ច្បាប់អន្តរជាតិ និងការដកសញ្ជាតិ៖ ការថ្លឹងថ្លែងតុល្យភាពរវាងសមត្ថកិច្ចផ្តាច់មុខរបស់រដ្ឋ និងការការពារសិទ្ធិប្រជាពលរដ្ឋ

ដោយ សូ សក្តា បច្ចុប្បន្នជាបេក្ខបណ្ឌិតនីតិអន្តរជាតិ និងអឺរ៉ុប នៃសាកលវិទ្យាល័យប៉ារីស១ ប៉ង់តេអុង-សកបោន (Université Paris 1 Panthéon-Sorbonne) និងជាគ្រូបង្រៀននៅបណ្តាសាកលវិទ្យាល័យក្នុងប្រទេសបារាំង និងប្រទេសកម្ពុជា

ចង់ចំណេញម្តង បែរជាដាច់ចំណងរដ្ឋ។ «ចង់ចំណេញ ដាច់ចំណង» សុភាសិតមួយនេះចង់អប់រំមនុស្សឱ្យចេះស្កប់ស្កល់ កុំលោភលន់ ព្រោះវារមែងធ្វើឱ្យបាត់បង់ទំនាក់ទំនង បាត់បង់មិត្តភាព ខាតបង់ពេលវេលា និងខាតបង់ប្រយោជន៍ធំ ព្រមទាំងនាំមកនូវវិបត្តិមកកាន់ខ្លួនវិញ។ បើយើងយកសុភាសិតនេះមកពិចារណា និងបកស្រាយក្នុងបរិបទនៃការគ្រប់គ្រងរដ្ឋវិញ យើងអាចបន្ថែមថា រាល់បុគ្គលទាំងឡាយដែល ចង់ចំណេញ តាមរយៈការគប់គិតជាមួយបរទេស និងបំផ្លាញផលប្រយោជន៍ជាតិ រមែងនាំមកនូវវិបត្តិដល់ខ្លួន ហើយថែមទាំងអាចឈានទៅដល់ការ ផ្តាច់ចំណង រវាងបុគ្គលនោះ និងរដ្ឋផងដែរ។

ចំណងគតិយុត្ត និងនយោបាយដែលភ្ជាប់រូបវន្តបុគ្គលទៅនឹងប្រទេសមួយ ហៅថាសញ្ជាតិ[1]។សាលដីកាតុលាការយុត្តិធម៌អន្តរជាតិ ក្នុងសំណុំរឿងណូតេបូម (Nottebohm) រវាងលិចតិនស្តាញ និងក្វាតេម៉ាឡា ក៏បានឱ្យនិយមន័យបន្ថែមថា៖ «យោងទៅតាមការអនុវត្តរបស់រដ្ឋ, សេចក្តីសម្រេចមជ្ឈត្តការ និងតុលាការ, និងតាមគំនិតរបស់អ្នកនិពន្ធ, សញ្ជាតិគឺជាចំណងផ្លូវច្បាប់ដែលមានមូលដ្ឋានផ្អែកលើទំនាក់ទំនង ជាមួយសង្គម, ចំណងភ្ជាប់ដ៏ស្អិតរមួតជាមួយនឹងការរស់នៅ ផលប្រយោជន៍ និងមនោសញ្ចេតនាជាមួយនឹងប្រទេសនោះ រួមជាមួយនឹងអត្ថិភាពនៃសិទ្ធិ និងកាតព្វកិច្ចរវាងគ្នាទៅវិញទៅមក»។

