អត្ថន័យសង្ខេប

សេដ្ឋកិច្ចឌីជីថលកម្ពុជា គឺជាម៉ូដែលថ្មីនៃកំណើន។ ដោយឈរលើមូលដ្ឋាននៃការធ្វើបរមូបនីកម្មផលលាភកំណើនសេដ្ឋកិច្ចខ្ពស់ និងដោយមើលឃើញពីកាលានុវត្តភាព និងសក្តានុពលដ៏ធំធេងនៃសេដ្កិច្ចឌីជីថលក្នុងការកសាងប្រទេសជាតិឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាសម្រាប់រយៈពេលវែងទៅមុខ រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍ និងនវានុវត្តន៍ក្របខណ្ឌនិយ័តកម្មសេដ្ឋកិច្ចឌីជីថលកម្ពុជា ដែលធានាឱ្យសេដ្ឋកិច្ចឌីជីថលកម្ពុជាដំណើរការប្រព្រឹត្តទៅល្អប្រសើរ ប្រកបដោយសនិទានភាព, ស្ថិរភាព និងភាពជឿទុកចិត្តពីគ្រប់តួអង្គ។ ក្របខណ្ឌនិយ័តកម្មសេដ្ឋកិច្ចឌីជីថលកម្ពុជា គ្របដណ្តប់លើស្ថាប័នមានសមត្ថកិច្ច, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, សន្តិសុខឌីជីថល, រដ្ឋាភិបាលឌីជីថល, ការការពារអ្នកប្រើប្រាស់, ការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ឬសុចរិត, ការការពារទិន្នន័យបុគ្គល, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងធុរកិច្ចឌីជីថល, បច្ចេកវិទ្យាហិរញ្ញវត្ថុ, ការការពារកម្មសិទ្ធិបញ្ញា, ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសារពើពន្ធ ដែលជាសមាសភាគទ្រទ្រង់សេដ្ឋកិច្ចឌីជីថលកម្ពុជា។ ក្របខណ្ឌនិយ័តកម្មនេះនៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវការទិសដៅយុទ្ធសាស្ត្រដោះស្រាយប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព។