នៅប្រទេសកម្ពុជា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចម្បងៗដែលអាចអនុវត្តចំពោះវិវាទពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា រួមមានសន្ធានកម្ម មជ្ឈត្តការពាណិជ្ជកម្ម និងការដោះស្រាយវិវាទបឋមដោយមន្រ្តីកាន់កាប់បញ្ជី។ ជាទូទៅ​ ការអនុវត្តយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចំពោះវិវាទពាក់ព័ន្ធនឹងអត្ថិភាពនៃសិទ្ធិ និងការរំលោភបំពានសិទ្ធិ គឺមានលក្ខណៈរឹតត្បិតជាងការអនុវត្តចំពោះវិវាទពាក់ព័ន្ធនឹងការធ្វើអាជីវកម្មលើសិទ្ធិ្ធតាមរយៈកិច្ចសន្យា ដោយសារមូលហេតុពីរយ៉ាង ពោលគឺភាពមិនអាចប្រើប្រាស់បាន និងចរិតលក្ខណៈសណ្ដាប់ធ្នាប់សាធារណៈនៃទិដ្ឋភាពមួយចំនួនរបស់កម្មសិទ្ធិបញ្ញា។