋសភាមិនអាចយកទៅជជែកពិភាក្សាឡើយ។
មាត្រា ២២
នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិឋិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្រ្ដី និងប្រធានរដ្ឋសភា។
មាត្រា ២៤
ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ។
ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា។
មាត្រា ២៨ថ្មី
ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ដលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងទ្រង់ឡាយព្រះហស្ដលេខាលើព្រះរាជក្រឹត្យ តាមសេចក្ដីស្នើសុំពីគណៈរដ្ឋមន្រ្ដី។
ក្នុងពេលដែលព្រះមហាក្សត្រប្រឈួនហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្ដលេខានៅលើ ព្រះរាជក្រមឬព្រះរាជក្រឹត្យខាងលើនេះ ទៅប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួស ដោយព្រះរាជសារប្រគល់សិទ្ធិ។
មាត្រា៣០
ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្តមាន ប្រធានរដ្ឋសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី។
មាត្រា ៣៤
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច១៨ឆ្នាំ មានសិទ្ធបោះឆ្នោត។
ប្រជាពលរដ្ធខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច២៥ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោត។
បទបញ្ញត្ដិបន្ថយសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត។
មាត្រា៥១
ព្រះរាជាណាចក្រកម្ពុជា អនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។
ប្រជាពលរដ្ឋខ្មែរ ជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។
អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយះរដ្ឋសភា រាជរដ្ឋាភិបាល និងសាលាជំរះក្ដី។
អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
មាត្រា៩០
រដ្ឋសភាជាអង្គការតែមួយគត់ដែលមានអំណាចនីតិបញ្ញត្តិ។ អំណាចនេះ រដ្ឋសភាមិនអាចប្រគល់ឱ្យទៅអង្គការ ឬបុគ្គលណាមួយបានឡើយ។
រដ្ឋសភាអនុម័តថវិកាជាតិ ផែនការរដ្ឋ ការឱ្យរដ្ឋខ្ចីប្រាក់ពីគេ ការឱ្យរដ្ឋឱ្យប្រាក់គេខ្ចី
ការសន្យានានាផ្នែកហិរញ្ញវត្ថុ និងការបង្កើត កែប្រែ ឬលុបចោលពន្ធដារ។
រដ្ឋសភាឱ្យសេចក្ដីយល់ព្រមចំពោះគណនីរដ្ឋបាល។
រដ្ឋសភាអនុម័តច្បាប់ស្ដីពីការលើកលែងទោសជាទូទៅ។
រដ្ឋសភាអនុម័តយល់ព្រម ឬលុបចោលសន្ធិសញ្ញា ឬអនុសញ្ញាអន្ដរជាតិ។
រដ្ឋសភាអនុម័តច្បាប់សេចក្ដីពីការប្រកាសសង្គ្រាម។
ការអនុម័តខាងលើនេះ ប្រព្រឹត្តទៅដោយមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល។
រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាលតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។
មាត្រា៩១
តំណាងរាស្ដ្រ និងនាយករដ្ឋមន្ដ្រីមានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់។
តំណាងរាស្ដ្រមានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់ ប៉ុន្ដែសំណើរនេះមិនអាចទទួលយកបានទេ បើវិសោធនកម្មច្បាប់នោះ សំដៅបន្ថយប្រាក់ចំណូលសាធារណៈ ឬបន្ថែមបន្ទុកទៅលើប្រជាពលរដ្ឋ។
មាត្រា៩៣
ច្បាប់ដែលរដ្ឋសភាបានអនុម័តរួចហើយ ហើយត្រូវបានព្រះមហាក្សត្រទ្រង់ឡាយ
ព្រះហស្ដលេខាប្រកាសឱ្យប្រើ ត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេល១០ថ្ងៃគត់ ក្រោយថ្ងៃប្រកាសអោយប្រើ និងនៅទូទាំងប្រទេសក្នុងរយៈពេល២០ថ្ងៃគត់ ក្រោយថ្ងៃប្រកាសឱ្យប្រើ។ប៉ុន្ដែបើច្បាប់នេះបានចែងថាជាការប្រញាប់ ច្បាប់នេះត្រូវចូលជាធរមានភ្លាមនៅទូទាំងប្រទេសក្រោយថ្ងៃប្រកាសឱ្យប្រើ។
ច្បាប់ដែលព្រះមហាក្សត្រទ្រង់បានឡាយព្រះហស្ដលេខាប្រកាស
ព្រះរាជក្រមនេះចូលជាធរមានច្បាប់ ចាប់ពីពេលឡាយព្រះហស្តលេខានេះតទៅ។
៦. ខ្លឹមសារនៃវិសោធនកម្មលើកទី៣
ប្រកាសឱ្យប្រើជាផ្លូវការនូវច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ និងមាត្រា២៩ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភា បានអនុម័តនៅថ្ងៃច័ន្ទ ទី២ ខែកក្កដា ឆ្នាំ២០០១ ហើយដែលព្រឹទ្ធសភាបាន អនុម័តយល់ ស្របលើទម្រង់និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃច័ន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០០១។
