ពាក្យចាស់លោកតែងពោលថា «ទីណាមានទឹក ទីនោះមានត្រី» ចុះបើទីណាមានបទល្មើសថ្មីទីនោះត្រូវតែមានច្បាប់។ ប្រយោគនេះ សរបញ្ជាក់អំពីទំនាក់ទំនងរវាងច្បាប់ និងបទល្មើស គឺជាទំនាក់ទំនងដែលមិនអាចកាត់ផ្ដាច់គ្នាបានឡើយ ប្រៀបដូចជាទំនាក់ទំនងរវាងទឹក និងត្រីយ៉ាងដូច្នោះដែរ។ នៅក្នុងយុគសម័យបដិវដ្ដឧស្សាហកម្ម ៤.០ បទល្មើសមួយចំនួនត្រូវបានប្រែសណ្ឋានទៅជាទម្រង់ឌីជីថល ហើយបានរីករាលដាលពេញថ្នាលអ៊ីនធឺណិត។ ដោយសារអ៊ីនធឺណិតគ្មានព្រំដែន ជាហេតុធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតអាចរំលោភបំពានសិទ្ធិអ្នកនិពន្ធយ៉ាងងាយស្រួល ដោយគ្រាន់តែចុចទាញយក ចែករំលែក ឬបង្ហោះស្នាដៃដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធត្រឹមមួយវិនាទីប៉ុណ្ណោះ។ យោងតាមស្ថានភាពនេះ ប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងបង្ការនូវការរំលោភបំពានសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ ព្រោះពួកគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទៅលើគ្រប់ប្រតិបត្តិការដែលប្រព្រឹត្តទៅនៅក្នុងបណ្ដាញសេវាកម្មរបស់ពួកគេ។ ហេតុដូចនេះ ដើម្បីកាត់បន្ថយការរំលោភបំពានសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញឱ្យនៅត្រឹមអប្បបរមា ច្បាប់ត្រូវដាក់ការទទួលខុសត្រូវដល់ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត។

ការទប់ស្កាត់ និងបង្រ្កាបនូវបទល្មើសដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍន៍នៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល ខណៈពេលដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជាមានទស្សនៈវិស័យក្នុងការធ្វើបដិវត្តកម្មឌីជីថល នៅគ្រប់វិស័យនៃសេដ្ឋកិច្ច និងសង្គមតាមរយៈការប្រើប្រាស់បច្ចេកវិទ្យានាពេលអនាគត។[1] ប្រទេសកម្ពុជា គឺជាប្រទេសក្មេងខ្ចីនៅឡើយក្នុងវិស័យសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ។ ដោយឡែក ការរំលោភបំពានសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញមិនមែនជាបញ្ហាថ្មីទេនៅកម្ពុជា។ ដូចនេះ ដើម្បីសម្រេចបាននូវទស្សនៈវិស័យសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាចាំបាច់ត្រូវមានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងបទល្មើសនៅក្នុងវិស័យសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ។ យ៉ាងណាមិញ​  កង្វះនូវបទពិសោធន៍នៅក្នុងវិស័យនេះ គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់កម្ពុជា ដែលទាមទារឱ្យមានការរៀនសូត្របន្ថែមទៀតពីបណ្ដាប្រទេស ដែលអភិវឌ្ឍក្នុងវិស័យសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ ជាពិសេស គឺសហរដ្ឋអាម៉េរិក ព្រោះជាប្រទេសដំបូងបំផុតដែលមានច្បាប់ក្នុងការកម្រិតការទទួលខុសត្រូវរបស់ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត នៅក្នុងវិស័យសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញនេះ។[2] អាស្រ័យហេតុនេះ ទើបកិច្ចការស្រាវជ្រាវនេះបានលើកយកប្រធានបទ «សិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ៖ ប្រៀបធៀបបទល្មើស និងការទទួលខុសត្រូវប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក​​» ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងរបស់ប្រជាជនខ្មែរទាំងមូល អំពីការរំលោភបំពានសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ និងការទទួលខុសត្រូវរបស់ប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតលើការរំលោភបំពាននេះ។

កាលណាគេនិយាយដល់ «ប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិត» (Internet Service Providers “ISPs”) មនុស្សភាគច្រើន គឺគិតទៅដល់ក្រុមហ៊ុនផ្តល់សេវា Wi-Fi តែមួយមុខគត់។ ប៉ុន្តែនេះគ្រាន់តែជាផ្នែកតូចមួយនៃ ISPs ប៉ុណ្ណោះ។ នៅក្នុងកិច្ចការស្រាវជ្រាវនេះ និងបង្រួមវិសាលភាពនៃកិច្ចការស្រាវជ្រាវត្រឹមតែ សិក្សាលើការទទួលខុសត្រូវរបស់ «ប្រតិបត្តិករផ្ដល់សេវាមាតិកា» (Internet Content Providers “ICPs”) រួមមានដូចជាក្រុមហ៊ុន យូធូប (YouTube) ឬក្រុមហ៊ុន ហ្គូហ្គល (Google) ជាដើមដែលជាប្រភេទមួយទៀតនៃ ISPs  (ប្រភេទនៃ ISPs នេះនឹងមានពន្យល់លម្អិតនៅក្នុងផ្នែកទី១ កថាខណ្ឌទី២ នៃកិច្ចការស្រាវជ្រាវនេះ)

