សេចក្តីផ្តើម
“បញ្ហានៃសិទ្ធិការពារខ្លួន ក្នុងប្រព័ន្ធច្បាប់ខ្មែរ ស្ថិតលើនិយមន័យ និងវិសាលភាពនៃសិទ្ធិទាំងនេះ ច្រើនជាងនៅលើអត្ថិភាពរបស់វានៅក្នុងប្រព័ន្ធច្បាប់មួយនេះ។ ការពោលបែបនេះមានន័យសេចក្តីពីរយ៉ាង៖ ទីមួយ គឺមុននឹងសិក្សាអំពីសិទ្ធិការពារខ្លួន យើងគប្បីសាកល្បងផ្តល់និយមន័យបឋមរបស់វាសិន ដើម្បីជាពន្លឺក្នុងការវិភាគស៊ីជម្រៅបន្តទៀត និងទីពីរ គឺបើទោះជាគ្មានសញ្ញាណច្បាស់លាស់ណាមួយ អំពីសិទ្ធិការពារខ្លួនក៏ដោយ ក៏មិនមែនមានន័យថាសិទ្ធិនេះគ្មានអត្ថិភាពក្នុងប្រព័ន្ធច្បាប់ណាមួយនោះដែរ។
សញ្ញាណនៃសិទ្ធិការពារខ្លួន.- តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត «ការពារ» សំដៅដល់ «ឃាត់ឃាំង ឬរារាំង មិនឱ្យសត្រូវចូលដល់ខ្លួន»។ បានន័យថា ការពារខ្លួន គឺជាការឃាត់ឃាំង ឬរារាំងមិនឱ្យអ្វីមួយប៉ះពាល់ដល់ខ្លួន។ ប្រសិនបើយើងយកអត្ថន័យភាសាវិទ្យានៃពាក្យ «ការពារខ្លួន» នេះមកកំណត់និយមន័យនៃសិទ្ធិការពារខ្លួន តាមន័យនីតិសាស្រ្តនោះ យើងអាចនិយាយបានថា សិទ្ធិការពារខ្លួន សំដៅដល់សិទ្ធិទាំងឡាយណា ដែលបុគ្គលម្នាក់ៗអាចប្រើប្រាស់បានដើម្បីឃាត់ឃាំង ឬរារាំងការចោទប្រកាន់ ណាមួយដែលធ្វើមកលើខ្លួន ដោយការមិនចូលរួមសហការ ឬការបង្ហាញអំពីភាពមិនត្រឹមត្រូវនៃការចោទប្រកាន់នោះ។ និយមន័យបឋមនេះមានចរិតទូលំទូលាយ ដែលអាចឱ្យយើងធ្វើការសន្និដ្ឋានបានថាវិសាលភាពនៃសិទ្ធិការពារខ្លួនមានភាពខុសគ្នាពីប្រព័ន្ធច្បាប់មួយទៅប្រព័ន្ធច្បាប់មួយ ហើយលើសពីនេះទៅទៀតនោះ សិទ្ធិនេះអាចមានការវិវត្ត ប្រែប្រួលពីសម័យកាលមួយទៅសម័យកាលមួយ។………..”