ការដកសញ្ជាតិ ពុំមែនជាការអនុវត្តថ្មីក្នុងសង្គមនោះទេ។ វាត្រូវបានធ្វើឡើងនាសម័យមុនជាញឹកញាប់ គ្រាន់តែក្នុងរូបភាពជាការនិរទេស[2] ចេញពីនគរ ឬក្រុងណាមួយជាអាទិ៍[3]។ ការនិរទេស ឬបណ្តេញចេញពីប្រទេសតែងត្រូវបានប្រើប្រាស់ទាំងនៅក្នុងផ្លូវសាសនា និងនយោបាយ ថាជាទណ្ឌកម្មមួយដ៏សមស្របសម្រាប់បទល្មើស ឬអំពើមិនសមស្របមួយចំនួនដែលត្រូវបានប្រព្រឹត្តឡើងនាសម័យនោះ។ ក្នុងអក្សរសិល្ប៍ពុទ្ធសាសនា នៅក្នុងកណ្ឌទី២ ហេមពាន្តនៃរឿងមហាព្រះវេស្សន្តរជាតក ប្រជាជនអ្នកស្រីពិរាស្រ្តបានខឹងសម្បានាំគ្នាទូលតវ៉ាព្រះបាទស្រីសញ្ជ័យ ឱ្យបណ្តេញព្រះវេស្សន្តរចេញពីជេតុត្តរនគរ ក្នុងកាលដែលព្រះអង្គព្រះរាជទានដំរីបញ្ច័យនាគ[4] ទៅព្រាហ្មណ៍ទាំង៨មកពីកលិង្គរាស្រ្តនៅព្ធដ៏ទុវុដ្ឋិ ដែលកំពុងជួបទុរ្ភិក្សរាំងភ្លៀងអត់បាយ។ ចំណែកឯក្នុងព្រះគម្ពីរសញ្ញាចាស់វិញ អាដាម និងអ៊ីវ ត្រូវបាននិរទេសចេញពីសួនអ៊ីដេនសម្រាប់ការមិនស្តាប់បង្គាប់ព្រះ។ ប្រសិនបើយើងងាកមកមើលមុំនយោបាយពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋវិញ ការបណ្តេញចេញ ឬនិរទេសនេះត្រូវបានអនុវត្តជាទណ្ឌកម្មចាប់តាំងពីសម័យក្រិច ១០០០ឆ្នាំមុនគ.ស. និងបន្តអនុវត្តនាសម័យរ៉ូម សម្រាប់ផ្តន្ទាទោសដល់ជនដែលបានប្រព្រឹត្តបទល្មើសមួយចំនួន រួមមានឃាដកម្មដោយប្រើថ្នាំពុល ការបង្កអគ្គិភ័យ និងក្បត់ជាតិជាដើម។ ទណ្ឌកម្មប្រភេទនេះ ក៏ត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗ ចាប់តាំងពីការកកើតនៃរដ្ឋទំនើប ដែលបាននាំឱ្យមានសញ្ញាណ «សញ្ជាតិ» ជាពិសេសបន្ទាប់ពីសម័យអាណានិគមនាសតវត្សទី២០។ ការណ៍នេះកើតឡើង ដោយសាររដ្ឋនីមួយៗមានអធិបតេយ្យពេញលេញទៅលើបញ្ហាអន្តោប្រវេសន៍ និងការចេញចូលប្រទេសខ្លួន ហើយរដ្ឋក្នុងទ្វីបអឺរ៉ុបក៏ពុំអាចនិរទេសជនល្មើសខ្លួនទៅកាន់ប្រទេសក្រោមអាណានិគមបានទៀតនោះទេ។ ការនិរទេស បានវិវត្តបន្តិចម្តងៗក្លាយទៅជាការដកសញ្ជាតិវិញ ហើយក៏ត្រូវបានចែងក្នុងច្បាប់ជាតិនៃបណ្តាប្រទេសលើពិភពលោក។ គួរគូសបញ្ជាក់ផងដែរថា ការដកសញ្ជាតិនេះបានក្លាយជាប្រធានបទយ៉ាងក្តៅគគុកប្រមាណឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានប្រតិបត្តិការភេរវកម្មនៅជុំវិញពិភពលោក[5]

