បន្ទាប់ពីជោគជ័យនៃការដាក់ដំណើរការព្រឹត្តិបត្រលេខទី៣កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅនេះ ក្រុមការងារអ្នកសម្របសម្រួល បានពិភាក្សា និងបានមូលមតិគ្នា ក្នុងការបញ្ជូលបច្ចុប្បន្នភាពពាក់ព័ន្ធនឹងច្បាប់អន្តរជាតិថ្មីមួយទៀតនៅក្នុងលេខទី៤ នេះ ដែលនឹងគ្របដណ្តប់ហេតុការណ៍សំខាន់ៗដែលបានកើតមាននៅក្នុងចន្លោះ ឆមាសទី២ ឆ្នាំ២០២២ និងត្រីមាសទី១ នៃឆ្នាំ២០២៣។ វាជាលើកដំបូងសម្រាប់ខ្ញុំ ក្នុងការទទួលយកការងារមួយនេះ ត្បិតវាមិនមែនជាអត្ថបទវិភាគស៊ីជម្រៅផ្នែកច្បាប់អន្តរជាតិ ហើយវារឹតតែមិនមែនជាអត្ថបទរបៀបជាសំណេររបស់អ្នកកាសែត ដែលរៀបរាប់តែពីព្រឹត្តន័យទូទៅនោះទេ។ ជាក់ស្ដែង គោលបំណងសំខាន់របស់បច្ចុប្បន្នភាពច្បាប់អន្តរជាតិនេះ គឺចង់ផ្តោតជាចម្បងក្នុងការផ្តល់ព័ត៌មានផ្នែកច្បាប់ទូទៅ ដែលមានសារៈប្រយោជន៍ជាមូលដ្ឋានក្នុងការស្រាវជ្រាវច្បាប់អន្តរជាតិ និងផ្នែកពាក់ព័ន្ធ។
«Ubi Societas ibi jus» «ទីណាមានសង្គម ទីនោះមានច្បាប់»។ ពាក្យទំនៀមឡាតាំងនេះ មាណអត្ថន័យថា៖ ច្បាប់អាចត្រូវបានរកឃើញនៅក្នុងគ្រប់ទម្រង់នៃសង្គម។ សង្គមជាតិ ដែលប្រមូលផ្តុំដោយបុគ្គល (រូបវន្តបុគ្គល និងនីតិបុគ្គល) មានច្បាប់ជាតិ។ ដូចគ្នានេះដែរ សង្គមអន្តរជាតិ ដែលប្រមូលផ្តុំដោយរដ្ឋ និងអង្គការអន្តរជាតិ មានច្បាប់អន្តរជាតិជាមូលដ្ឋានក្នុងការរៀបចំសណ្តាប់ធ្នាប់រៀបរយរបស់សង្គមដែលគ្មានឋានានុក្រមរវាងរដ្ឋ (សមភាពអធិបតេយ្យ) ។ សង្គមអន្តរជាតិប្រមូលផ្តុំដោយរដ្ឋអធិបតេយ្យ ជាសង្គមមួយដែលមានវិសេសភាព (បើប្រៀបធៀបជាមួយសង្គមជាតិ) ដោយសារអំណាចប្រមូលផ្តុំនឹងរដ្ឋ ហើយរដ្ឋជានីតិករផង ប្រតិបត្តិករផង និងអ្នកផ្តល់សមត្ថកិច្ចជូនតុលាការអន្តរជាតិផង។ ការតាមដានតថភាព ផ្សារភ្ជាប់ជាមួយការវិវត្តរបស់សង្គមអន្តរជាតិដែលមានលក្ខណៈពិសេសនេះ មានភាពចាំបាច់ណាស់ ដើម្បីអនុញ្ញាតអោយអ្នកស្រាវជ្រាវ និងវិជ្ជាជីវករ អាចស្វែងយល់អំពីឬសកែវនៃបញ្ហា (បញ្ហាគតិយុត្ត) និងចូលរួមស្ថាបនាក៏ដូចជាអភិវឌ្ឍជាបន្តបន្ទាប់នៃវិធានជាធរមាននៃច្បាប់អន្តរជាតិទំនើប។
