អត្ថន័យសង្ខេប

គ្មានអ្វី​ងាយស្រួល និង​ចំណាយតិច​ជាងការធ្វើមតកសាសន៍នោះទេ ពីព្រោះ​វា​ទាមទារ​ត្រឹមតែ​សំណេរ​លើ​ក្រដាសមួយ​សន្លឹកប៉ុណ្ណោះ។ គ្មានអ្វី​ដែលលំបាក និង​ចំណាយច្រើនជាងការអនុវត្ត​មតកសាសន៍នោះដែរ​ បើ​​វាគឺ​ជា​បណ្តាំដែល​​មិន​ច្បាស់លាស់ ឬមានជាប់​នូវ​មន្ទិលអំពីសុពលភាព ឬ​នឹង​​​ផ្តល់ផលប្រយោជន៍​ទៅ​ឱ្យបុគ្គលដែល​មិនសមនឹង​ទទួល​បាន ឬ​មួយ​ត្រូវស្ថិត​ក្រោម​របបពន្ធ​ដារមួយ​យ៉ាងខ្ពស់ និងសាំញ៉ាំ។ ការណ៍​នេះ​មានន័យថា ខ្លឹមសារ​រមែងមានភាព​សំខាន់​ខ្លាំងច្រើន​ជាងទម្រង់។ តែទោះយ៉ាងណា​ ​ក្នុង​ករណី​​មតកសាសន៍​វិញ យើង​ពុំ​អាច​ធ្វេសប្រហែសលើផ្នែកទម្រង់ឡើយ​ ពីព្រោះមោឃភាព​ខាង​ទម្រង់​នៃ​មតកសាសន៍នឹង​ដឹកនាំទៅ​​រក​​ការ​បាត់បង់​ប្រសិទ្ធភាព​ទាំងមូល​នៃ​ខ្លឹមសារ​របស់វាមិនខាន ខណៈពេលត្រូវ​អនុវត្តវា​គឺ​ម្ចាស់​បណ្តាំ​បានទទួលមរណភាព​ និងលែងអាច​មកបញ្ជាក់អំពីខ្លឹមសារ​របស់​វា​​បានទៀតហើយ។ តាមរយៈសិទ្ធិអំណាច តួនាទី ជំនាញ និង​ការទទួលខុសត្រូវរបស់​សារការី ​ក្នុងនាមជា​មន្ត្រី​សាធារណៈ​ ពិតជា​អាច​ធានាឱ្យដំណើរការ​តាំងពីការ​បង្កើតរហូតដល់ការប្រតិបត្តិមតកសាសន៍​មួយ ទទួល​បានជោគជ័យ និង​អាច​ជឿទុកចិត្តបាន។ ផ្អែក​តាមបទពិសោធន៍បរទេស សារការីគឺ​​​ពិតជា​មានតួនាទី​ដ៏​សំខាន់ខ្លាំងណាស់ មិនត្រឹមតែ​នៅក្នុងដំណើរការ​បង្កើត​លិខិតមតកសាសន៍ប៉ុណ្ណោះទេ ថែមទាំងនៅ​ក្នុងដំណើរការ​ចាត់ចែងសន្តតិកម្ម​របស់មតកជន​ម្នាក់ៗផងទៀត ជា​ពិសេស​ចំពោះ​សន្តតិកម្មដោយមតកសាសន៍តែម្តង​ ពីព្រោះអ្នក​ជំនាញ​ច្បាប់​ដែល​ជា​មន្ត្រី​សាធារណៈដូចសារការី​នេះ ពិតជា​អាច​​ជួយសម្រួល និង​​ធានាបាន​នូវ​ប្រសិទ្ធភាព ភាពងាយ​ស្រួល ភាព​ឆាប់រហ័ស ប្រកបដោយ​ភាពបត់បែន និង​ពិតណាស់ សុវត្ថិភាព​គតិយុត្តខ្ពស់ ស្របតាម​ស្មារតី​នៃ​សាមគ្គីភាព​គ្រួសារ​ បើប្រៀបធៀបទៅ​នឹង​នីតិវិធីចាត់ចែង​សន្តតិកម្មតាម​​ផ្លូវតុលាការ។