អត្ថន័យសង្ខេប
ដើម្បីបិទបញ្ចប់ការស៊ើបសួរ យុត្តាធិការស៊ើបសួរចេញដីកាដំណោះស្រាយដែលអាចជាដីកាដំណោះស្រាយបញ្ជូនរឿងទៅជំនុំជម្រះ ឬ លើកលែងការចោទប្រកាន់។ ដីកាដំណោះស្រាយនឹងបង្កើតអានុភាពគតិយុត្ត នៅពេលដែលដីកាដំណោះស្រាយនេះចូលជាស្ថាពរ ព្រោះកាលណារងបណ្តឹងណាមួយ នោះអានុភាពនឹងត្រូវព្យួរសិន។ ការចូលជាស្ថាពរនៃដីកាដំណោះស្រាយ នៅក្នុងករណីខ្លះបង្កើតឱ្យមានអាជ្ញាអស់ជំនុំ (ការលើកលែងការចោទប្រកាន់) និងនៅករណីខ្លះមិនមានអាជ្ញាអស់ជំនុំ (ការបញ្ជូនទៅជំនុំជម្រះ)។ នៅពេលមានអាជ្ញាអស់ជំនុំ មានន័យថា គេមិនអាចសើរើតវ៉ាលើសេចក្តីសម្រេចនេះបានទេ ផ្ទុយទៅវិញអាចតវ៉ាបាននៅពេលគ្មានអាជ្ញាអស់ជំនុំ។ ការណ៍នេះគឺអាស្រ័យទៅលើប្រភេទនៃដីកាដំណោះស្រាយដែលអាចជាដីកាដំណោះស្រាយបញ្ជូនទៅជំនុំជម្រះ ឬ ជាដីកាដំណោះស្រាយលើកលែងចោទប្រកាន់។ ក្នុងច្បាប់កម្ពុជាបច្ចុប្បន្នដែលទទួលឥទ្ធិពលពីក្រមនីតិវិធីព្រហ្មទណ្ឌបារាំង ការលើកលែងចោទប្រកាន់នៃនីតិរួមត្រូវបានបែងចែកជាពីរប្រភេទគឺ ទីមួយការលើកលែងចោទប្រកាន់ផ្អែកលើអង្គហេតុ និងការលើកលែងចោទប្រកាន់ផ្អែកលើអង្គច្បាប់ ដូចមានចែងក្នុងមាត្រា២៤៧ថ្មីនៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ដោយឡែក ច្បាប់ស្តីពីយុត្តិធម៌អនីតិជនដែលជានីតិពិសេស ក៏បញ្ញត្តអំពីមូលហេតុនៃការលើកលែងចោទប្រកាន់បន្ថែមលើមូលហេតុដែលមានចែងក្នុងមាត្រា២៤៧ថ្មី។ ជារួម ដីកាដំណោះស្រាយទាំងអស់នេះមាន ទី១ដីកាដំណោះស្រាយគ្មានអាជ្ញាអស់ជំនុំ ទី២ដីកាដំណោះស្រាយមានអាជ្ញាអស់ជំនុំដែលអាចជាអាជ្ញាអស់ជំនុំដោយអន្លើនិងបណ្តោះអាសន្ន និងអាជ្ញាអស់ជំនុំដាច់ខាតនិងអចិន្ត្រៃយ៍។