បន្ទាប់ពីការបាក់រលំអគារនៃក្រុងព្រះសីហនុ និងខេត្តកែប ច្បាប់ស្តីពី សំណង់ ដែលទើបតែប្រកាសឱ្យប្រើនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានធ្វើឱ្យវិស័យសំណង់ក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលគួរតែលើកមកធ្វើការសិក្សាឱ្យបានស៊ីជម្រៅ។ នៅក្នុងបរិបទច្បាប់សំណង់ថ្មីនេះ ទាមទារឱ្យមានលក្ខខណ្ឌចំនួនពីរថ្មី ដើម្បីបិទការដ្ឋានសាងសង់ ពោលគឺលិខិតបញ្ជាក់ពីអនុលោមភាពនៃការងារតាមគម្រោងប្លង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់  ដែលវាជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងការធានាថា សំណង់ដែលសាងសង់រួចពិតជាគុណភាព និងសុវត្ថិភាពស្របតាមការកំណត់របស់ច្បាប់។ លើសពីនេះទៅទៀត ច្បាប់សំណង់ថ្មីនេះផងដែរ បានបញ្ញត្តិនូវទោសព្រហ្មទណ្ឌ សម្រាប់អ្នកដែលចូលរួមក្នុងការសាងសង់ទាំងអស់ក៏ដូចជាម្ចាស់សំណង់ និងអ្នកប្រើប្រាស់ផងដែរ ដែលពីមុនការផ្តន្ទាទោសអ្នកទាំងនោះ គឺប្រើប្រាស់តែក្រមព្រហ្មទណ្ឌតែប៉ុណ្តោះ។ អត្ថបទនេះនឹងធ្វើការផ្តោតសំខាន់ទៅលើ មូលហេតុ និងបុគ្គលដែលត្រូវទទួលខុសត្រូវនៅក្នុងវិស័យសំណង់ និងទោសប្បញ្ញត្តិដែលត្រូវទទួល។