អត្ថន័យសង្ខេប

នៅក្នុងការធ្វើពាណិជ្ជកម្ម ទ្រព្យកម្មសិទ្ធិបញ្ញា គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមួយយ៉ាងសំខាន់នៅក្នុងចំណោមទ្រព្យសម្បត្តិផ្សេងទៀត (ដែលត្រូវបានស្គាល់ថាជា «មូលនិធិពាណិជ្ជកម្ម») ដែលជាឧបករណ៍​ជំរុញការប្រកួតប្រជែងលើទីផ្សារនៃផលិតផល ឬសេវាកម្ម។ កម្មវត្ថុនៃកម្មសិទ្ធិបញ្ញាមានច្រើនប្រភេទ ដែលនៅប្រព័ន្ធកម្មសិទ្ធិបញ្ញាលើពិភពលោក គេអាចចែកជាពីរផ្នែក ឬពីរមែកធាងធំៗ គឺ ១) កម្មសិទ្ធិអក្សរសាស្រ្តនិងសិល្បៈ និង ២)កម្មសិទ្ធិឧស្សាហកម្ម។

កម្មសិទ្ធិអក្សរសាស្រ្ត និងសិល្បៈ គឺសំដៅទៅលើទ្រព្យសម្បត្តិ (ឬ ទ្រព្យកម្មសិទ្ធិបញ្ញា) ដែលត្រូវបាន​បង្កើតឡើងដោយបញ្ញារបស់មនុស្ស នៅក្នុង៤ វិស័យ គឺ អក្សរសាស្រ្ត សិល្បៈ ដូរតន្រ្តី និងវិទ្យាសាស្រ្ត។

កម្មសិទ្ធិឧស្សាហកម្មវិញ គឺសំដៅទៅលើទ្រព្យសម្បត្តិ (ឬ ទ្រព្យកម្មសិទ្ធិបញ្ញា) ដែលត្រូវបានបង្កើតឡើងដោយបញ្ញារបស់មនុស្សនៅក្នុងវិស័យឧស្សហកម្ម ដែលរួមមាន ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ គំនូរឧស្សាហកម្ម ម៉ាក ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ភាពខុសគ្នានៃពូជរុក្ខជាតិ និងការសម្ងាត់ពាណិជ្ជកម្ម ។

នៅក្នុងអត្ថបទខ្លីនេះ យើងមិនលើកយកគ្រប់ប្រធានបទនៃកម្មសិទ្ធិបញ្ញាមកបកស្រាយនោះទេ ប៉ុន្តែយើងនឹងផ្តោតទៅលើកម្មវត្ថុនៃកម្មសិទ្ធិបញ្ញាមួយ ដែលជាទ្រព្យសម្បត្តិដ៏មានសក្តានុពលនៅក្នុងការធ្វើអាជីវកម្ម និងជាកម្លាំងចលករពង្រឹងការប្រកួតប្រជែងលើទីផ្សារ នោះគឺ «ការសម្ងាត់ពាណិជ្ជកម្ម»។ នៅក្នុងការអនុវត្តជីវភាពពាណិជ្ជកម្ម យើងអាចនិយាយជារួមបានថា «ពាណិជ្ជកម្ម គឺជាសង្រ្គាមទីផ្សារ»។ នៅក្នុងនេះ ការធ្វើពាណិជ្ជកម្ម គឺជៀសមិនផុតអំពីការប្រកួតប្រជែងនៅទីផ្សារផលិតផល ឬសេវាកម្មរៀងៗខ្លួន ដែល​ត្រូវអនុលោមតាមបញ្ញត្តិនៃការប្រកួតប្រជែងស្មោះត្រង់។ និយាយដោយឡែក ម្យ៉ាងទៀតរាល់ការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្មផ្នែកផលិតផល ឬសេវាកម្ម ក្រុមហ៊ុននីមួយៗ មានយន្តការ របៀប ឬរូបមន្ត នៅក្នុងការដឹកនាំ ការបង្កើតដំណើរការពាណិជ្ជកម្ម ឬផលិតកម្មនៃផលិតផល ឬសេវាកម្ម ដែលមានលក្ខណៈពិសេសដោយឡែកៗពីគ្នា ដើម្បីប្រកួតប្រជែងលើទីផ្សារនៅក្នុងវិស័យផលិតផល ឬសេវាកម្មរបស់ខ្លួន។ នៅក្នុងន័យនេះ ក្រុមហ៊ុននីមួយៗ ត្រូវធ្វើយ៉ាងណាដើម្បីដណ្តើមទីផ្សារផលិតផល ឬសេវាកម្ម ដើម្បីពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈការប្រើប្រាស់ និងរក្សាជាសម្ងាត់នូវព័ត៌មាន ដែលមានតម្លៃសេដ្ឋកិច្ច ឬតម្លៃពាណិជ្ជកម្ម ​សម្រាប់ការប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែងរបស់ខ្លួននៅលើទីផ្សារ ដោយធ្វើយ៉ាងណាត្រូវជៀសឱ្យផុតពីការទទួលបាន ឬបែកធ្លាយព័ត៌មានសំខាន់ៗផ្នែកអាជីវកម្មរបស់ខ្លួន ដល់ដៃគូប្រកួតប្រជែង ឬតតិយជនដែលពុំមានសិទ្ធិ ឬហេតុផលដែលត្រូវដឹង។