មាត្រា ១៩
ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និងទ្រង់តែងតាំងគណៈរដ្ឋមន្រ្តី តាមបែបបទដែលមានចែងក្នុងមាត្រា ១០០។
មាត្រា ២៩
ព្រះមហាក្សត្របង្កើតនិងប្រទានគ្រឿងឥស្សរិយយសជាតិតាមសេចក្តីស្នើសុំពីគណៈរដ្ឋមន្រ្តី។
ព្រះមហាក្សត្រទ្រង់សម្រេចប្រទានឋានន្តរសក្តិ ឋានៈ យោធា និងស៊ីវិល តាមច្បាប់កំណត់។
ព្រះរាជក្រមនេះចូលជាធរមានច្បាប់ ចាប់ពីពេលឡាយព្រះហស្តលេខានេះតទៅ។
៧. ខ្លឹមសារនៃវិសោធនកម្មលើកទី៤
ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៨៨ និង មាត្រា១១១ថ្មីនៃរដ្ឋធម្មនុញ្ញ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៥នាសម័យប្រជុំពេញរដ្ឋសភា លើកទី២ នីតិកាលទី៣ ហើយដែលព្រឹទ្ធសភាបានអនុម័តយល់ស្របលើទម្រង់និងគតិនៃច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៥ នាសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី១។
មាត្រា ៨៨
ការប្រជុំរដ្ឋសភាត្រូវធ្វើជាសាធារណៈ។
រដ្ឋសភាអាចប្រជុំជាសម្ងាត់បាន តាមការស្នើសុំពីប្រធាន ឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ឬពីនាយករដ្ឋមន្រ្តី។
ការប្រជុំរដ្ឋសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់ នៃសមាជិករដ្ឋសភាទាំងមូល។
មាត្រា ១១១ ថ្មី
ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈ។
ព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់បានតាមការសុំពីប្រធានឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ពីនាយករដ្ឋមន្រ្តីឬពីប្រធានរដ្ឋសភា។
ការប្រជុំព្រឹទ្ធសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់នៃសមាជិកព្រឹទ្ធសភាទាំងមូល។
ចំនួនសម្លេងដែលតម្រូវសំរាប់រដ្ឋសភាអនុម័តយល់ព្រម ហើយដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមកប្រើសំរាប់ព្រឹទ្ធសភាផងដែរ។
៨. ខ្លឹមសារនៃវិសោធនកម្មលើកទី៥
មាត្រា៨២ មាត្រា៨៨ថ្មី មាត្រា៩០ថ្មី មាត្រា៩៨ មាត្រា១០៦ថ្មី មាត្រា១១១ថ្មី(មួយ) មាត្រា១១៤ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៦ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានកែប្រែដូចតទៅៈ
មាត្រា ៨២ ថ្មី
រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។
មុនចាប់ផ្តើមការងាររបស់ខ្លួន រដ្ឋសភាត្រូវប្រកាស សុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ ត្រូវបោះឆ្នោតជ្រើសរើស ដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិក ទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
តំណាងរាស្រ្តទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី៥ នៃរដ្ឋធម្មនុញ្ញ។
មាត្រា ៨៨ ថ្មី(ពីរ)
ការប្រជុំរដ្ឋសភាត្រូវធ្វើឡើងជាសាធារណៈ។
រដ្ឋសភាអាចប្រជុំជាសម្ងាត់បានតាមការស្នើសុំពីប្រធាន ឬពីសមាជិក ចំនួនមួយភាគដប់យ៉ាងតិច ពីព្រោះមហាក្សត្រ ឬពីនាយករដ្ឋមន្ត្រី។
ការប្រជុំរដ្ឋសភា នឹងយកជាការបានលុះត្រាតែមាន៖
ក. កូរ៉ុមលើសពី ពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើន ពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ខ. កូរ៉ុមលើសពីពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
មាត្រា ៩០ ថ្មី(ពីរ)
រដ្ឋសភាជាអង្គការ ដែលមានអំណាចនីតិប្បញ្ញតិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
រដ្ឋសភាអនុម័តថវិកាជាតិ ផែនការរដ្ឋ ការឱ្យរដ្ឋខ្ចីប្រាក់ពីគេ ការឱ្យរដ្ឋឱ្យប្រាក់គេខ្ចី ការសន្យានានាផ្នែកហិរញ្ញវត្ថុនិងការបង្កើត កែប្រែ ឬលុបចោលពន្ធដា។
រដ្ឋសភាឱ្យសេចក្តីយល់ព្រមចំពោះគណនីរដ្ឋបាល។
រដ្ឋសភាអនុម័តច្បាប់ស្តីពីការលើកលែងទោសជាទូទៅ។
រដ្ឋសភាអនុម័តយល់ព្រមឬលុបចោលសន្ធិសញ្ញា ឬអនុសញ្ញាអន្តរជាតិ។
រដ្ឋសភាអនុម័តច្បាប់ស្តីពីការប្រកាសសង្គ្រាម។
ការអនុម័តខាងលើនេះប្រព្រឹត្តទៅដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល តាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
មាត្រា ៩៨ ថ្មី
រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
បញ្ញតិ្តបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្រ្តចំនួនសាមសិបនាក់ ទើបរដ្ឋសភាអាចលើក មកពិភាក្សាបាន។
មាត្រា ១០៦.ថ្មី(មួយ)
ព្រឹទ្ធសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។
មុនចាប់ផ្តើមការងាររបស់ខ្លួន ព្រឹទ្ធសភាត្រូវប្រកាស សុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានព្រឹទ្ធសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់ព្រឹទ្ធសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម័្ពន្ធទី៧ នៃរដ្ឋធម្មនុញ្ញ។
មាត្រា ១១១. ថ្មី(ពីរ)
ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈ។
ព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់បានតាមការស្នើរសុំពីប្រធាន ឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ ពីនាយករដ្ឋមន្តី្រ ឬពីប្រធានរដ្ឋសភា។
ការប្រជុំព្រឹទ្ធសភានឹងយកជាការបាន លុះត្រាតែមាន៖
ក. កូរ៉ុមលើសពី ពីរភាគបី នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយណា ដែលតម្រូវឱ្យយកមតិភាគច្រើន ពីរភាគបី នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ខ. កូរ៉ុមលើសពីពាក់កណ្តាលនៃចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល សម្រាប់ការអនុម័តទាំងឡាយណា ដែលតម្រូវឱ្យយកមតិភាគច្រើនដោយប្រៀប ឬយកមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ចំនួនសំឡេងដែលតម្រូវសម្រាប់រដ្ឋសភាអនុម័តយល់ព្រម ហើយដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមកប្រើសម្រាប់ព្រឹទ្ធសភាផងដែរ។
មាត្រា ១១៤ ថ្មី(មួយ)
ព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗ ដែលចាំបាច់។ ការរៀបចំ និងការប្រព្រឹត្តទៅនៃព្រឹទ្ធសភានឹងមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុង របស់ព្រឹទ្ធសភា។ បទបញ្ជាផ្ទៃក្នុងនេះត្រូវ
អនុម័តយល់ព្រម ដោយសំឡេងភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
មាត្រា ៦ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម
ការបោះឆ្នោតជាកញ្ចប់ខាងលើនេះ ត្រូវយកតាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ក្នុងករណីការបោះឆ្នោតជុំទីមួយបានសម្រេចនីតិវិធីដដែលនេះ នឹងត្រូវបានអនុវត្តចំពោះការបោះឆ្នោតជុំក្រោយៗទៀត។
៩. ខ្លឹមសារនៃវិសោធនកម្មលើកទី៦
មាត្រា១៤៥ថ្មី និងមាត្រា១៤៦ថ្មី ជំពូកទី១៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើវិសោធនកម្មដូចតទៅ៖
មាត្រា ១៤៥. ថ្មី (មួយ)
ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចែកជា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
មាត្រា១៤៦. ថ្មី (មួយ)
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវគ្រប់គ្រងតាមលក្ខខណ្ឌ ដែលមានចែងក្នុងច្បាប់រៀបចំអង្គការ។
ច្បាប់ធម្មនុញ្ញនេះ ត្រូវបានប្រកាសជាការប្រញាប់។
១០. ខ្លឹមសារនៃវិសោធនកម្មលើកទី៧
មាត្រា ៧៦ និងមាត្រាទាំងឡាយពី ជំពូកទី១៥ ថ្មី ដល់ជំពូកទី១៦ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកែប្រែដូចតទៅ៖
មាត្រា ៧៦. ថ្មី
រដ្ឋសភាមានសមាជិកតំណាងរាស្រ្តយ៉ាងតិច ១២០ រូប។
តំណាងរាស្រ្ត ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។
តំណាងរាស្រ្តអាចឈរឈ្មោះបោះឆ្នោតសាជាថ្មីបាន។
អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច២៥ឆ្នាំ មានសញ្ជាតិជាខ្មែរតាំងពីកំណើត។
បែបបទ និងការប្រព្រឹត្តទៅនៃការបោះឆ្នោត ត្រូវបានកំណត់ក្នុងច្បាប់បោះឆ្នោត។
មាត្រា១៥០.ថ្មី (ពីរ)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាអង្គការដែលមានសម្ថតកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងការបោះឆ្នោតផ្សេងទៀត តាមការកំណត់នៃច្បាប់។
គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត ត្រូវអនុវត្តសម្ថកិច្ចរបស់ខ្លួន ប្រកបដោយឯករាជ្យ និង
អព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
មុខងារជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានវិសមិតភាពជាមួយការបំពេញមុខតំណែងក្នុងមុខងារសាធារណៈ និងជាមួយមុខងារជាសមាជិកនៃស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអាចធ្វើជាសមាជិកនៃគណបក្សនយោបាយ ឬធ្វើជាអ្នកដឹកនាំនៃអង្គការមិនមែនរដ្ឋាភិបាល សមាគមសហជីព ឬក្រុមហ៊ុនពាណិជ្ជកម្មណាមួយបានឡើយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានថវិកាស្វយ័តសម្រាប់ដំណើរការ។
មាត្រា ១៥១.ថ្មី (ពីរ)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសមាសភាពប្រាំបួនរូបដែលទទួលអាណត្តិប្រាំឆ្នាំ។ សមាសភាពបួនរូបត្រូវជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល បួនរូបត្រូវជ្រើសរើសដោយគណបក្សមានអាសនៈក្នុងរដ្ឋសភាដែលមិន ចូលរួមក្នុងរដ្ឋាភិបាល និងមួយរូបត្រូវជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំងអស់ដែលមានអាសនៈក្នុងរដ្ឋសភា។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ត្រូវដំណើរការរៀបចំឱ្យមានការជ្រើសរើសដោយបើកចំហ និងតម្លាភាព នូវសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ កណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា រៀបចំបញ្ជីសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទុកចិត្តតាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តែងតាំងដោយព្រះរាជក្រឹត្យ។
ក្នុងករណីសមាជិកណាមួយនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាត់បង់សមាជិកភាពរបស់ខ្លួន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ត្រូវចាត់នីតិវិធីជ្រើសរើស
សមាសភាពថ្មីជំនួស ក្នុងរយៈពេលយ៉ាងយូរ១៥ ថ្ងៃ គិតចាប់ពីថ្ងៃបាត់បង់សមាជិកភាព។ នីតិវិធីលំអិតនៃការជ្រើសរើសសមាសភាពថ្មី ជំនួស ត្រូវកំណត់ដោយឡែកក្នុងច្បាប់។
ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងត្រូវកំណត់ក្នុងច្បាប់មួយ។
មាត្រា១៥២ ថ្មី (ពី មាត្រា១៥០ថ្មី)
រដ្ឋធម្មនុញ្ញនេះជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។
ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
មាត្រា ១៥៣. ថ្មី (ពី មាត្រា ១៥១ថ្មី)
ការចាប់ផ្តើមគំនិតសើរើ ឬការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្រ្តមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយរដ្ឋសភា តាមមតិភាគច្រើន ពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
មាត្រា១៥៤. ថ្មី (ពីមាត្រា ១៥២)
ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវហាមឃាត់មិនឱ្យធ្វើ នៅពេលប្រទេសជាតិឋិតក្នុងភាពអាសន្ន ដូចមានចែងក្នុងមាត្រា៨៦។
មាត្រា ១៥៥. ថ្មី (ពីរ មាត្រា ១៥៣ ថ្មី)
ការសើរើ ឬវិសោធកម្មរដ្ឋធម្មនុញ្ញមិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ។
មាត្រា ១៥៦. ថ្មី ពីរ មាត្រា ១៥៤ ថ្មី
រដ្ឋធម្មនុញ្ញនេះ ក្រោយពីបានទទួលការអនុម័ត ត្រូវបានប្រកាសឱ្យចូលជាធរមានភ្លាមដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ១៥៧. ថ្មី ពីមាត្រា ១៥៥ ថ្មី
ក្រោយពេលរដ្ឋធម្មនុញ្ញនេះចូលជាធរមាន សភាធម្មនុញ្ញត្រូវក្លាយទៅជារដ្ឋសភា។
បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាត្រូវចូលជាធរមាន ក្រោយទទួលបានការអនុម័តពីរដ្ឋសភា។
បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាត្រូវចូលជាធរមាន ក្រោយទទួលបានការអនុម័តពីរដ្ឋសភា។
ក្នុងករណីដែលរដ្ឋសភាមិនទាន់ចាប់ដំណើរការបាន ប្រធាន អនុប្រធានទីមួយ និងអនុប្រធានទីពីរនៃសភាធម្មនុញ្ញ នឹងចូលរួមបំពេញភារកិច្ចក្នុងក្រុមប្រឹក្សារាជសម្បត្តិ បើសភាការណ៍ក្នុងប្រទេសទាមទារ។
មាត្រា១៥៨. ថ្មី (ពី មាត្រា ១៥៦ ថ្មី)
ក្រោយរដ្ឋធម្មនុញ្ញនេះចូលជាធរមាន ព្រះមហាក្សត្រជ្រើសតាំងតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា១៣ ថ្មី និង១៤។
មាត្រា១៥៩. ថ្មី (ពី មាត្រា ១៥៧ថ្មី)
នីតិកាលទី១ នៃព្រឹទ្ធសភាមានកំណត់ ៥ ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលព្រឹទ្ធសភាថ្មី ចូលកាន់តំណែង។
