អត្ថន័យសង្ខេប

ក្រមបរិស្ថាន​ និង​ធនធានធម្មជាតិ​បាន​ប្រមូលផ្តុំ​អត្ថបទច្បាប់សំខាន់មួយចំនួនដែលពាក់ព័ន្ធនឹងវិស័យ
បរិស្ថាន និងធនធានធម្មជាតិ​ឱ្យស្ថិតនៅក្រោមក្រមនេះតែមួយនេះ។ ការប្រមូលផ្តុំចងក្រងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជា មាននូវបទដ្ឋានគតិយុត្តពិស្តារមួយ ពោលគឺ ក្រមបរិស្ថាន​​ និង​ធនធានធម្មជាតិនេះ ក្នុងការដើរតួជាបទប្បញ្ញត្តិគោល​ ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ រួមទាំងសិទ្ធិ និងកាតព្វកិច្ចផ្សេងៗដែលនីតិបុគ្គល និងរូបវន្តបុគ្គលទាំងអស់ត្រូវអនុវត្តតាមក្នុងក្របខ័ណ្ឌទំនាក់-ទំនងរវាងបុគ្គល ជាមួយនឹងបរិស្ថាន​​ និង​ធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រមបរិស្ថាន​ និង​ធនធានធម្មជាតិត្រូវបានបង្កើតឡើងដោយផ្អែកលើ គោលការណ៍សំខាន់ៗ ៣ (បី) គឺ៖
(១) ការធ្វើសមាហរណកម្មលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ (២) ការធ្វើសុខដុម- នីយកម្មលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ និង​ (៣) ការធ្វើទំនើបកម្មលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃតថភាពសង្គម រួមទាំងសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងការធ្វើសាកលភាវូបនីយកម្មនៃព្រះរាជាណាចក្រ​​កម្ពុជា។

ក្រមបរិស្ថាន​ និង​ធនធានធម្មជាតិបានពាំនាំយកមកនូវគុណប្រយោជន៍ចម្បងៗដូចជា៖ ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ ការអភិរក្ស ការអភិវឌ្ឍ និងការស្តារនូវបរិស្ថាន និងធនធានធម្មជាតិ​ប្រកបដោយចីរភាព​។