
***អត្ថបទនេះត្រូវបានសរសេរចប់ដោយបញ្ចូលបច្ចុប្បន្នភាពចុងក្រោយស្តីពី វិវាទព្រំដែនកម្ពុជា-ថៃត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។
អត្ថន័យសង្ខេប
អនុលោមតាមគោលការណ៍ «Pacta Sunt Servanda / ប៉ាក់តា ស៊ុន ស៊ែរវ៉ាន់ដា» ដែលជាគោលការណ៍ទូទៅនៃច្បាប់អន្តរជាតិ រដ្ឋដែលមានអរិយធម៌ដ៏ខ្ពង់ខ្ពស់ទាំងអស់នៅក្នុងទំនាក់ទំនងអន្តរជាតិត្រូវគោរព និងយកមកអនុវត្តប្រកបដោយសុច្ឆន្ទៈពិតប្រាកដស្មោះត្រង់នូវរាល់ការព្រមព្រៀងទាំងឡាយ ដែលត្រូវបានសម្ដែងឡើងតាមរយៈការចុះអនុសញ្ញាអន្តរជាតិ សន្ធិសញ្ញាអន្តរជាតិ កិច្ចព្រមព្រៀងអន្តរជាតិ និងលិខិតុបករណ៍អន្តរជាតិនានារួមទាំងអនុស្សរណៈនៃការយោគយល់គ្នា ដែលមានតម្លៃជាកិច្ចព្រមព្រៀងចុះហត្ថលេខាដោយរដ្ឋាភិបាលដែលជាអ្នកតំណាងស្របច្បាប់របស់រដ្ឋ។
មាត្រា២៦ នៃអនុសញ្ញាទីក្រុងវីយែនស្ដីពីច្បាប់សន្ធិសញ្ញា ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៦៩ (អនុសញ្ញា VCLT ១៩៦៩) ចែងថារាល់សន្ធិសញ្ញាអន្តរជាតិទាំងអស់ដែលនៅជាធរមានត្រូវបង្កើតអានុភាពគតិយុត្ត ចំពោះភាគីនៃសន្ធិសញ្ញានោះនឹងត្រូវយកមកអនុវត្តដោយរដ្ឋភាគីនៃអនុសញ្ញានោះប្រកបដោយសុច្ឆន្ទៈស្មោះត្រង់ និងដោយសុចរិត។ ក្នុងន័យនេះ នៅក្នុងសហគមន៍អន្តរជាតិ រដ្ឋអធិបតេយ្យដែលមានភាពជាធំស្មើៗគ្នាតាមគោលការណ៍សមភាពអធិបតេយ្យ ត្រូវសម្ដែងសុច្ឆន្ទៈពិតប្រាកដស្មោះស និងទៀងត្រង់ ក្នុងការយកខ្លឹមសារដែលបានព្រមព្រៀងគ្នានោះយកទៅអនុវត្តឱ្យអស់ពីពោះពុង ពីថ្លើមប្រមាត់ ប្រសិនបើមិនដូច្នោះទេ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងអស់នោះមានតម្លៃត្រឹមជាក្រដាសគ្មានតម្លៃ ដែលគូភាគីអាចហែកចោលតាមចិត្តចង់គ្រប់ពេលវេលាគ្រប់កាលៈទេសៈដោយមិនញញើតកោតក្រែង និងធ្វើតាមទំនើងចិត្ត។ ការណ៍នេះនឹងនាំឱ្យអន្តរាយដល់សណ្ដាប់ធ្នាប់របៀបរៀបរយអន្តរជាតិសាធារណៈ និងបង្កើតជាភាពអាណាធិបតេយ្យដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខអន្តរជាតិដែលជាស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ជាឧទាហរណ៍ អនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខ័ណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ (ហៅកាត់ថា MOU ឆ្នាំ 2000 ) ជាលិខិតុបករណ៍ទ្វេភាគីដែលត្រូវបានចុះហត្ថលេខា និងគោរពទាំងលក្ខខណ្ឌគ្រឹះដូចមានចែងនៅក្នុងអនុសញ្ញាទីក្រុងវីយែនស្ដីពីច្បាប់សន្ធិសញ្ញា (VCLT) ឆ្នាំ១៩៦៩ និងលក្ខខណ្ឌទម្រង់ដូចមានចែងនៅក្នុងមាត្រា១០២ នៃធម្មនុញ្ញអង្គការសហប្រជាតិស្ដីពីការតម្កល់នៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។
សូមគូសបញ្ជាក់ផងដែរថាអនុសញ្ញា VCLT ១៩៦៩ ជាសន្ធិសញ្ញាចងក្រងបទដ្ឋានទំនៀមទម្លាប់អន្តរជាតិ(Codified treaty)។ ក្នុងន័យនេះ បើទោះបីជាកម្ពុជា និងថៃមិនមែនជាភាគីនៃអនុសញ្ញា VCLT ១៩៦៩ក៏ដោយ ក៏ប្រទេសទាំងពីរមានកាតព្វកិច្ចត្រូវគោរពបញ្ញត្តិនៃអនុសញ្ញានេះ។