សម្រាប់នីតិកាលទី១ នៃព្រឹទ្ធសភាៈ
- សមាសជិកព្រឹទ្ធសភាមានចំនួនសរុបហុកសិបមួយរូប។
- ព្រះមហាក្សត្រទ្រង់តែងតាំងសមាជិកព្រឹទ្ធសភាពីររូប ព្រមទាំងប្រធាន អនុប្រធានទី១ អនុប្រធានទី២ នៃព្រឹទ្ធសភា។
- សមាជិកដទៃទៀតនៃព្រឹទ្ធសភា និងប្រធានរដ្ឋសភា ក្នុងចំណោមសមាជិក នៃគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា។
- កិច្ចប្រជុំជាសមាជរដ្ឋសភា និងព្រឹទ្ធសភា ត្រូវដឹកនាំដោយសហប្រធាន។
មាត្រា ១៦០. ថ្មី (ពីរ មាត្រា ១៥៨ ថ្មី)
ច្បាប់ និងលិខិតបទដ្ឋាន ទាំងអស់នៅកម្ពុជា ដែលធានាការពារបាន នូវទ្រព្យសម្បត្តិរដ្ឋ សិទ្ធិសេរីភាព និងទ្រព្យសម្បត្តិត្រឹមត្រូវតាមច្បាប់ របស់បុគ្គល និងដែលសមស្របនឹងប្រយោជន៍ជាតិ ត្រូវមានអានុភាព អនុវត្តបន្តទៅមុខទៀត រហូតដល់មានអត្ថបទថ្មីមកកែប្រែ ឬលុបចោល លើកលែងតែ បទប្បញ្ញត្តិណាដែលផ្ទុយនឹងស្មារតី
១១. ខ្លឹមសារនៃវិសោធនកម្មលើកទី៨
មាត្រា៣៤ ថ្មី មាត្រា៤២ មាត្រា៤៩ និងមាត្រា១១៨ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើវិសោធនកម្មដូចតទៅ៖
មាត្រា៣៤. ថ្មី
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោតនិងអាចឈរឈ្មោះឱ្យគេបោះឆ្នោត ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច ២៥ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច ៤០ឆ្នាំ អាច ឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា ។
បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់បោះឆ្នោត ។
មាត្រា ៤២
ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និងគណៈបក្ស នយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។
ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្តាប់ធ្នាប់សង្គម ។
មាត្រា ៤៩
ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។
ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ។
កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់ ។
មាត្រា ៥៣
ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀត ទាំងអស់នៅលើសកលលោក ។
ព្រះរាជាណាចក្រកម្ពុជា មិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃប្រទេសដទៃដោយផ្ទាល់ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក ។
ព្រះរាជាណាចក្រកម្ពុជា មិនចងសម្ព័ន្ធយោធាឬចូលក្នុងកិច្ចព្រមព្រៀង យោធាណាមួយដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។
ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ ។
ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈ យោធាអាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួននិងធានាសណ្តាប់ធ្នាប់ និង សន្ដិសុខ សាធារណៈនៅផ្ទៃក្នុងប្រទេស ។
មាត្រា១១៨ថ្មី (មាត្រា ៩៩ ចាស់)
គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
គណៈរដ្ឋមន្ត្រីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង រដ្ឋលេខាធិការជាសមាជិក ។
ច្បាប់ធម្មនុញ្ញនេះ ត្រូវបានប្រកាសជាការប្រញាប់។
១២. ខ្លឹមសារនៃវិសោធនកម្មលើកទី៩
មាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖
មាត្រា១៩ .- ថ្មី(មួយ)
ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្រ្តី និងទ្រង់តែងតាំងគណៈរដ្ឋមន្រ្តី តាមបែបបទដែលមានចែងក្នុងមាត្រា១១៩ ថ្មី(មួយ)។
មាត្រា៨២ .- ថ្មី(មួយ)
រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។
មុនចាប់ផ្តើមការងាររបស់ខ្លួន រដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកទាំងអស់នៃគណៈគម្មការនានារបស់រដ្ឋសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ប្រធានរដ្ឋសភា ត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិករដ្ឋសភា ដែលមានសញ្ជាតិខ្មែរតែមួយគត់។
រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
តំណាងរាស្រ្តទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី៥ នៃរដ្ឋធម្មនុញ្ញ។
មាត្រា១០៦ .- ថ្នី(ពីរ)
ព្រឹទ្ធសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។
