Subtitle

មិនត្រឹមតែបានជួយជំរុញកំណើនសេដ្ឋកិច្ច និងការវិវត្តន៍សង្គមប៉ុណ្ណោះទេ អគារសំណង់ខ្ពស់ៗរីកដូចផ្សិត ក៏បានបង្កើតនូវបញ្ហាប្រឈមដែលត្រូវដោះស្រាយដូចជាបញ្ហាបរិស្ថាន ទេសចរណ៍ នគរូបនីយកម្ម សណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាព។ ចំណុចដែលមានការលេចធ្លោរជាងគេ គឺសុវត្ថិភាពនៅពេលដំណើរការសាងសង់ ដោយហេតុថាធ្លាប់មានគ្រោះថ្នាក់នៃការបាក់រលំអគារ ឬការធ្លាក់វត្ថុធ្ងន់រឹងចុះមកក្រោមប៉ះពាល់ដល់អាយុជីវិត បូរណភាពរូបរាងកាយ និងទ្រព្យសម្បត្តិរបស់អ្នកដទៃ។ ក្នុងស្ថានភាពនេះ កម្ពុជាបានអនុម័តច្បាប់ស្តីពីសំណង់ជាការប្រញាប់នៅឆ្នាំ២០១៩ ដើម្បីធានាឱ្យបាននូវការការពារ បរិស្ថាន ទេសចរណ៍ នគរូបនីយកម្ម សណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាព អាយុជីវិត បូរណភាពរូបរាងកាយ និងទ្រព្យសម្បត្តិ ជាពិសេសកំណត់របបគតិយុត្តមួយ ចំពោះអ្នកម៉ៅការសាងសង់ ដូចជាការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អ្នកម៉ៅការសាងសង់ជាដើម។ ច្បាប់ស្តីពីសំណង់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតបានកំណត់អំពីបទល្មើសដែលអាចជាបទល្មើសចេតនា ឬបទល្មើសអចេតនា ប្រព្រឹត្តដោយអ្នកម៉ៅការសាងសង់ជារូបវ័ន្តបុគ្គល ឬ នីតិបុគ្គល នីតិវិធីដែលត្រូវអនុវត្តក្នុងសំណុំរឿងសាងសង់ប្រព្រឹត្តដោយអ្នកម៉ៅការសាងសង់ ព្រមទាំងទោសដែលត្រូវអនុវត្តចំពោះបុគ្គលនេះផងដែរ។