ជារៀងរាល់ថ្ងៃមិនថានៅកម្ពុជាឬក៏នៅបរទេស ទំនាក់ទំនងដែលកើតមានញឹកញាប់មិនចេះឈប់ឈរ នៅក្នុងវិស័យឯកជន កំណត់បានជាកិច្ចសន្យាដែលគឺជាប្រភេទនៃទំនាក់ទំនងគតិយុត្តបម្រើឱ្យសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋនៅក្នុងសង្គមគ្រប់សម័យកាល និងអាចចាត់ទុកបានថាជាកិច្ចប្រតិបត្តិការដ៏សំខាន់ផងដែរ ក្នុងការជំរុញឱ្យសេដ្ឋកិច្ចជាតិដំណើរការកាន់តែល្អប្រសើរ។ បច្ចុប្បន្ន ដោយគួបផ្សំជាមួយនឹងការវិវត្តនៃវិស័យបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដែលជំរុញឱ្យកិច្ចប្រតិបត្តិការជាច្រើននៅជុំវិញទាក់ទងទៅនឹងកិច្ចសន្យាមានភាពងាយស្រួលជាងមុន រហ័សជាងមុន ជាពិសេស គឺគេសង្កេតឃើញមានទំនាក់ទំនងកិច្ចសន្យាអន្តរប្រទេសក៏មានសន្ទុះកាន់តែពុះកញ្ជ្រោលយ៉ាងខ្លាំង។
កិច្ចប្រតិបត្តិការទាំងឡាយដែលបានរៀបរាប់ខាងលើ អាចជាសកម្មភាពពាណិជ្ជកិច្ច ឬជាកិច្ចស៊ីវិលធម្មតា ដែលអាចសង្កេតឃើញមាននៅក្នុងទំនាក់ទំនងនៃកិច្ចសន្យាជាច្រើន មានដូចជានៅក្នុងទំនាក់ទំនងនៃកិច្ចសន្យាលក់ទិញ ភតិសន្យា កិច្ចសន្យាដឹកជញ្ជូន ឬកិច្ចសន្យាម៉ៅការ។ ទន្ទឹមនឹងសន្ទុះសកម្មភាពកិច្ចការជំនួញកើតមានជារៀងរាល់ថ្ងៃ ជាមួយគ្នានេះបញ្ហាប្រឈមជាច្រើនក៏កើតមានដូចគ្នា ជាពិសេសគឺបញ្ហាប្រឈមជុំវិញលក្ខខណ្ឌសុពលភាពនៃការបង្កើតកិច្ចសន្យា ឬជាបញ្ហាដែលកើតចេញពីការមិនអនុវត្តកាតព្វកិច្ចរបស់គូភាគី ឬអាចមានករណីដែលតតិយជនបានធ្វើការតតាំងដើម្បីទាមទារសិទ្ធិលើវត្ថុ ឬករណីដែលភាគីអនុវត្តសិទ្ធិសុំមោឃភាព និងសុំរំលាយកិច្ចសន្យាជាដើម។