សម្រាប់ប្រទេសកម្ពុជាវិញ ការដកសញ្ជាតិខ្មែរមិនមែនជារឿងថ្មីក្នុងសម័យទំនើបនោះទេ[6]។ កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីការដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ៣៧៧/៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម។ ថ្មីៗនេះ ច្បាប់ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នឹងបើកផ្លូវ​ឱ្យមានការរៀបចំក្របខណ្ឌច្បាប់ដកសញ្ជាតិខ្មែរពីពលរដ្ឋក្នុងស្ថានភាពឬលក្ខខណ្ឌមួយចំនួនផងដែរ។ ការវិវត្តថ្មីនេះ អាចចោទជាសំណួរមួយចំនួនក្នុងទិដ្ឋភាពច្បាប់ ជាពិសេសពាក់ព័ន្ធទៅនឹងអនុលោមភាពនៃការដកសញ្ជាតិទៅនឹងនីតិអន្តរជាតិ តួយ៉ាងបទដ្ឋានអន្តរជាតិទាំងឡាយដែលពាក់ព័ន្ធនឹងសញ្ជាតិ និងជនដែលគ្មានសញ្ជាតិ។

បុគ្គលម្នាក់អាចក្លាយជាជនដែលគ្មានសញ្ជាតិតាមរយៈយន្តការពីរ៖ ការបាត់សញ្ជាតិ និងការដកសញ្ជាតិ។ ការបាត់សញ្ជាតិ សំដៅលើការបាត់បង់សញ្ជាតិដោយស្វ័យប្រវត្តិតាមរយៈការចែងក្នុងច្បាប់ និងគ្មានការជ្រៀតជ្រែកពីអំណាចរដ្ឋនោះទេ[7]។ ជាឧទាហរណ៍ បុគ្គលម្នាក់អាចបាត់បង់សញ្ជាតិតាមរយៈការលះបង់សញ្ជាតិដូចមានចែងក្នុងច្បាប់ ឬ ក្នុងករណីសញ្ជាតិសំបក (Perte de nationalité par désuétude et ineffectivité) ដែលសំដៅទៅលើបុគ្គលទាំងឡាយណាដែលគ្មានចំណងភ្ជាប់ជាមួយរដ្ឋសញ្ជាតិទៀតទេ (ឧទាហរណ៍៖ ប្រជាពលរដ្ឋដែលតែងតែរស់នៅក្រៅប្រទេសជាដើម)។ ចំណែកឯការដកសញ្ជាតិវិញគឺកើតចេញពីលិខិតរដ្ឋបាលនៃអាជ្ញាធរ ឬតុលាការមានសមត្ថកិច្ច ដោយផ្អែកលើច្បាប់ជាតិនៃប្រទេសនោះ[8]។ អត្ថបទស្រាវជ្រាវនេះនឹងជ្រើសរើសយកតែករណីការដកសញ្ជាតិមកសិក្សាតែប៉ុណ្ណោះ។មូលហេតុទី១ គឺដោយសារការលះបង់សញ្ជាតិមិនចោទជាបញ្ហាគតិយុត្តស្មុគស្មាញនោះទេ ព្រោះបុគ្គលនោះបានសម្រេចចិត្តដោយខ្លួនឯងក្នុងការផ្តាច់ចំណងខ្លួន និងរដ្ឋសញ្ជាតិ[9]។ ដូច្នេះ បុគ្គលនោះយល់ព្រមទទួលយកអានុភាពនៃការដកសញ្ជាតិ។ មូលហេតុទី២ គឺដោយសារការដកសញ្ជាតិអាចលើកចំណោទបញ្ហាគតិយុត្តមួយចំនួន ជាពិសេសនៅពេលដែលការដកសញ្ជាតិនោះនឹងធ្វើឱ្យប្រជាពលរដ្ឋម្នាក់គ្មានសញ្ជាតិ។ ជាគោលការណ៍ ការផ្តល់ និងការដកសញ្ជាតិស្ថិតក្រោមដែនសមត្ថកិច្ចផ្តាច់មុខរបស់រដ្ឋអធិបតេយ្យ[10]។ រដ្ឋអធិបតេយ្យទាំងអស់ មានសិទ្ធិពេញលេញក្នុងការកំណត់លក្ខខណ្ឌក្នុងការទទួលបាន និងបាត់បង់សញ្ជាតិ តាមរយៈច្បាប់ជាតិរបស់ខ្លួន។ ប៉ុន្តែ បន្ទាប់ពីមានការវិវត្តនីតិអន្តរជាតិពាក់ព័ន្ធនឹងការការពារសិទ្ធិមនុស្ស សមត្ថកិច្ចនៃរដ្ឋសញ្ជាតិ ត្រូវបានរឹតត្បិតចំពោះការដកសញ្ជាតិ ជាពិសេសក្នុងករណីនៃការដកសញ្ជាតិដែលធ្វើឱ្យបុគ្គលគ្មានសញ្ជាតិ។ ជាគោលការណ៍ រដ្ឋមួយមិនអាចដកសញ្ជាតិជនមួយឱ្យគ្មានសញ្ជាតិនោះទេ (ផ្នែកទី១) ប៉ុន្តែច្បាប់អន្តរជាតិបានកំណត់នូវមូលដ្ឋានច្បាប់មួយចំនួនក្នុងការដកសញ្ជាតិ បើទោះបីវានឹងធ្វើឱ្យជននោះគ្មានសញ្ជាតិក៏ដោយ (ផ្នែកទី២)


