Subtitle

ភាពរីកចម្រើននៃអរិយធម៌ខ្មែរដែលបានប្រែក្លាយជាមហានគរ និងអាណាចក្រមួយគួរតែមិនមែនជារឿងចៃដន្យនោះទេ។ ឃ្លាដែលសាធារណជនតែងប្រើ «ខ្មែរជាពូជអ្នកចម្បាំង» ប្រហែលជាមិនអាចបកស្រាយនូវភាពរុងរឿងនិងរីកចម្រើននៃអរិយធម៌ខ្មែរសម័យបុរាណបានទាំងស្រុងនោះទេ។ ដូចគ្នានេះដែរជោគជ័យនៃភាពថ្កុមថ្កើនប្រហែលជាមិនបានកើតចេញពីការនិម្មិត្តជប់នោះឡើយ។ ជាក់ស្តែង ដើម្បីអោយសង្គមមួយរីកចម្រើនទៅមុខ, សណ្តាប់ធ្នាប់ និង យុត្តិធម៌សង្គម បានរួមចំណែកជាផ្នែកមួយអោយប្រជាជនអាចសាមគ្គីគ្នាបាន សម្រាប់ប្រយោជន៍រួមជាជាងសួនតួនិយម។ ដូច្នេះនៅពីក្រោយជ័យជំនះនៃចម្បាំងរាំងជល់ នៃស្ថាបត្យកម្មដ៏មហិមា រួមមានប្រាសាទ ប្រព័ន្ធធារាសាស្ត្រ នានា អាចមួយចំណែកធំស្តែងចេញពីការគិតគូរវិភាគដិតដល់។ ការណ៍នេះទៀតសោតប្រហែលជាមិនអាចកាត់ផ្តាច់ចេញពីការសិក្សា រៀនសូត្រ ស្រាវជ្រាវនោះឡើយ។ ក្នុងបរិបទសម័យបុរាណ ក៏ប្រហែលជាមិនខុសគ្នានោះឡើយ បើពិនិត្យលើវិស័យយុត្តិធម៌តែមួយមុខ គឺមានឯកសារជាច្រើនដែលខ្មែរសម័យនោះត្រូវសិក្សារៀនសូត្រ។ ឯកសារទាំងនោះមានប្រភពមកពីប្រទេសឥណ្ឌាដែលមានដូចជា Manusmrti រឺ Mānava-dharmaśāstra (មនវធម៌សាស្រ្ត) Arthasastra (អត្តសាស្រ្ត), Dharamashastras (ធម៌សាស្រ្ត) និងឯកសារនានាផ្សេងទៀត។ ទោះជាយ៉ាងនេះក្តី ខ្មែរបុរាណមិនបានដកស្រង់នូវខ្លឹមសារបទដ្ឋានគតិយុត្តឥណ្ឌាទាំងស្រុងនោះទេ។ ផ្ទុយទៅវិញខ្មែរក៏មានច្បាប់ទំនៀមខ្លួនខ្លះផងដែរ។