លើសពីនេះ ប្រធានបទស្តីពីសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ គឺពាក់ព័ន្ធនឹងនីតិចំនួនពីរសំខាន់ រួមមាននីតិកម្មសិទ្ធិបញ្ញា និងនីតិបច្ចេកវិទ្យាព័ត៌មានវិទ្យា។ បើមើលឱ្យស៊ីជម្រៅ ការការពារសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញគឺគ្របដណ្តប់តាំងពីយុត្តាធិការរបស់តុលាការចំពោះ ISPs ដែលមានសញ្ជាតិបរទេស និងយន្តការរដ្ឋបាល និងទណ្ឌកម្មចំពោះ ISPs ថែមទៀតផង។ យ៉ាងណាមិញ ការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយឥតខ្វះចន្លោះបែបនេះត្រូវការពេលវេលាយូរ និងធនធានចំណេះដឹង និងឯកសារគាំទ្រជាច្រើន។ ដោយហេតុតែពេលវេលាមានកម្រិត ក្នុងកិច្ចការស្រាវជ្រាវនេះនឹងផ្តោតសំខាន់តែទៅលើទម្រង់នៃការរំលោភបំពានសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ និងការទទួលខុសត្រូវគោលសំខាន់របស់ ISPs នៅពេលដែលគេប្រើប្រាស់ថ្នាល (Platform) របស់ខ្លួនដើម្បីទៅរំលោភបំពានសិទ្ធិអ្នកនិពន្ធ ដោយប្រៀបធៀបអំពីបរិបទនៃនីតិកម្មសិទ្ធិបញ្ញានៅសហរដ្ឋអាម៉េរិក និងកម្ពុជាដើម្បីស្វែងរកចំណុចដែលត្រូវរៀនសូត្របន្ថែម។

ហេតុនេះ ចំណោទគតិយុត្តបានលើកឡើងថា បើប្រៀបធៀបនឹងសហរដ្ឋអាម៉េរិក តើកម្ពុជាមានលិខិតបទដ្ឋានគតិយុត្តគ្របដណ្ដប់ទៅលើការរំលោភបំពានសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ និងការទទួលខុសត្រូវរបស់ ISPs បែបណាខ្លះ? ប្រសិនបើកម្ពុជាមិនមានលិខិតបទដ្ឋានគតិយុត្តគ្រប់គ្រាន់ទេនោះ
តើកម្ពុជាគួររៀនសូត្រយ៉ាងណាខ្លះពីច្បាប់របស់សហរដ្ឋអាម៉េរិក?

មុននឹងឈានចូលដល់ការបកស្រាយចម្ងល់នៃបញ្ហាគតិយុត្តខាងលើ កិច្ចការស្រាវជ្រាវនេះនឹងបង្ហាញជូនអំពី (ផ្នែកទី១) សញ្ញាណនៃការការពារសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញនៅកម្ពុជាធៀបនឹងសហរដ្ឋអាម៉េរិក  ដើម្បីកំណត់ទម្រង់នៃបទល្មើស និងការទទួលខុសត្រូវរបស់ ISPs ទៅលើសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញជាលក្ខណៈទ្រឹស្តីជាមុនសិន រួចទើបសិក្សាអំពី (ផ្នែកទី២) ការអនុវត្តការការពារសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ ដោយលើកយកករណីសិក្សារបស់សហរដ្ឋអាម៉េរិក ស្តីអំពីការទទួលខុសត្រូវរបស់ក្រុមហ៊ុន យូធូប (YouTube) និងក្រុមហ៊ុន អ៊ែរីអូ (Aereo Inc.) ដើម្បីស្ដែងឱ្យឃើញពីការអនុវត្តផ្ទាល់បន្ទាប់ពីទ្រឹស្តី។


[1]  រាជរដ្ឋាភិបាលកម្ពុជា, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, ទំព័រ៥។

[2]  López Romero, Tatiana, “Internet Service Providers’ Liability for Online Copyright Infringement: The US Approach,” No. 112, July-December, 2006, Pontificia Universidad Javeriana, Bogotá, Colombia, page. 195. Available in: <http://www.redalyc.org/articulo.oa?id=82511207> ចូលទស្សនានៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។