[1] មាត្រា៤ នៃច្បាប់ស្តីពីសញ្ជាតិ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។

[2] M. J. Gibney, “Banishment and the pre-history of legitimate expulsion power”, Citizenship Studies, 24(3), 2020, p. 3:
 ការនិរទេស សំដៅទៅលើការដាក់ទណ្ឌកម្មផ្លូវការ ដោយបណ្តេញបុគ្គលម្នាក់ចេញពីព្រំដែនទឹកដីនៃសង្គមនយោបាយមួយ។ ការណ៍នេះនឹងនាំទៅដល់ការបាត់បង់សិទ្ធិ និងសិទ្ធិពិសេសនានា ដែលផ្សាភ្ជាប់ទៅនឹងសមាជិកភាពនៃសង្គមមួយនោះ។

[3] T.D. Miethe and L. Hong, Punishment: A Comparative Historical Perspective, Cambridge University Press, Cambridge, 2005, pp. 30−1.

[4] «ដំរីបច្ច័យនាគ» ជាដំរីល្អេមានដំណើរល្វាសល្វន់ទ្រទេសទ្រទន់ មានកន្ទុយល្គាយល្គងរាំ គន្លងបោសព្រះធរណី បើបានទៅដល់ទីដែលឥតភ្លៀង រមែងមានភ្លៀងធ្លាក់ត្រជាក់ត្រជុំជាប្រក្រតី។

[5] ពាក់ព័ន្ធនឹងការដកសញ្ជាតិករណីជនល្មើសភេរវកម្ម៖ សូមមើល P. Martin-Bidou, « La déchéance de nationalité pour terrorisme et le droit international », Annuaire 2017 du droit de la sécurité et de la défense, Vol 2, pp. 499-514.

[6] ចក សម្បត្តិ, «ការដកហូតសញ្ជាតិខ្មែរ៖ ប្រយោជន៍ខ្មែរឯងមិនតម្កើងទេ បែរជាវៀចវេរជួយតែបរទេស», ព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខពិសេសទី៨ សមូហកម្មអត្ថបទស្រាវជ្រាវឧទ្ទិសជូនបញ្ញវន្តខ្មែរដែលបានបាត់បង់ជីវិត និងមានស្នាដៃក្នុងវិស័យច្បាប់ និងយុត្តិធម៌, ភ្នំពេញ, ខែកក្កដា ឆ្នាំ២០២៥។

[7] UN Human Rights Council, Human rights and arbitrary deprivation of nationality: Report of the Secretary-General, A/HRC/25/28, 2013, para. 3.

[8] Ibid.

[9] ពាក់ព័ន្ធនឹងការលះបង់សញ្ជាតិ សូមមើល E. Fargues, « Renoncer à la nationalité », Perdre sa nationalité, Dalloz, 2024.

[10] តុលាការអចិន្ត្រៃយ៍យុត្តិធម៌អន្តរជាតិ, Advisory Opinion, សំណុំរឿងអនុក្រឹត្យស្តីពីសញ្ជាតិទុយនីស៊ី និងម៉ារ៉ុក, No. 4, ៧ កុម្ភៈ ១៩២៣ ; Art. 1, Convention on Certain Questions Relating to the Conflict of Nationality Law, 13 April 1930.


