ក្រមបរិស្ថាននិងធនធានធម្មជាតិនៅលើគេហទំព័រនេះ ត្រូវបានប្រមូលចងក្រងវាយឡើងវិញដោយអ្នកហាត់ការច្បាប់ជំនាន់ទី២៣ ដែលមានសមាសភាពដូចខាងក្រោម៖

  • កញ្ញា កាំង លីហ្សា / Ms. Kaing Lyza
  • លោក ចែត ចាន់កែវ/ Mr. Chet Chankeo
  • កញ្ញា អុឹម ដាឡែន/ Ms. Oem Dalen
  • កញ្ញា សាំង សុវណ្ណមាលា/ Ms. Sang Sovanmealea

មាត្រា១ .- គោលបំណង់

ក្រមនេះកំណត់អំពីវិធានទាំងឡាយដែលត្រូវគោរពនិងប្រតិបត្តិតាមក្នុងការពង្រឹង ធ្វើទំនើបកម្ម ធ្វើឱ្យមានសង្គតិភាព និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងលើកិច្ចគាំពារបរិស្ថាន ការអភិរក្ស និងស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី ដើម្បីការរស់នៅនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មាត្រា២ .- វិសាលភាព

ក្រមនេះមានវិសាលភាពអនុវត្តលើ៖

ក- រាល់សកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធនឹងបរិស្ថាន ធនធានធម្មជាតិ និងបេតិកភណ្ឌនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ខ- រាល់សកម្មភាពរបស់បុគ្គលដែលធ្វើប្រតិបត្តិការទាំងក្នុងនិងក្រៅព្រះរាជាណាចក្រកម្ពុជា ដែលបង្កផលប៉ះពាល់ឬជះឥទ្ធិពលទៅលើបរិស្ថាន ធនធានធម្មជាតិ និងបេតិកភណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា៣ .- សទ្ទានុក្រម

វាក្យសព្ទសំខាន់ៗដែលប្រើប្រាស់ក្នុងក្រមនេះ ត្រូវបានកំណត់និយមន័យនៅក្នុងសទ្ទានុក្រមដែលជាឧបសម្ព័ន្ធនៃក្រមនេះ។

មាត្រា៤ .- តួនាទីនិងភារកិច្ចរបស់ក្រសួងទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ

ក្រសួងទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ មានសមត្ថកិច្ចក្នុងការអនុវត្តតួនាទីនិងភារកិច្ចអនុលោមតាមបទប្បញ្ញត្តិនៃក្រមនេះ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តតាមវិស័យនីមួយៗជាសមត្ថកិច្ចរបស់ខ្លួន។

មាត្រា៥ .- តួនាទីនិងភារកិច្ចរបស់ក្រសួងស្ថាប័នដទៃផ្សេងទៀតដែលទទួលបន្ទុកវិស័យពាក់ព័ន្ធនឹងធនធានធម្មជាតិ

ក្រសួងស្ថាប័នដទៃផ្សេងទៀតដែលទទួលបន្ទុកវិស័យពាក់ព័ន្ធនឹងធនធានធម្មជាតិ មានសិទ្ធិអំណាចក្នុងការអនុវត្តតួនាទីនិងភារកិច្ចអនុលោមតាមក្រមនេះ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តតាមវិស័យនីមួយៗជាសមត្ថកិច្ចរបស់ខ្លួន។

មាត្រា៦ .- តួនាទីនិងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

  1. រដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថកិច្ចក្នុងការអនុវត្តតួនាទីនិងភារកិច្ចអនុលោមតាមក្រមនេះ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
  2. រាជរដ្ឋាភិបាល ក្រសួងទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធដទៃផ្សេងទៀត អាចផ្ទេរឬផ្ទេរបន្ថែមឬកែប្រែមុខងារដែលបានផ្ទេរផ្សេងទៀតតាមវិស័យរបស់ខ្លួនទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិ។

មាត្រា៧ .- ការរៀបចំសេចក្តីព្រាងគោលនយោបាយនិងផែនការសកម្មភាពពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិរបស់ក្រសួងទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ

ក្រសួងទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ ត្រូវរៀបចំសេចក្តីព្រាងគោលនយោបាយនិងផែនការសកម្មភាពពាក់ព័ន្ធនឹងវិស័យបរិស្ថាននឹងធនធានធម្មជាតិតាមវិស័យនីមួយៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាននិងអភិរក្សធនធានធម្មជាតិ ស្របតាមគោលនយោបាយនៃព្រះរាជាណាចក្រកម្ពុជានិងលិខិតុបករណ៍អន្តរជាតិដែលព្រះរាជាណាចក្រកម្ពុជាជារដ្ឋភាគី។

មាត្រា៨ .- ការរៀបចំសេចក្តីព្រាងគោលនយោបាយនិងផែនការសកម្មភាពពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិរបស់ក្រសួងស្ថាប័នដទៃផ្សេងទៀត

ក្រសួងស្ថាប័នផ្សេងដទៃទៀតនិងរដ្ឋបាលថ្នាក់ក្រោមជាតិ អាចរៀបចំសេចក្តីព្រាងគោលនយោបាយនិងផែនការសកម្មភាពពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិតាមវិស័យនីមួយៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាននិងអភិរក្សធនធានធម្មជាតិ ស្របតាមគោលនយោបាយនៃព្រះរាជាណាចក្រកម្ពុជានិងលិខិតុបករណ៍អន្តរជាតិដែលព្រះរាជាណាចក្រកម្ពុជាជារដ្ឋភាគី។

មាត្រា៩ .- គោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព

គ្រប់សកម្មភាពអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនិងសង្គមទាំងអស់ ត្រូវបំពេញតម្រូវការក្នុងការអភិវឌ្ឍនិងតម្រូវការផ្នែកបរិស្ថានរបស់មនុស្សជំនាន់បច្ចុប្បន្ននិងអនាគតប្រកបដោយសមធម៌និងដោយនិរន្តរភាពដែលក្នុងនោះកិច្ចគាំពារបរិស្ថាននិងការអភិរក្សធនធានធម្មជាតិគឺជាផ្នែកដ៏ចាំបាច់នៃកិច្ចដំណើរកាអភិវឌ្ឍ ហើយដែលមិនអាចចាត់ទុកជារឿងដាច់ដោយឡែកពីគ្នាបានឡើយ។

មាត្រា១០ .- គោលការណ៍នៃការបញ្ចៀសការខូចខាតបរិស្ថាននិងធនធានធម្មជាតិ

បុគ្គលមិនត្រូវធ្វើសកម្មភាពណាមួយ ដែលបង្កឬអាចបង្កការខូចខាតដល់បរិស្ថាននិងធនធានធម្មជាតិឡើយ។ ក្នុងករណីដែលមិនអាចជៀសវាងបាន បុគ្គលនោះត្រូវចាត់វិធានការសមស្របក្នុងកិច្ចគាំពារបរិស្ថាននិងធនធានធម្មជាតិ និងត្រូវទប់ស្កាត់ឬការកាត់បន្ថយការខូចខាតទាំងនោះឱ្យដល់កម្រិតអប្បបរមា។

មាត្រា១១ .- គោលការណ៍នៃការចូលរួមជាសាធារណៈ

បុគ្គលដែលអាចទទួលរងផលប៉ះពាល់ដោយផ្ទាល់ឬប្រយោល ដោយសារការធ្វើសេចក្តីសម្រេចណាមួយទាក់ទងនឹងបរិស្ថាននិងធនធានធម្មជាតិ មានសិទ្ធិចូលរួមផ្តល់មតិយោបល់ឱ្យទាន់ពេលវេលា បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈដំណើរការចូលរួមពីភាគីពាក់ព័ន្ធដោយមានតម្លាភាពនិងគណនេយ្យភាព មុនពេលដែលសេចក្តីសម្រេចនោះត្រូវបានធ្វើឡើង។

