«នីតិរដ្ឋធម្មនុញ្ញ» នេះត្រូវបានរៀបចំឡើងដោយសំយោគចំរាញ់ចេញជាសសរស្តម្ភចំនួនបីគឺ៖

          សសរស្តម្ភទីមួយ. ទ្រឹស្តី៖ ជាដំបូង ការសិក្សាពីនីតិរដ្ឋធម្មនុញ្ញត្រូវផ្តោតទៅលើទ្រឹស្តីទូទៅដែល
ជាគំនិត ជាពុទ្ធិ ជាលទ្ធិ (Doctrine) និងជាទស្សនវិជ្ជាដែល អ្នកនិពន្ធ អ្នកជំនាញ អ្នកស្រាវជ្រាវ បានសិក្សា អះអាង និងបានតាក់តែងឡើងដើម្បីបង្កើតសញ្ញាណនៃរដ្ឋនិងរដ្ឋធម្មនុញ្ញ។ ចំណេះដឹងអំពីនិយមន័យជាទ្រឹស្តីនេះជាមូលដ្ឋានដ៏ចាំបាច់សម្រាប់ឈានទៅស្វែងយល់ស៊ីជម្រៅពីតក្កភាព និងបាតុភូតនៃការរៀបចំនិងការប្រព្រឹត្តទៅនៃរដ្ឋ។

          សសរស្ដម្ភទីពីរ. ឧត្តមានុវត្តន៍អន្តរជាតិ៖ យើងមិនអាចដឹងពីខ្លួនយើងបានត្រឹមតែក្រឡេកមើលខ្លួនយើងនោះទេ។  ក្នុងន័យនេះ ការសិក្សាពីប្រព័ន្ធនយោបាយ របបនយោបាយ និងទម្រង់រដ្ឋាភិបាលនៅតាមបណ្តាប្រទេសជាឧត្តមានុវត្តន៍ផ្សេងៗ នឹងក្លាយជាមូលដ្ឋានពិចារណាអំពីប្រព័ន្ធដែលបាននិងកំពុងអនុវត្តនៅប្រទេសកម្ពុជា។

          សសរស្តម្ភទីបី. ការអនុវត្តរបស់កម្ពុជា៖ បន្ទាប់ពីមានធាតុចូលទាំងផ្នែកទ្រឹស្តីនិងផ្នែកអនុវត្តជាអន្តរជាតិ បូករួមជាមួយនឹងច្បាប់និងការអនុវត្តរបស់កម្ពុជា ការសិក្សាអំពីនីតិរដ្ឋធម្មនុញ្ញនឹងកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងមានអត្ថប្រយោជន៍។