មុនចាប់ផ្តើមការងាររបស់ខ្លួន ព្រឹទ្ធសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានូវប្រធាន អនុប្រធានព្រឹទ្ធសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់ព្រឹទ្ធសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ប្រធានព្រឹទ្ធសភា ត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិកព្រឹទ្ធសភា ដែលមានសញ្ជាតិខ្មែរតែមួយគត់។
សមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី៧ នៃរដ្ឋធម្មនុញ្ញ។
មាត្រា១១៩ .- ថ្មី(មួយ)
តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្រ្តី ពីក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលមានអសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្រ្តីនេះ ត្រូវតែជាតំណាងរាស្រ្តដែលមានសញ្ជាតិខ្មែរតែមួយគត់។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូរផ្គងឱ្យកាន់តំណាងផ្សេងៗក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីទាំងមូល។
មុនចូលកាន់តំណែង គណៈរដ្ឋមន្រ្តីត្រូវធ្វើសច្ចាប្រណិធានដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី៦។
មាត្រា១៣៧ .- ថ្មី(មួយ)
ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិកប្រាំបួនរូប ដែលទទួលអាណត្តិប្រាំបួនឆ្នាំ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយភាគបី ត្រូវផ្លាស់ថ្មីក្នុងរយៈពេលបីឆ្នាំម្តង បីឆ្នាំម្តង។ សមាជិកបីរូបត្រូវតែងតាំងដោយព្រះមហាក្សត្រ បីរូបត្រូវជ្រើសតាំងដោយរដ្ឋសភា ហើយបីរូបទៀតត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ពីក្នុងចំណោមសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់។ ប្រធានមានសំឡេងឧត្តមានុភាពក្នុងករណីបែកសំឡេងជាពីរស្មើគ្នា។
មាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖
មាត្រា៣ .- ថ្មី
ក្នុងករណីដែលឃើញថានីតិវិធីនៃមាត្រា៨២ ថ្មី(មួយ) និងមាត្រា១១៩ ថ្មី(មួយ) នៃរដ្ឋធម្មនុញ្ញមិនអាចសម្រេចបាន រដ្ឋសភា តាមសំណើរបស់គណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាអាចដំណើរការការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសរើសតាំងប្រធាន អនុប្រធានរដ្ឋសភា ក៏ដូចជាប្រធាននិងអនុប្រធានគណៈកម្មការក្នុងពេលជាមួយគ្នានឹងការផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
មាត្រា៤ .- ថ្មី
ការរៀបចំបញ្ជីរាយនាមសមាសភាព ដើម្បីបោះឆ្នោតជ្រើសតាំង និងផ្តល់សេចក្តីទុកចិត្តត្រូវអនុវត្តដូចតទៅ៖
- បញ្ជីរាយនាមសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភា ក៏ដូចជា ប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ត្រូវរៀបចំនិងស្នើដោយគណបក្សនយោបាយដែលព្រមព្រៀងគ្នាដើម្បីបង្កើតរាជរដ្ឋាភិបាលចម្រុះ ហើយត្រូវផ្ញើជូនព្រឹទ្ធសមាជិករដ្ឋសភា។ ប្រធានរដ្ឋសភា ត្រូវជ្រើសរើសចេញពីសមាជិករដ្ឋសភាដែលមានសញ្ជាតិខ្មែរតែមួយគត់។
- តាមសេចក្តីស្នើពីគណបក្សនយោបាយដែលមានចំនួនអាសនៈច្រើនជាងគេ នៅក្នុងរដ្ឋសភាតាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្រ្តីពីក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សនយោបាយដែលមានចំនួនអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្រ្តីនេះ ត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែមួយគត់។ វរជនដែលបានចាត់តាំងនេះ ត្រូវរៀបចំផ្គូរផ្គងតំណាងផ្សេងៗក្នុងរាជរដ្ឋាភិបាល រួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់នៃរាជរដ្ឋាភិបាលជូនព្រឹទ្ធសមាជិលរដ្ឋសភា។
- ព្រឹទ្ធសមាជិករដ្ឋសភាត្រូវរៀបចំបញ្ជីរាយនាមជាកញ្ចប់មួយនូវសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងនាយករដ្ឋមន្រ្តីដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាលដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត។
ច្បាប់ធម្មនុញ្ញនេះត្រូវបានប្រកាសជាការប្រញាប់។
១៣. ខ្លឹមសារនៃវិសោធនកម្មលើកទី១០
