អត្ថន័យសង្ខេប

មនុស្សគ្រប់រូបចាប់តាំងពីកើតរហូតដល់ស្លាប់ទៅវិញ អាចនឹងត្រូវឆ្លងកាត់នូវព្រឹត្តិការណ៍បីធំៗគឺ កើត​(កំណើតរស់) ការ(អាពាហ៍ពិពាហ៍) និងកប់(មរណភាព)  ដែលព្រឹត្តិការណ៍នេះ ត្រូវបានច្បាប់កំណត់ឱ្យកត់ត្រាជាព្រឹត្តិការណ៍គ​តិយុត្ត ពីព្រោះព្រឹត្តិការណ៍គតិយុត្តទាំងបីនេះ ជាអំពើ ឬព្រឹត្តិហេតុដែលនាំឱ្យកើត ឬបង្អង់នូវសិទ្ធិ និងកាតព្វកិច្ចរបស់រូបវន្តបុគ្គលក្នុងទំនាក់ទំនងរដ្ឋប្បវេណី សំណេរអត្ថបទនេះនឹងបរិយាយអំពីនៃព្រឹត្តិការណ៍បីនេះដោយភ្ជាប់ជាមួយលក្ខខណ្ឌគតិយុត្ត និងការចុះបញ្ជីអត្រានុកូលដ្ឋាន រួមមានកំណើតរបស់បុគ្គល អាពាហ៍ពិពាហ៍ និងមរណភាពរបស់បុគ្គល។ កំណើត ជាព្រឹត្តិការណ៍គតិយុត្តដែលនាំឱ្យកើតមាន​នូវរូបវន្តបុគ្គលដែលជាលក្ខខណ្ឌបង្កើតឱ្យមានបុគ្គលភាព​ ពោលគឺការចាប់ផ្តើមកកើត នូវសិទ្ធិ និងកាតព្វកិច្ចរបស់បុគ្គលគ្រប់រូបដើម្បីឱ្យបានក្លាយជារូបវន្តបុគ្គល ត្រូវមានលក្ខខណ្ឌពីរយ៉ាងគឺទីមួយត្រូវកើតជាមនុស្ស ទីពីរត្រូវកើតមករស់ ហើយអាចរស់នៅបាន។ ដូចគ្នានេះដែរ អាពាហ៍ពិពាហ៍ នឹងចាត់ទុកថាត្រឹមត្រូវស្របច្បាប់ លុះត្រាបំពេញតាមលក្ខខណ្ឌច្បាប់តម្រូវ និងនីតិវិធីជាធរមាន ដូចជាលក្ខខណ្ឌទាក់ទងនឹងភាគីអាពាហ៍ពិពាហ៍ និងនីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍។ ព្រឹត្តិការណ៍ជីវិតចុងក្រោយគឺ មរណភាព ដែលទោះបីជាបុគ្គលបានទទួលមរណភាពដោយមូលហេតុធម្មជាតិ ឬមូលហេតុណាក៏ដោយ ចុងក្រោយអត្ថិភាពនៃមរណភាពទាំងនេះនឹងត្រូវបានបង្ហាញតាមរយៈសំបុត្រមរណភាព ដែលជាលិខិតគតិយុត្តអត្រានុកូលដ្ឋាន និងដើរតួនាទីជាភស្តុតាងដ៏សំខាន់ក្នុងការបញ្ជាក់អំពីការរលត់បុគ្គលភាពគតិយុត្តរបស់រូបវន្តបុគ្គល។