ប្រគល់សៀវភៅព្រឹត្ដិបត្រច្បាប់សាលាត្រាជូប្រចាំឆមាសចំនួន ១ឈុត ដែល៤ លេខ ជូនឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ឆ្លៀតក្នុងឱកាសកម្មវិធីប្រគល់សញ្ញាបត្រផ្នែកនីតិសាស្រ្ដជាភាសាបារាំងនៅក្នុងស្ថានទូតសាធារណរដ្ឋបារាំងប្រចាំប្រទេសកម្ពុជា (France Alumni), លោក ផល ពិសាល និង លោក ចក សម្បត្តិ អនុប្រធានសមាគមសាលាត្រាជូ ព្រមទាំងសមាជិក សមាជិកា បានប្រគល់សៀវភៅព្រឹត្ដិបត្រច្បាប់សាលាត្រាជូប្រចាំឆមាសចំនួន ១ឈុត ដែល៤ លេខ ជូនឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីនៃក្រសួងអប់រំយុវជន និងកីឡា ដើម្បីជាសក្ខីភាពនៃបេសកកម្មរបស់សមាគមសាលាត្រាជូ ក្នុងការចូលរួមចំណែកជំរុញ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវផ្នែកនីតិសាស្រ្ដនៅកម្ពុជា។

ក្នុងឱកាសនេះ សមាគមសាលាត្រាជូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលតែងតែជំរុញ លើកទឹកចិត្ត ផ្តល់អនុសាសន៍ណែនាំ និងផ្ដល់កិច្ចសហការគាំទ្រដល់សកម្មភាពនានារបស់សមាគមនាពេលកន្លងមក ជាពិសេស ការរៀបចំបាឋកថាសាធារណៈ និងការបោះផ្សាយស្នាដៃ។ សូមគូសបញ្ជាក់ផងដែរថា សមាជិក សមាជិកាសមាគម ធ្លាប់ទទួលបានឱកាសជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួង កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ដែលនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់សមាគមក្នុងការជំរុញ ការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ និងការបោះផ្សាយស្នាដៃ អោយមានភាពសំបូរបែប ដើម្បីជាប្រយោជន៍ក្នុងការលើកកម្ពស់វប្បធម៌ស្រាវជ្រាវនៅកម្ពុជា អោយមានភាពរីកចម្រើន។ អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំងអស់នោះ ត្រូវបានក្រុមការងារ ទទួលយកមកអនុវត្តជាបន្តបន្ទាប់ ដើម្បីជាមគ្គទេសក៍ ក្នុងការសម្រេចបាន នូវសមិទ្ធផលនានាមកទល់សព្វថ្ងៃ រួមបញ្ចូលទាំង ការបោះផ្សាយជាប្រចាំនូវ ព្រឹត្តិបត្រច្បាប់ប្រចាំឆមាសនេះ។

ជាចុងក្រោយ សមាគមសាលាត្រាជូ សូមគោរពជូនពរ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី សូមអោយទទួលបានជោគជ័យនូវគ្រប់ការងារភារកិច្ច និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

👉 ព្រឹត្តបត្រច្បាប់សាលាត្រាជូ: https://t.me/salatraju/4904

👉 Facebook : https://www.facebook.com/100064454541500/posts/pfbid02DADQyr6nFngPdJ7UW1mqgT65xW2hW4qTYNZyuvLVnrZ6x8tDWNjis88nTkUsaeqgl/?mibextid=gkx3sN

👉 Telegram : https://t.me/salatraju