ការប្រមូលពន្ធលើប្រាក់ចំណូលចាប់ផ្ដើមតាំងពីឆ្នាំ១៩៩៤ ដែលមានចែងក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុ និងមានការវិវត្ដឥតឈប់ឈរ ស្របតាមការីកចម្រើន នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ ក្នុងន័យនេះ​ ពន្ធលើប្រាក់ចំណូល គឺជាបំណុលរបស់បុគ្គលនិវាសជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងរបស់អនិវាសជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា (តែក្នុងអត្ថបទនេះផ្ដោតទៅលើប្រាក់ចំណូលប្រភពកម្ពុជា)។ ក្នុងអត្ថបទនេះផងដែរ យើងនឹងបង្ហាញអំពី ការកំណត់អ្នកជាប់ពន្ធ ការចុះបញ្ជីពន្ធដារ ព្រមទាំងវិធីសាស្រ្តគណនា ពន្ធលើប្រាក់ចំណូល ដែលក្នុងបរិបទនេះព​ន្ធលើប្រាក់ចំណូល ផ្តោតលើការកំណត់ពន្ធលើប្រាក់ចំណូលរបស់សហគ្រាស ឬនីតិបុគ្គល។ ការស្រាវជ្រាវក្នុងអត្ថបទនេះមានគោលបំណងបង្ហាញពីនីតិវិធីក្នុងការអនុវត្ត និងបច្ចុប្បន្នភាពថ្មីៗពាក់ព័ន្ធនឹងបទប្បញ្ញត្តិស្តីពី ពន្ធលើប្រាក់ចំណូល ដើម្បីធ្វើយ៉ាងណាឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អ្នកស្រាវជ្រាវ និស្សិត និងសាធារណជន។