មាត្រា ១៩ ថ្មី(មួយ) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា ១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖
មាត្រា១៩. ថ្មី (ពីរ)
ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និងទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា១១៩ ថ្មី(ពីរ)។
មាត្រា៨៩. ថ្មី
តាមការសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើញសមាជិករាជរដ្ឋាភិបាលមួយរូប ឬច្រើនរូប អមដោយឥស្សរជនជាអ្នកជំនាញក្នុងវិស័យណាមួយ មកបំភ្លឺរដ្ឋសភាអំពីបញ្ហាដែលមានសារៈសំខាន់ពិសេស។
មាត្រា៩៨ ថ្មី(មួយ)
រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬ ទម្លាក់រាជរដ្ឋាភិបាលពីតំណែង ដោយ
អនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីមុខតំណែងដោយរដ្ឋសភា រាជរដ្ឋាភិបាលដែលត្រូវចេញពីមុខតំណែងនេះមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មាន
រាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។
បញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្ត្រចំនួនមួយភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល ទើបរដ្ឋសភាអាចលើកមកពិភាក្សាបាន។
មាត្រា១០២. ថ្មី(មួយ)
នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់ ៦ឆ្នាំ ហើយត្រូវផុតកំណត់នៅពែលដែលព្រឹទ្ធសភាថ្មីចូលកាន់តំណែង។
ក្នុងពេលមានសង្គ្រាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត ព្រឹទ្ធសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ។
ការប្រកាសបន្តនីតិកាលរបស់ព្រឹទ្ធសភា ត្រូវសម្រេចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិចនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ក្នុងកាលៈទេសៈដូចបានរៀបរាប់ខាងលើ ព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ ព្រឹទ្ធសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត។ ប៉ុន្តែ ការសម្រេចបញ្ជប់កាលៈទេសៈពិសេសដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រឹទ្ធសភាត្រូវសម្រេចរួមគ្នាជាមួយរដ្ឋសភា ក្នុងសមាជរដ្ឋសភានិងព្រឹទ្ធសភា វៀរលែងតែការអនុវត្តមាត្រា៨៦ នៃរដ្ឋធម្មនុញ្ញ។
បើព្រឹទ្ធសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ ជាអាទិ៍ នៅពេលដែលមានកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។
មាត្រា១១៩ ថ្មី(ពីរ)
តាមសេចក្តីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឱ្យបង្កើតរាជរដ្ឋាភិបាល។ សេចក្តីស្នើពីគណបក្សដែលមាន អាសនៈច្រើនជាងគេក្នុងរដ្ឋសភានេះ ត្រូវចម្លងជូនប្រធានរដ្ឋសភា។ វរជនដែលនឹងត្រូវទទួលបានការចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្រ្តដែលមានសញ្ជាតិខ្មែរតែមួយគត់ និងដែលត្រូវបានជ្រើសរើសចេញបីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋ សភា។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូផ្គងឲ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះត្រូវធ្វើលើបញ្ជីសមាសភាពនៃគណៈរដ្ឋមន្រ្តីទាំងមូល។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីទាំងមូល។
មុនចូលកាន់តំណែង គណៈរដ្ឋមន្រ្តីត្រូវធ្វើសច្ចាប្រណិធានដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី៦។
នៅពេលផុតនីតិកាលនីមួយៗរបស់រដ្ឋសភា រាជរដ្ឋាភិបាលដែលត្រូវចេញពីតំណែង មានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។
មាត្រា១២៥ ថ្មី (មួយ)
ក្នុងករណីដែលនាយករដ្ឋមន្រ្តីអវត្តមានមួយកាលមួយគ្រា នាយករដ្ឋមន្រ្តីត្រូវចាត់តាំងឧបនាយករដ្ឋមន្រ្តីមួយរូប ឱ្យធ្វើជានាយករដ្ឋមន្រ្តីស្តីទីដើម្បីទទួលភារកិច្ចដឹកនាំគណៈរដ្ឋមន្រ្តីជំនួសជាបណ្តោះអាសន្ន។
បើតំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរ ដោយហេតុជាអាទិ៍មកពីការទទួលអនិច្ចកម្មឬការលាលែងពីមុខតំណែង គណៈរដ្ឋមន្រ្តីថ្មីមួយត្រូវតែងតាំងជាបន្ទាន់ ក្នុងលក្ខខណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ ប្រធានរដ្ឋសភាត្រូវកោះប្រជុំរដ្ឋសភាបន្ទាន់ និងត្រូវធ្វើចំណាត់ការចាំបាច់ដទៃទៀតដោយរួសរាន់ ក្នុងរយៈពេល ៧ ថ្ងៃយ៉ាងយូរ បន្ទាប់ពីបានទទួលសំណើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា។