ចាប់តាំងពីឆ្នាំ២០០០ ភាគីកម្ពុជា-ថៃបានចាត់ទុក MOU ឆ្នាំ២០០០នេះ ជាឯកសារគ្រឹះ និងជាមូលដ្ឋានដ៏មានសារៈសំខាន់បំផុត ដើម្បីជាត្រីវិស័យបង្ហាញផ្លូវនូវរាល់សកម្មភាពស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ។ ជាក់ស្ដែងមាត្រា១ នៃ MOU ឆ្នាំ២០០០នេះ ចែងយ៉ាងច្បាស់ពីកាតព្វកិច្ចអន្តរជាតិក្នុងការគោរព និងទទួលយកមកអនុវត្តនូវអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ និងពិធីសារដែលជាឧបសម្ព័ន្ធ និងបណ្ដាផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការឥណ្ឌូចិន-សៀមព្រមទាំងឯកសារដទៃទៀត ដែលទាក់ទងនឹងអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង-សៀម។
នេះមិនមែនជាលើកទី១ទេដែលកម្ពុជាសំអាងលើគោលការណ៍ «Pacta Sunt Servanda / ប៉ាក់តា ស៊ុន ស៊ែរវ៉ាន់ដា» ដើម្បីទាមទារឱ្យថៃគោរព និងយកទៅអនុវត្តនូវលិខិតុបករណ៍អន្តរជាតិដូចមានចែងនៅក្នុងខ្លឹមសារនៃមាត្រា១ នៃMOU ឆ្នាំ២០០០ ហើយនេះក៏មិនមែនជាលើកទី១ដែរ ដែលថៃតែងតែគេចវេះធ្វើមិនដឹងធ្វើមិនឮមិនចង់គោរពទទួលយកមកអនុវត្តនូវកាតព្វកិច្ចអន្តរជាតិដែលមានចែងនៅក្នុងមាត្រា១នេះ។ យើងនៅចាំពុំភ្លេចនៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការឈ្លានពានកាន់កាប់ខុសច្បាប់នូវប្រាសាទព្រះវិហារកម្ពុជាអំឡុងទសវត្សរ៍ឆ្នាំ១៩៥៤ និងការទាមទារដែនដីជុំវិញប្រាសាទព្រះវិហារកម្ពុជានៅឆ្នាំ២០០៨ ដែលកម្ពុជាបានយកប្រៀបទាំងស្រុងលើទិដ្ឋភាពច្បាប់ដោយសំអាងលើសុចរិតភាព និងភាពទៀងត្រង់ក្នុងការបកស្រាយសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋដែលបន្សល់ទុកដោយអាណាព្យាបាលបារាំង តាមរយៈគោលការណ៍ «Pacta Sunt Servanda / ប៉ាក់តា ស៊ុន ស៊ែរវ៉ាន់ដា» នេះក៏ដូចជាគោលការណ៍ច្បាប់អន្តរជាតិផ្សេងទៀតនៅចំពោះមុខតុលាការអន្តរជាតិក្នុងសំណុំរឿងក្ដីប្រាសាទព្រះវិហារ (សាលដីកាឆ្នាំ១៩៦២) និងការបកស្រាយសាលដីកាប្រាសាទព្រះវិហារ (សាលដីកាឆ្នាំ២០១៣)។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ យោធាថៃបានវាយឆ្មក់មកលើលេណដ្ឋានយោធាកម្ពុជានៅតំបន់មុំបីដែលស្ថិតនៅក្នុងអធិបតេយ្យកម្ពុជា និងដែលបណ្ដាលឱ្យយោធិនកម្ពុជាបានស្លាប់យ៉ាងអាណោចអធ័ម។ ការប្រើប្រាស់ផែនទីឯកតោភាគីពីសំណាក់យោធាថៃដែលជាប្រភពចម្បងនៃវិវាទព្រំដែននាពេលបច្ចុប្បន្ន រួមទាំងសកម្មភាពវាយប្រហាររំលោភលើអធិបតេយ្យកម្ពុជា ថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥គឺស្តែងឱ្យឃើញពីការមិនគោរពគោលការណ៍ «Pacta Sunt Servanda / ប៉ាក់តា ស៊ុន ស៊ែរវ៉ាន់ដា» នេះ និងកាតព្វកិច្ចអន្តរជាតិដូចមានចែងក្នុងមាត្រា១ MOU ឆ្នាំ២០០០ ព្រមទាំងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិដទៃទៀតដូចមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
របៀបយោងអត្ថបទ៖ ក្រុមការងារព្រឹត្តិបត្រច្បាប់, កាតព្វកិច្ចអនុវត្តអនុលោមតាមសន្ធិសញ្ញាអន្តរជាតិស្តីពីព្រំដែន «PACTA SUNT SERVANDA / ប៉ាក់តា ស៊ុន ស៊ែរវ៉ាន់ដា» ករណីសិក្សាស្តីពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ (MOU 2000), ព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខពិសេស ទី៨ សមូហកម្មអត្ថបទស្រាវជ្រាវឧទ្ទិសជូនបញ្ញវន្ត និងវីរៈយុទ្ធជនកម្ពុជា ដែលបានធ្វើពលិកម្មដើម្បីលើកកម្ពស់វិស័យច្បាប់ យុត្តិធម៌ ការពារអធិបតេយ្យ និងបូរណភាពទឹកដីខ្មែរ, ភ្នំពេញ, ខែមករា ឆ្នាំ២០២៥។ PDF