តើជាការត្រឹមត្រូវទេថា ចៅក្រមនៃនីតិវិធីបណ្តឹងរដ្ឋប្បវេណីនៅកម្ពុជា និយាយដោយឡែក ឬ និយាយជារួមនៅក្នុងប្រព័ន្ធ Inquisitorial ជាចៅក្រមអកម្ម? ការលើកឡើងនេះ ប្រហែលជាត្រឹមត្រូវ ប្រសិនបើយើងមិនបានឈ្វេងយល់ឱ្យស៊ីជម្រៅអំពី គោលការណ៍នៃការទទួលខុសត្រូវរបស់ចៅក្រម និង ភាគីបណ្តឹងនៅក្នុងនីតិវិធីបណ្ដឹង រដ្ឋប្បវេណីកម្ពុជា ដែលទទួលឥទ្ធិពលពីប្រព័ន្ធ Inquisitorial។
គោលការណ៍ធំៗចំនួនពីរដែលយើងអាច យកមកពិចារណាអំពីភាពសកម្ម ឬ អកម្មនៃតួនាទីរបស់ចៅក្រមនៅក្នុងប្រព័ន្ធនីតិវិធីបណ្តឹងរដ្ឋប្បវេណីកម្ពុជា គឺគោលការណ៍នៃការទាញហេតុផល និង គោលការណ៍ស្រាវជ្រាវភស្តុតាងដោយឆន្ទានុសិទ្ធិ ដែលមានទំនាក់ទំនងទៅនឹងការបែកចែងតួនាទី និង ទំនួលខុសត្រូវរវាងភាគីនៃបណ្តឹង និង តុលាការ នៅក្នុងដំណាក់នៃនីតិវិធីបណ្តឹងទាំងមូល។ ក្នុងចំណោមតួនាទី និង ទំនួលខុសត្រូវទាំងឡាយ ចំណុចសំខាន់មួយគឺ ការស្វែងរកអង្គច្បាប់ និង អង្គហេតុ មុននឹងឈានដល់ការសម្រេចសេចក្តីរបស់ចៅក្រម។ ដើម្បីបម្រើឱ្យការបំពេញមុខងារ និងទំនួលខុសត្រូវទាំងឡាយរបស់ខ្លួន តុលាការអាច និងពេលខ្លះត្រូវប្រើប្រាស់ «”សិទ្ធិឱ្យបំភ្លឺ»”។
ការប្រើប្រាស់សិទ្ធិឱ្យបំភ្លឺ ក្នុងគោលបំណងធានាការបំពេញមុខងាររបស់តុលាការ ដោយភាពឆាប់រហ័ស និង យុត្តិធម៌ ការស្វែងរកការពិត និង ជៀសវាងនូវស្ថានភាពដែលភាគីមានការភ្ញាក់ផ្អើលចំពោះ
សេចក្តីសម្រេចរបស់តុលាការ នៅក្នុងដំណាក់កាលនៃនីតិវិធីបណ្តឹងរដ្ឋប្បវេណី។ យ៉ាងណាមិញ នៅពេលខ្លះ ការបែងចែករវាងសកម្មភាពនៃសិទ្ធិឱ្យបំភ្លឺណាដែលជាករណីយកិច្ច, ឆន្ទានុសិទ្ធិ ឬ ត្រូវបានហាមឃាត់ គឺនៅតែមានភាពលំបាក។
អត្ថបទនេះនឹងឆ្លើយតបទៅនឹងសំណួរ តើសិទ្ធិឱ្យបំភ្លឺជាអ្វី? តាមរយៈសិទ្ធិអំណាចនេះ តើចៅក្រមអាចធ្វើសកម្មភាពអ្វីខ្លះក្នុងដំណើរការនីតិវិធីបណ្តឹងរដ្ឋប្បវេណី? និង តើសិទ្ធិឱ្យបំភ្លឺមានទំនាក់ទំនងយ៉ាងណាទៅនឹងការស្វែងរកអង្គច្បាប់ និង អង្គហេតុ?
ដើម្បីឆ្លើយតបទៅនឹងសំណួរខាងលើ អ្នកនិពន្ធនឹងប្រើប្រាស់លិខិតបទដ្ឋានគតិយុត្តជាតិ សេចក្តីពន្យល់ និងសេចក្តីកំណត់នៃក្រមនីតិវិធីរដ្ឋប្បវេណី អត្ថបទសិក្សាធិការជាតិ និងអន្តរជាតិ និងប្រៀបធៀបដោយសង្ខេបជាមួយប្រព័ន្ធនីតិវិធីអាល្លឺម៉ង់ ព្រមទាំងផ្តល់នូវឧទាហរណ៍មួយចំនួន ដើម្បីជាមូលដ្ឋាននៃការពិភាក្សា និងបកស្រាយ។