នីតិរដ្ឋប្បវេណី ជាមុខវិជ្ជាមួយយ៉ាងសំខាន់ដែលអ្នកច្បាប់ចាំបាច់ត្រូវសិក្សាសម្រាប់ជាមូលដ្ឋាននៃចំណេះដឹងទៅលើច្បាប់សារធាតុក្នុងវិស័យឯកជន ជាវិញ្ញាសាប្រឡងសំណេរសម្រាប់ប្រឡងចូលទៅបម្រើការងារក្នុងវិស័យយុត្តាធិការ មានដូចជា ចៅក្រម ព្រះរាជអាជ្ញា សារការី មេធាវី អាជ្ញាសាលា ក្រឡាបញ្ជី ជាដើម។ល។ សម្រាប់ប្រជាពលរដ្ឋទូទៅ ចំណេះដឹងច្បាប់ផ្នែករដ្ឋប្បវេណី ទំនាក់ទំនងទ្រព្យសម្បត្តិ ទំនាក់ ទំនងញាតិ ជាភាពចាំបាច់ត្រូវស្វែងយល់តាមតែអាចធ្វើបាន ព្រោះដោយហេតុថា ក្នុងនាមជាមនុស្សដែលបានចាប់កំណើតមក រស់រានមានជីវិតទៅតាមច្បាប់ធម្មជាតិហើយ ដោយយើងរស់នៅក្នុងសង្គម មានទំនាក់ទំនងអន្តរបុគ្គលជាតម្រូវការចាំបាច់។ កាលបើមានទំនាក់ទំនងគ្នា ច្បាស់ជាមានសិទ្ធិ និងករណីយកិច្ចចំពោះគ្នាទៅវិញទៅមកជាក់ជាមិនខាន។
នៅក្នុងប្រព័ន្ធច្បាប់ស៊ីវិលឡ(Civil Law) ជាប្រព័ន្ធច្បាប់សរសេរ។ មានន័យថា នីតិករ ឬ អ្នករៀបចំតាក់តែងច្បាប់ ត្រូវពិនិត្យមើលបាតុភូតសង្គម ពោលគឺទំនាក់ទំនង ចាំបាច់នៅក្នុងសង្គម ហើយត្រូវប្រាកដថាអ្វីជាបញ្ហាសង្គម និងត្រូវបង្កើតច្បាប់សរសេរ ដែលគេចាត់ទុកថាជាកិច្ចសន្យាសង្គមប្រកាសប្រាប់សង្គមទូទៅឱ្យបានដឹងអំពីសិទ្ធិ និង ករណីយកិច្ចរបស់ខ្លួនតាមផ្លូវច្បាប់។ ការរៀបចំតាក់តែងច្បាប់ ចាំបាច់ត្រូវកំណត់ឱ្យ បានច្បាស់លាស់នូវគោលការណ៍ផ្សេងៗ ដូចជានៅក្នុងទំនាក់ទំនងផ្នែកឯកជន ផ្តល់សិទ្ធិដល់បុគ្គលក្នុងការបង្ហាញឆន្ទៈ។ ប៉ុន្តែជួនកាលអាចនឹងមានភាគីណាម្ខាងជាបុគ្គល ដែលខ្សោយជាងមិនថាជាកម្លាំងកាយ ប្រាជ្ញា ទ្រព្យសម្បត្តិ ឋានៈ ស្ថានភាពជីវភាព អាចប្រឈមនឹងការបាត់បង់ប្រយោជន៍។ ដូចនេះហើយទើបយើងសង្កេតឃើញមានការកំណត់ទំហំនៃសិទ្ធិក្នុងការបង្ហាញឆន្ទៈ ឬ និយាយម្យ៉ាងទៀតថា សិទ្ធិពលរដ្ឋនៅក្នុងក្របខ័ណ្ឌច្បាប់។
អ្នកនិពន្ធបានរៀបចំតាក់តែងស្នាដៃនេះឡើង ដើម្បីចូលរួមចំណែកដល់អ្នកសិក្សា ស្រាវជ្រាវ និង អ្នកដែលមិនបានសិក្សាច្បាប់ អាចអានដើម្បីស្វែងយល់អំពីសិទ្ធិ និង ករណីយកិច្ចផ្នែករដ្ឋប្បវេណីឬឯកជនពាក់ព័ន្ធនឹងសិទ្ធិ និងករណីយកិច្ចរបស់ខ្លួនចំពោះខ្លួនឯងនៅក្នុងគ្រួសារ និងសិទ្ធិចំពោះវត្ថុផ្សេងៗដែលបម្រើឱ្យជីវភាពរស់នៅរបស់ខ្លួន។ ជាងនេះ ទៅទៀតគឺជាប្រយោជន៍បញ្ចៀសនូវវិវាទដែលអាចកើតមានឡើងជាយថាហេតុ ប្រសិនបើមិនបានសិក្សាស្វែងយល់អំពីសិទ្ធិផលប្រយោជន៍ និងករណីយកិច្ច កាតព្វកិច្ចរបស់ខ្លួន និង គូភាគីតាមផ្លូវច្បាប់។