អនុប្បទានសិទ្ធិលើបំណុលគឺប្រតិបត្តិការមួយដែលមានពីរភាគីគឺអនុប្បទាយី និងអនុប្បទានិក។ អនុប្បទាយីគឺជាម្ចាស់បំណុលដែលមានសិទ្ធិលើបំណុលលើកូនបំណុល រីឯអនុប្បទានិកគឺជាតតិយជន។​ អនុប្បទាយីអនុប្បទានសិទ្ធិលើបំណុលដែលខ្លួនមានលើកូនបំណុលឲ្យទៅអនុប្បទានិក ដែលបន្ទាប់មកអនុប្បទានិកនឹងក្លាយជាម្ចាស់បំណុលថ្មីរបស់កូនបំណុល ដែលទទួលបន្តនូវសិទ្ធិ និងកាតព្វកិច្ចដែលម្ចាស់បំណុលមានលើកូនបំណុល។ អនុប្បទានសិទ្ធិលើបំណុលគឺអាចធ្វើឡើងក្នុងគោលបំណងជាច្រើនដូចជា ដើម្បីដាក់សិទ្ធិលើបំណុលធ្វើជាប្រាតិភោគឲ្យអនុប្បទានិក ឬដើម្បីលក់សិទ្ធលើបំណុលឲ្យទៅអនុប្ប-
ទានិក។ ទោះជាយ៉ាងណា ការធ្វើអនុប្បទានសិទ្ធលើបំណុលគឺមានអានុភាពរវាងតែអនុប្បទានិក និង
អនុប្បទាយីតែប៉ុណ្ណោះ ប្រសិនបើអនុប្បទាយីមិនបានជូនដំណឹងស្តីពីការធ្វើអនុប្បទានទៅឲ្យកូនបំណុលនៃសិទ្ធិលើបំណុលនោះ ហើយក៏មិនអាចតតាំងជាមួយតតិយជនបានដែរប្រសិនបើការជូនដំណឹងទៅកូនបំណុលនោះមិនបានធ្វើឡើងតាមរយៈលិខិតដែលមានកាលបរិច្ឆេទស្ថាពរ។ លក្ខខណ្ឌតតាំងជាមួយកូនបំណុល និងតតិយជននេះអាចជាបន្ទុកមួយសម្រាប់ការអនុវត្តអនុប្បទានសិទ្ធិលើបំណុលដោយសារតែ
កង្វះខាតនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលអាចសម្រួលឲ្យការបំពេញលក្ខខណ្ឌតតាំងអាចធ្វើឡើងប្រកបដោយប្រសិទ្ធផល និងងាយស្រួល។