ក្នុងករណីតំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរ ដោយហេតុមកពីការទទួលអនិច្ចកម្មគណៈរដ្ឋមន្រ្តីដែលត្រូវចេញពីតំណែង ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្រ្តីដែលទទួលបានការចាត់តាំងជានាយករដ្ឋមន្រ្តីស្តីទី មានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានគណៈរដ្ឋមន្រ្តីថ្មីចូលកាន់តំណែង។
ការលាលែងពីមុខតំណែងរបស់នាយករដ្ឋមន្រ្តី ត្រូវធ្វើឡើងតាមលិខិតលាលែងពីមុខ
តំណែងដែលត្រូវផ្ញើថ្វាយព្រះមហាក្សត្រ និងចម្លងជូនប្រធានរដ្ឋសភា។ ក្នុងករណីនេះ គណៈរដ្ឋមន្រ្តីដែលត្រូវចេញពីតំណែង ត្រូវបន្តដឹកនាំការងាររបស់រាជរដ្ឋាភិបាល រហូតដល់គណៈរដ្ឋមន្រ្តីថ្មីចូលកាន់តំណែង។
មាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖
មាត្រា៣ ថ្មី (មួយ)
ក្នុងករណីដែលឃើញថានីតិវិធីនៃមាត្រា៨២ ថ្មី(មួយ) និងមាត្រា១១៩ ថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញមិនអាចសម្រេចបាន រដ្ឋសភា តាមសំណើររបស់គណៈបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភាអាចដំណើរការការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតាំងប្រធាន អនុប្រធានសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការក្នុងពេលជាមួយគ្នានឹងការផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
មាត្រា៤ ថ្មី (មួយ)
ការរៀបចំបញ្ជីរាយនាមសមាសភាព ដើម្បីបោះឆ្នោតជ្រើសតាំង និងផ្តល់សេចក្តីទុកចិត្តត្រូវអនុវត្តដូចតទៅ៖
- បញ្ជីរាយនាមសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ត្រូវរៀបចំនិងស្នើដោយគណបក្សនយោបាយដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ហើយត្រូវផ្ញើជូនព្រឹទ្ធសមាជិករដ្ឋសភា។ ប្រធានរដ្ឋសភា ត្រូវជ្រើសរើសចេញពីសមាជិករដ្ឋសភាដែលមានសញ្ជាតិខ្មែរតែមួយគត់។
- តាមសេចក្តីស្នើពីគណបក្សនយោបាយ ដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភាព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្រ្តី ឲ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលនិងត្រូវទទួលបានកាតចាត់តាំងជានាយករដ្ឋមន្ត្រីនេះ ត្រូវតែជាតំណាងរាស្រ្តដែលមានសញ្ជាតិខ្មែរតែមួយគត់ នឹងដែលត្រូវជ្រើសរើសចេញពីគណបក្សនយោបាយ ដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា។ វរជនដែលត្រូវបានចាត់តាំងនេះ ត្រូវរៀបចំផ្គូផ្គងតំណែងផ្សេងៗក្នុងរដ្ឋាភិបាល រួចផ្ញើបញ្ជីរាយនាមសមាជិកទាំងអស់នៃរាជរដ្ឋាភិបាលជូនព្រឹទ្ធសមាជិករដ្ឋសភា។
- ព្រឹទ្ធសមាជិករដ្ឋសភាត្រូវរៀបចំជាបន្ទាន់ និងដោយឥតបង្អង់នូវបញ្ជីរាយនាមជាកញ្ចប់មួយដែលរួមមានសមាសភាពប្រធាន និងអនុប្រធាននៃរដ្ឋសភា ក៏ដូចជាប្រធាន និងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ព្រមទាំងនាយករដ្ឋមន្រ្តីដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិកទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោត។ ព្រឹទ្ធសមាជិករដ្ឋសភាត្រូវដឹកនាំប្រជុំរដ្ឋសភា ដើម្បីបោះឆ្នោតអនុម័តបញ្ជីនេះជាបន្ទាន់។
- ព្រឹទ្ធសមាជិករដ្ឋសភាត្រូវជ្រើសរើសដោយកំណត់យកសមាជិករដ្ឋសភា ដែលមានអាយុច្រើនជាងគេ ក្នុងចំណោមសមាជិករដ្ឋសភាទាំងអស់។ ក្នុងករណីដែលព្រឹទ្ធសមាជិករដ្ឋសភារូបនេះមិនអាចអនុវត្តមុខងាររបស់ខ្លួនបាន មុខតំណែងព្រឹទ្ធសមាជិករដ្ឋសភាត្រូវប្រគល់ទៅសមាជិករដ្ឋសភាដទៃទៀតដែលមានអាយុច្រើនក្នុងលំដាប់បន្តបន្ទាប់។
ច្បាប់ធម្មនុញ្ញនេះត្រូវបានប្រកាសជាការប្រញាប់។
កំណត់សម្គាល់៖ នេះជាឯកសារវាយឡើងវិញ ក្រៅផ្លូវការ។ យើងខ្ញុំ លើកទឹកចិត្ត អោយអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់ជាមួយឯកសារផ្លូវការចេញផ្សាយដោយក្រុមប្រឹក្សាធម្មនុញ្ញ។ យើងខ្ញុំស្វាគមន៍ជានិច្ចដើម្បីទទួលនូវរាល់នូវមតិកែលំអដើម្បីស្ថាបនា ឬ ចូលរួមក្នុងការធ្វើអោយកាន់តែប្រសើរឡើង តាមរយៈអ៊ីម៉ែល : [email protected]