អត្ថន័យសង្ខេប
ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាចាប់ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០៣៥។ សេដ្ឋកិច្ចឌីជីថលមិនអាចប្រព្រឹត្តទៅបានទេបើគ្មានការចូលរួមពី
ប្រជាពលរដ្ឋគ្រប់រូបដើម្បីលើកកម្ពស់ការប្រើប្រាស់បណ្តាញឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព។ កំណើននៃអ្នកប្រើប្រាស់បណ្តាញឌីជីថលនេះ ក៏ជាប្រភពមួយដែលនាំឱ្យទិន្នន័យរបស់អ្នកប្រើប្រាស់កាន់តែជោរជន់ទៅក្នុងប្រព័ន្ធអ៊ីនធឺណិតផងដែរ។ ទិន្នន័យបុគ្គលទាំងអស់នោះបានក្លាយជាឧបករណ៍ដល់ជនខិលខូចដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ។ ហេតុដូចនេះហើយ ដើម្បីការពារអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលពីការបំពានទិន្នន័យបុគ្គល កម្ពុជាគួរតែមានច្បាប់តឹងរ៉ឹងផ្តោតលើបញ្ហាដែលកំពុង និងគ្រោងនឹងកើតឡើងទៅថ្ងៃ
អនាគត។ ការសិក្សាស្រាវជ្រាវនេះនឹងលើកយកបទដ្ឋានគតិយុត្តនៅសហរដ្ឋអាម៉េរិកជាចម្បង និងលាយឡំបរិបទតំបន់អាស៊ីផ្ទាល់ ក្នុងគោលបំណងបំពេញចំណុចខ្វះខាតនៅក្នុងបទប្បញ្ញត្តិនៅកម្ពុជាដើម្បីសម្រេចបាននូវសេដ្ឋកិច្ចឌីជីថលនាពេលអនាគត។