អត្ថន័យសង្ខេប

ច្បាប់ការងារកម្ពុជាត្រូវបានប្រកាសឱ្យប្រើតាមរយៈព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ចាប់តាំងពីពេលនោះមកច្បាប់នេះត្រូវបានធ្វើការកែប្រែចំនួន ២ ដង ដោយលើកទីមួយគឺនៅឆ្នាំ២០០៧ និងលើកទីពីរគឺនៅឆ្នាំ២០១៨។ យោងតាមស្មារតីមាត្រា៦៦៤ នៃក្រម-
រដ្ឋប្បវេណី កិច្ចសន្យាការងារ គឺជាកិច្ចសន្យាដែលបង្កើតឱ្យមានទំនាក់ទំនងការងាររវាងកម្មករនិយោជិត និងនិយោជក ដែលទំនាក់ទំនងនេះត្រូវបានគិតចំពោះកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធផងដែរ។
កិច្ចសន្យានេះស្ថិតនៅក្រោមវិធានអាជ្ញាគតិ ហើយអាចនឹងធ្វើទៅតាមទម្រង់ដែលភាគីទាំងសងខាងព្រម-ព្រៀងគ្នា។ បន្ទាប់មកទៀតនោះកិច្ចសន្យាការងារក៏ត្រូវបានរលត់ផងដែរ នោះមានន័យថាកាតព្វកិច្ចរបស់កម្មករនិយោជិតត្រូវបានបញ្ឈប់ពីការងារដោយនិយោជក ហើយការបញ្ឈប់នេះត្រូវមានមូលហេតុសមរម្យនិងមានមូលដ្ឋាន ដោយផ្អែកលើការវិនិច្ឆ័យលើសម្បទា ឬចរិយារបស់កម្មករនិយោជិត។ និយោជកអាចផ្អែកលើវត្តមាននៃវីរុសកូវីដ-១៩ នេះនៅកម្ពុជា ដែលបានធ្វើឱ្យដំណើរការទាំងមូលនៃក្រុមហ៊ុន ឬសហ-គ្រាសត្រូវជួបនឹងបញ្ហាជាច្រើនដែលមិនធ្លាប់មានពីមុនមក ហើយបញ្ហាចម្បងនៅទីនេះគឺជាបញ្ហាសេដ្ឋកិច្ច ដែលជាមូលហេតុក្នុងការរំលាយកិច្ចសន្យាការងារជាមួយកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ។ ផ្ទុយមកវិញវត្តមាននៃវីរុសកូវីដ-១៩ នេះមិនបានធ្វើឱ្យក្រុមហ៊ុន ឬសហគ្រាសមួយចំនួនរងផលប៉ះពាល់នោះទេ។ ដូចនេះនិយោជកមិនអាចធ្វើការរំលាយកិច្ចសន្យាការងារដោយសំអាងលើហេតុផលនៃវីរុសកូវីដ-១៩ បាននោះទេ។ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការដើម្បីជាដំណោះស្រាយផងដែរ ដោយស្ថិតក្រោមទម្រង់ជាជំនួយ ក្នុងការផ្ដល់ជូនដល់វិស័យការងារដែលរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ នេះ។