ជាក់ស្តែង នៅក្នុងព្រឹត្តិបត្រលេខទី១ (លេខពិសេស) បោះផ្សាយខែកញ្ញា ២០២១, ខ្ញុំ និងសហការី បានតាមដានយ៉ាងយកចិត្តទុកដាក់ពីវិបត្តិសុខភាពពិភពលោកបង្កឡើងដោយជំងឺកូវីដ១៩ និងបានមូលមតិគ្នាសរសេរ និងបោះផ្សាយអត្ថបទជំនួយស្មារតីស្ដីពី «វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងច្បាប់អន្តរជាតិ»។ គ្មាននរណាទស្សន៍ទាយ និងនឹកស្មានដល់ថា៖ ក្រោយវិបត្តិសុខភាពសកលដែលសម្លាប់មនុស្សរាប់សិបលាននាក់, ពិភពលោក នឹងវិលត្រលប់មករកប្រក្រតីភាពជាថ្មីម្តងទៀត ជាមួយពន្លឺនៃក្តីសង្ឃឹម «ពិភពលោកស្រស់បំព្រងក្រោយវិបត្តិសុខភាព»។ តែជាអកុសល វិបត្តិថ្មីមួយទៀត បានចូលមក និងធ្វើអោយក្តីសង្ឃឹមទុកថា កំណើនសេដ្ឋកិច្ច នឹងងើបមកវិញ ស្រាប់តែបន្តដាំក្បាលចុះ ព្រមទាំងបង្កនូវហានិភ័យបន្ថែមថ្មីមួយទៀតពីលើវិបត្តិសុខភាព និងបានយាយីទៅដល់សុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពពិភពលោកទ្វេដង ដែលពិភពលោកទាញសញ្ញាប្រកាសអាសន្ន។ វិបត្តិថ្មីនេះ គឺបណ្តាលមកពីការពង្រាយយោធាជាទ្រង់ទ្រាយធំមិនធ្លាប់មាន ដើម្បីចូលវាយលុកមកលើអ៊ុយក្រែន ពីសំណាក់រុស្ស៊ី ដែលអ្នកវិភាគនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានប្រៀបប្រដូចថាជា «សង្គ្រាមលោកលើកទី៣»[1] (ព្រោះសង្គ្រាមលោកលើកទី១ និងទី២ សុទ្ធសឹងតែចាប់ផ្តើមលើទឹកដីអឺរ៉ុប)។
ស្ថិតនៅក្នុងក្របខណ្ឌនៃសំណេរជាអត្ថបទផ្តល់បច្ចុប្បន្នភាពច្បាប់អន្តរជាតិមួយនេះ យើងខ្ញុំ សូមអនុញ្ញាតច្បិចយកអង្គហេតុ និងទិដ្ឋភាពទូទៅមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងច្បាប់អន្តរជាតិ មកសាកល្បងផ្តល់ជាគំនិតពិចារណាយ៉ៗ ដោយផ្អែកលើទស្សនៈផ្ទាល់ខ្លួនរបស់ស្មេរ។ ការធ្វើបែបនេះ ក៏ដោយហេតុថា គេឃើញមានអត្ថបទជាសំណេរសារព័ត៌មានជាច្រើនលើសលប់ ដែលបាន និងកំពុងផ្តល់ព័ត៌មានទូទៅស្តីពីការវិវត្តនៃសង្គ្រាម និងផលវិបាករបស់វា។ ដូចនេះហើយ សំណេរខាងក្រោមនេះ នឹងបកស្រាយជុំវិញនឹងសំនួរដែលចោទសួរថា៖ តើអ្វីជាវិបាកគតិយុត្តអន្តរជាតិ កើតចេញមកពី សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ យើងខ្ញុំ នៅតែបន្តជឿជាក់ និងមានសុទិដ្ឋិនិយមថា មានតែអនុលោមភាពទៅនឹងច្បាប់អន្តរជាតិទេ ដែលអាចនាំអោយពិភពលោក បន្តមានសុខសន្តិភាព និងវិបុលភាពទៅអនាគត។
[1] Ukraine invasion may be start of ‘third world war’, says George Soros