វិធានពាក់ព័ន្ធឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ គឺថាជាផ្នែកនៃច្បាប់ទំនៀមទម្លាប់ ឬគោលការណ៍ទូទៅនៃច្បាប់ ដែលវាបង្ហាញនូវកិច្ចការពារមួយចំនួនដែលមិនអាចរកបាន ប្រសិនជាប្រៀបធៀបជាមួយច្បាប់ជាតិ។ បទដ្ឋានពាក់ព័ន្ធនឹងពិរុទ្ធភាពរបស់ជនជាប់ចោទ ត្រូវបានតុលាការយុត្តិធម៌អន្តរជាតិ និងច្បាប់អន្តរជាតិបង្កើតឡើងនៅក្រោយសង្រ្គាមលើកលើកទី២ ដែលធ្វើឡើងដោយតុលាការពិសេសដូចជា តុលាការអន្តរជាតិនៅ Nuremberg និងទីក្រុងតូក្យូ ដោយបានបន្សល់ទុកនូវគោលការណ៍ណែនាំនៃការកាត់ទោសមួយចំនួន សម្រាប់យកមកអនុវត្តចំពោះករណីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ជាដើម។[1] ទំាងនេះគឺជាយុត្តិសាស្រ្ត ដែលក្រោយៗមកទៀតមានករណីសិក្សាពីរបបប្រកាសទោស ដោយសាលាក្តីពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់អតីតប្រទេសយូហ្គោស្លាវី (ICTY) ប្រទេសរវ៉ាន់ដា (ICTR)  តុលាការអ.វ.ត.ក (ECCC) នៃប្រទេសកម្ពុជាផងដែរ។

ជាក់ស្តែងនាថ្ងៃទី២២ ខែកញ្ញា ឆ្នំា២០២២ អង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា ហៅកាត់ថា
អ.វ.ត.ក បានប្រកាសទោសចំពោះទណ្ឌិតឈ្មោះ ខៀវ សំផនក្នុងសំណុំរឿង ០០២/០២ ដែលបានបំបែកចេញពីសំណុំរឿង ០០២។1 តុលាការ​​ អ.វ.ត.ក បន្សល់ទុកនូវកេរតំណែលនីតិវិធី និងរបៀបនៃការប្រកាសទោស សម្រាប់ជាការសិក្សាស្រាវជ្រាវនាពេលអនាគត។2

ការស្រាវជ្រាវនេះ សិក្សាតែមួយផ្នែកនៃរបបប្រកាសទោស ដោយលើកពីប្រព័ន្ធនៃការប្រកាសទោស និងគោលការណ៍របស់វា ដែលទើបតែប្រកាសដោយសាលដីការរបស់តុលាការកំពូល អ.វ.ត.ក។របបនៃការប្រកាសទោសបានបង្កជាចម្ងល់ផ្នែកគតិយុត្តជាច្រើនជុំវិញ នៅក្នុងសាលដីកាទំាងពីររបស់
ទណ្ឌិត​ខៀវសំផន ក្នុងសំណុំរឿង ០០២ /០១ និង០០២ /០២ ត្រង់របបប្រកាសទោសដោយការអនុវត្តបទល្មើសត្រួតគ្នា នៃទោសដាក់ពន្ធនាគារមួយជិវិត។


[1] Kaufman, Zachary D. “The Nuremberg Tribunal v. the Tokyo Tribunal: designs, staffs, and operations.” J. Marshall L. Rev. 43 (2009): 753