មាត្រា១២ .- គោលការណ៍នៃការទទួលបានព័ត៌មានបរិស្ថាននិងធនធានធម្មជាតិ

  1. បុគ្គលមានសិទ្ធិទទួលបានព័ត៌មានទាក់ទងនឹងបរិស្ថាននិងធនធានធម្មជាតិ។
  2. រាល់ព័ត៌មានស្តីពីកិច្ចគាំពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន ដើម្បីបង្កើតឱកាសឱ្យបានច្រើនសម្រាប់ការចូលរួមជាសាធារណៈនៅក្នុងការធ្វើផែនការនិងការធ្វើសេចក្តីសម្រេចដែលបង្កផលប៉ះពាល់ដល់សង្គមនិងបរិស្ថាន។
  3. សិទ្ធិទទួលបានព័ត៌មានទាក់ទងនឹងបរិស្ថាននិងធនធានធម្មជាតិត្រូវអនុលោមតាមបទប្បញ្ញត្តិនៃក្រមនេះ។

មាត្រា១៣ .- គោលការណ៍នៃការទទួលខុសត្រូវរបស់បុគ្គលបំពុល

បុគ្គលដែលបានបង្កឱ្យមានការខូចខាតដល់បរិស្ថាន ត្រូវទទួលបន្ទុកក្នុងការចំណាយលើការជួលជុល និងលើវិធានការទប់ស្កាត់ បញ្ចៀស និងកាត់បន្ថយការខូចខាតបរិស្ថាន។

មាត្រា១៤ .- គោលការណ៍នៃការបង់ថ្លៃរបស់អ្នកប្រើប្រាស់

បុគ្គលដែលប្រើប្រាស់ធនធានធម្មជាតិត្រូវបង់ថ្លៃចំណាយសម្រាប់ការប្រើប្រាស់ ឬផលប៉ះពាល់ដែលកើតចេញពីការប្រើប្រាស់ធនធានធម្មជាតិទាំងនោះ។

មាត្រា១៥ .- គោលការណ៍នៃការប្រុងប្រយ័ត្នជាមុន

ក្នុងករណីដែលមានការព្រួយបារម្ភថាមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានដែលមិនអាចស្តារឬជួសជុលឡើងវិញបាន មិនអាចយកកង្វះខាតភាពប្រាកដប្រជាផ្នែកវិទ្យាសាស្ត្រមកធ្វើជាមូលហេតុក្នុងការពន្យាពេលនៃការចាត់វិធានការដើម្បីទប់ស្កាត់ការខូចខាតបានឡើយ។

មាត្រា១៦ .- គោលការណ៍នៃការកាត់បន្ថយឬទប់ស្កាត់ការខូចខាតដល់បរិស្ថាន

វិធានការនានានៃការកាត់បន្ថយឬទប់ស្កាត់ការខូចខាតបរិស្ថាន ត្រូវធ្វើឡើងមុនពេលការខូចខាតនោះកើតឡើង។ វិធានការនេះត្រូវធ្វើឡើងជាមុនដោយតម្រូវឱ្យធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមប្រសើរជាងធ្វើការស្តារឬជួលជុលការខូតខាត។

មាត្រា១៧ .- គោលការណ៍នៃការធ្វើសេចក្តីសម្រេចដោយផ្អែកលើភស្តុតាង

ព័ត៌មានដែលមានលក្ខណៈវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ដ៏ប្រសើរបំផុតដែលអាចស្វែងរកបាន ត្រូវយកមកប្រើប្រាស់ជាមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចប្រកបដោយតម្លាភាពទាក់ទងនឹងបរិស្ថាននិងធនធានធម្មជាតិ។

មាត្រា១៨. គោលការណ៍ផលប្រយោជន៍សាធារណៈ

ផលប្រយោជន៍សាធារណៈត្រូវមានឧត្តមភាពជាងប្រយោជន៍បុគ្គលឯកជនឬនីតិបុគ្គលឯកជន នៅក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចទាក់ទងនឹងបរិស្ថាននិងធនធានធម្មជាតិ។

មាត្រា១៩.- គោលការណ៍នៃសមាហរណកម្មផ្នែកបរិស្ថាន

កិច្ចគាំពារបរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវដាក់បញ្ជូលទៅក្នុងការរៀបចំផែនការអភិវឌ្ឍ និងការធ្វើសេចក្តីសម្រេចទាំងក្នុងដំណាក់កាលដំបូងនិងដំណាក់កាលអនុវត្តន៍គោលនយោបាយនិងច្បាប់។