Subtitle

ប្រសិនបើមានអ្វីមួយ ដែលអាចសម្លាប់មនុស្សរាប់លាននាក់នៅប៉ុន្មានទស្សវត្សរ៍ទៀតនោះ វាទំនងជាវីរុសដែលអាចឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស តែមិនមែនជាសង្គ្រាម ឬការប្រើប្រាស់អាវុធប្រល័យលោក​នោះទេ[1]។ នេះ ជាការលើកឡើងដោយលោក ប៊ីល ហ្គេត (Bill Gates) កាលពីឆ្នាំ២០១៥ នៅក្នុងកម្មវិធីវោហាស័ព្ទ TED។ ជាក់ស្តែង ការប្រមើលមើលរបស់ លោក ប៊ីល ហ្គេត កាលពី៧ឆ្នាំមុននេះ បាននិងកំពុងកើតមានយ៉ាងពិតប្រាកដមែននាពេលបច្ចុប្បន្ននេះ បើយោងតាមស្ថានការណ៍ចុងក្រោយនៃការឆ្លងរាតត្បាតនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលមានបណ្តាលមកពី វីរុសកូវីដ១៩ (តទៅនេះហៅថាជំងឺកូវីដ ១៩)។ សព្វថ្ងៃ ពិភពលោកទាំងមូល បាន និងកំពុងព្យាយាមរិះរកមធ្យោបាយ​តាមរយៈវ៉ាក់សាំងបង្ការជំងឺ
កូវីដ ១៩[2] រួមជាមួយវិធានការនានាទាំងក្របខណ្ឌវេជ្ជសាស្ត្រ និងក្របខណ្ឌច្បាប់ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ក៏ដូចជាជួយសង្គ្រោះមនុស្សជាតិទាំងមូលពីគ្រោះមហន្តរាយផ្នែកសុខភាពនេះ[3]

ក្នុងន័យនេះ អង្គការសុខភាពពិភពលោកដែលជាអង្គការអន្តរជាតិក្នុងប្រព័ន្ធសហប្រជាជាតិទទួលបន្ទុកលើកកម្ពស់សុខភាពសាធារណៈពិភពលោក បាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងនាមជាអ្នកសម្របសម្រួល និងគ្រប់គ្រងស្ថានការណ៍អាសន្នផ្នែកសុខាភិបាល ព្រមទាំងរិះរកវិធានការស្របតាមច្បាប់អន្តរជាតិនានា ដើម្បីទប់ស្កាត់ការរាតត្បាតជាសាកលនៃជំងឺនេះ។ យ៉ាងណាមិញ អង្គការនេះ ត្រូវបានបណ្តាប្រទេសជាសមាជិកមួយចំនួន បាន​រិះគន់ពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងការគ្រប់គ្រងស្ថានភាពវឹកវរនេះ។ ឯកសារស្រាវជ្រាវមួយនេះ នឹងព្យាយាមផ្តល់ការបកស្រាយដោយត្រួសៗពីតួនាទីសំខាន់ៗរបស់អង្គសុខភាពពិភពលោក ក្នុងក្របខណ្ឌច្បាប់អន្តរជាតិស្តីពីជំងឺឆ្លងរាតត្បាតជាសាកល ដោយច្បិចយកឧទាហរណ៍មួយចំនួនស្ដីពីការគ្រប់គ្រងជំងឺឆ្លងរាតត្បាតនានា រួមបញ្ចូលផងដែរនូវជំងឺកូវីដ ១៩។


[1] សូមមើល,​ ប្រសាសន៍របស់លោក Bill Gates «The next outbreak? We’re not ready | Bill Gates», ចុះផ្សាយក្នុងគេហទំព័រTED, < https://www.ted.com/talks/bill_gates_the_next_outbreak_we_re_not_ready >,​ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥, ចូលទស្សនាថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ២០២១។ ។

[2] សូមមើល ផល ពិសាល និងរស់ សយម្ភូ, វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ និង ច្បាប់អន្តរជាតិ, ព្រឹត្តិបត្រច្បាប់សមាគមសាលាត្រាជូ លេខពិសេសទី១, ខែកញ្ញា ឆ្នាំ២០២១។

[3] សូមមើល ផល ពិសាល និងសូ សក្តា, «ច្បាប់ស្តីពីការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន៖ បទពិសោធន៍ប្រទេសបារាំង», ការផ្សាយរបស់សមាគមសាលាត្រាជូ, ខែមេសា ឆ្នាំ២០២០, < http://salatraju.com/post/513 >, ចូលទស្សនាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។