សៀវភៅ «នីតិកម្មសិទ្ធិបញ្ញាកម្ពុជា» នេះ នឹងក្លាយទៅជាឯកសារមួយ ដែលអាចចែករំលែកពុទ្ធិជូនដល់និស្សិតបញ្ញវន្ត អ្នកស្រាវជ្រាវផ្នែកនីតិសាស្ត្រ និងពាណិជ្ជករ ផងដែរ ដោយហេតុថា កម្មសិទ្ធិបញ្ញា គឺជាឧបករណ៍ ឬទ្រព្យសម្បត្តិដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់អាជីវកម្មរបស់សហគ្រាស (ជាពិសេសម្ចាស់ សហគ្រាសធុនតូច និងមធ្យម ឬក្រុមហ៊ុន Start-Up) សម្រាប់ការអភិវឌ្ឍ និងពង្រីកសកម្មភាពពាណិជ្ជកម្ម និងប្រកួតប្រជែងនៅក្នុងទីផ្សារសេរី។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ កម្មសិទ្ធិបញ្ញាគឺជាឧបករណ៍មួយយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម ការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ក៏ដូចជាការរីកចម្រើនសេដ្ឋកិច្ចនៃប្រទេសទាំងមូលផងដែរ។ ហេតុដូច្នេះ ការផ្សព្វផ្សាយ ឬចែករំលែកចំណេះដឹងអំពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា ទៅដល់ អ្នកស្រាវជ្រាវផ្នែកនីតិសាស្ត្រ អាជ្ញាធរអនុវត្តច្បាប់ ពាណិជ្ជករគ្រប់វិស័យ និង ប្រជាពលរដ្ឋទូទៅ នៃប្រទេសកំពុងអភិវឌ្ឍន៍ ជាកិច្ចការដ៏សំខាន់ដែលមិនអាចខ្វះបាន។ សំណួរជាទូទៅដែលអាចលើកឡើងមកវិញជា
ញឹកញយ គឺ «ហេតុអ្វី ចាំបាច់ត្រូវមានកម្មសិទ្ធិបញ្ញា?» ឬ «តើគេអាចធ្វើពាណិជ្ជកម្មដោយគ្មានកម្មសិទ្ធិបញ្ញាបានដែរឬទេ?»