នៅឆ្នាំ២០១៤ រដ្ឋាភិបាលបានអនុម័តគោលនយោបាយលំនៅឋានថ្នាក់ជាតិដើម្បីលើកកម្ពស់ និងគាំទ្ររាល់ការអភិវឌ្ឍន៍លំនៅឋានគ្រប់ប្រភេទ ជាពិសេសគឺជំរុញនូវលទ្ធភាពក្នុងការទិញលំនៅឋានសម្រាប់មន្រ្តីរាជការ និងប្រជាជនដែលចំណូលទាបស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រ និងប្រជាជនចំណាកស្រុក។ រីឯតម្លៃលំនៅឋាននៅក្នុងទីផ្សារអចលនវត្ថុទាំងតម្លៃជួល និងតម្លៃលក់ក៏ត្រូវបានប៉ះពាល់យ៉ាងខ្លាំងដែរនៅក្នុងបរិបទនៃជំងឺកូវីត១៩។ គិតចាប់ពីឆ្នាំ១៩៧៩ មកដល់ពេលបច្ចុប្បន្ន បទដ្ឋានគតិយុត្តនៅក្នុងប្រទេសកម្ពុជាទាក់ទងនឹងលំនៅឋានមានការវិវត្តជាបន្តបន្ទាប់ដូចជា៖ ការទទួលបាននូវកម្មសិទ្ធិឯកជន ការចុះបញ្ជីដីធ្លី (ដែលមានលក្ខណៈជាប្រព័ន្ធ លក្ខណៈដាច់ដោយដុំ និងការចុះបញ្ជីបន្ថែម) ប្រភេទបណ្ណសំគាល់សិទ្ធិកាន់កាប់និងសិទ្ធិកម្មសិទ្ធិ (ប្លង់រឹង៖ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី, ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ, វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ។ ប្លង់ទន់ និង វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន) យន្តការនៃការទទួលបានសិទ្ធិកាន់កាប់ និងសិទ្ធិកម្មសិទ្ធិរបស់ជនបរទេស (វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន, ការតំណាង, ការស្នើសុំសញ្ជាតិខ្មែរ, ក្រុមហ៊ុនអចលនទ្រព្យ និងបរធនបាលកិច្ច) លំហូរនីតិវិធីនៅដំណាក់កាលបឋម ដំណាក់កាលតាក់តែងកិច្ចសន្យាទិញលក់និងដំណាក់កាលផ្ទេរសិទ្ធិកាន់កាប់និងសិទ្ធិកម្មសិទ្ធិតាមរយៈអាជ្ញាធរមូលដ្ឋាន ការចុះបញ្ជីនៅនាយកដ្ឋានរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការបង់ពន្ធនៅនាយកដ្ឋានពន្ធដារ។