[1] UN Human Rights Council, Human rights and arbitrary deprivation of nationality: Report of the Secretary-General, A/HRC/25/28, 2013, para. 3.

[2] Ibid.

[3] ពាក់ព័ន្ធនឹងការលះបង់សញ្ជាតិ សូមមើល E. Fargues, « Renoncer à la nationalité », Perdre sa nationalité, Dalloz, 2024.

[4] តុលាការអចិន្ត្រៃយ៍យុត្តិធម៌អន្តរជាតិ, Advisory Opinion, សំណុំរឿងអនុក្រឹត្យស្តីពីសញ្ជាតិទុយនីស៊ី និងម៉ារ៉ុក, No. 4, ៧ កុម្ភៈ ១៩២៣ ; Art. 1, Convention on Certain Questions Relating to the Conflict of Nationality Law, 13 April 1930.


[1] មាត្រា៤ នៃច្បាប់ស្តីពីសញ្ជាតិ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។

[2] M. J. Gibney, “Banishment and the pre-history of legitimate expulsion power”, Citizenship Studies, 24(3), 2020, p. 3:
 ការនិរទេស សំដៅទៅលើការដាក់ទណ្ឌកម្មផ្លូវការ ដោយបណ្តេញបុគ្គលម្នាក់ចេញពីព្រំដែនទឹកដីនៃសង្គមនយោបាយមួយ។ ការណ៍នេះនឹងនាំទៅដល់ការបាត់បង់សិទ្ធិ និងសិទ្ធិពិសេសនានា ដែលផ្សាភ្ជាប់ទៅនឹងសមាជិកភាពនៃសង្គមមួយនោះ។

[3] T.D. Miethe and L. Hong, Punishment: A Comparative Historical Perspective, Cambridge University Press, Cambridge, 2005, pp. 30−1.

[4] «ដំរីបច្ច័យនាគ» ជាដំរីល្អេមានដំណើរល្វាសល្វន់ទ្រទេសទ្រទន់ មានកន្ទុយល្គាយល្គងរាំ គន្លងបោសព្រះធរណី បើបានទៅដល់ទីដែលឥតភ្លៀង រមែងមានភ្លៀងធ្លាក់ត្រជាក់ត្រជុំជាប្រក្រតី។

[5] ពាក់ព័ន្ធនឹងការដកសញ្ជាតិករណីជនល្មើសភេរវកម្ម៖ សូមមើល P. Martin-Bidou, « La déchéance de nationalité pour terrorisme et le droit international », Annuaire 2017 du droit de la sécurité et de la défense, Vol 2, pp. 499-514.

[6] ចក សម្បត្តិ, «ការដកហូតសញ្ជាតិខ្មែរ៖ ប្រយោជន៍ខ្មែរឯងមិនតម្កើងទេ បែរជាវៀចវេរជួយតែបរទេស», ព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខពិសេសទី៨ សមូហកម្មអត្ថបទស្រាវជ្រាវឧទ្ទិសជូនបញ្ញវន្តខ្មែរដែលបានបាត់បង់ជីវិត និងមានស្នាដៃក្នុងវិស័យច្បាប់ និងយុត្តិធម៌, ភ្នំពេញ, ខែកក្កដា ឆ្នាំ២០២៥។

របៀបយោងអត្ថបទនៅក្នុងព្រឹត្តិបត្រនេះ៖ សូ សក្តា, ច្បាប់អន្តរជាតិ និងការដកសញ្ជាតិ៖ ការថ្លឹងថ្លែងតុល្យភាពរវាងសមត្ថកិច្ចផ្តាច់មុខរបស់រដ្ឋ និងការការពារសិទ្ធិប្រជាពលរដ្ឋ, ព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខពិសេស ទី៨ សមូហកម្មអត្ថបទស្រាវជ្រាវឧទ្ទិសជូនបញ្ញវន្ត និងវិរៈជនកម្ពុជាដែលបានធ្វើពលិកម្មដើម្បីលើកកម្ពស់វិស័យច្បាប់ យុត្តិធម៌ ការពារអធិបតេយ្យ និងបូរណភាពទឹកដីខ្មែរ, ភ្នំពេញ, ខែមករា ឆ្នាំ២០២៥។ PDF