តួនាទីយុវជន ដើម្បីកម្ពុជា ឯករាជ្យ និងម្ចាស់ការ

ដោយ រស់ សយម្ភូ ជាអ្នកស្រាវជ្រាវជាន់ខ្ពស់របស់សមាគមសាលាត្រាជូ

សេចក្តីផ្តើម

បើគិតត្រឹមដើមឆ្នាំ ២០២០ មករហូតមកទល់ខែកក្កដា ឆ្នាំ ២០២៥ នេះ ពិភពលោកបាននិងកំពុង ជួបបញ្ហាស្មុគស្មាញ និងចាក់ស្រេះជាច្រើន ដែលមានជាអាទិ៍ ជំងឺកូវីដ-១៩ រាតត្បាតឆ្លងជាសកល, សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន, បញ្ហានៅមជ្ឈិមបូព៌ា និងបញ្ហារវាងអ៊ីស្រាអែលជាមួយប៉ាឡេស្ទីន និងជាមួយអ៊ីរ៉ង់, ក៏ដូចជាការដាក់គំនាបពន្ធបដិការរបស់សហរដ្ឋអាម៉េរិកចំពោះពិភពលោកថ្មីៗនេះ។ នៅតំបន់អាស៊ីអាគ្នេយ៍ បើនិយាយដោយឡែក ក៏នៅបន្តជួបប្រទះនូវបញ្ហានានាផងដែរ តួយ៉ាងការអូសបន្លាយនៃវិបត្តិនៅមីយ៉ាន់ម៉ា, ការកើនឡើងកំដៅនៃបញ្ហាសមុទ្រចិនខាងត្បូងរវាងហ្វីលីពីននិងចិន រួមទាំងការរំលោភឈ្លានពានរបស់ថៃ មកលើកម្ពុជា។ បញ្ហាដែលមានរៀបរាប់ខាងលើនេះ សុទ្ធតែបាននិងកំពុងក្លាយជាវិញ្ញាសារប្រលងដ៏លំបាកមួយ សម្រាប់ប្រទេសដែលបានជួប និងមានភាពពាក់ព័ន្ធផ្ទាល់និងបញ្ហាទាំងនេះ ក៏ដូចជាបណ្តាប្រទេសដ៏ទៀត ដែលមានភូមិផងរបងជាមួយ និងប្រទេសនានាផ្សេងទៀតដែលបានទទួលផលជះដោយប្រយោល ទាំងលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងយោធា។

ក៏ប៉ុន្តែអ្វីដែលជាក់ស្តែង នោះគឺ សកលភាវូបនីយកម្ម (Globalization) ក៏ដូចជា តំបន់តូបនីយកម្ម (Regionalization) គឺមិនអាចដំណើរការទៅដោយរលូន និងមានកិច្ចសហប្រតិបត្តិការល្អដូចមុននោះទេ ដែលជំនួសដោយការប្រណាំងប្រជែង និងភាពបែកបាក់រវាងគ្នាទៅវិញ (Fernández-Villaverde, Mineyama, & Song, 2024) ។ ជាឧទាហរណ៍ ការដាក់គំនាបពន្ធបដិការរបស់អាម៉េរិកជាទូទៅ ជាពិសេស ចំពោះប្រទេសចិន បានកំពុងបង្ហាញអំពីបំណងរបស់អាម៉េរិកដើម្បីជំរុញអោយមានការពុះហែកបែងចែក បក្សពួកនៃក្រុមប្រទេសនៅលើពិភពលោក តួយ៉ាងប្រទេសណា ដែលខ្លួនចោទប្រកាន់ថាមាននិន្នាការខិតជិត ទៅរកប្រទេសចិន គឺត្រូវចាត់ទុក្ខថាជាអមិត្ត ហើយនឹងត្រូវទទួលការដាក់គំនាបពន្ធបដិការនេះ យ៉ាងអយុត្តិធម៌ (Lou, 2025, Guarascio, 2025)។ បើពិនិត្យអំពីតំបន់តូបនីយកម្មវិញ សហភាពអ៊ឺរ៉ុប ក៏កំពុង តែជួបការមិន ចុះសម្រុងរវាងគ្នាផងដែរ ជាឧទាហរណ៍សមាជិកសហភាពអ៊ឺរ៉ុបពុំមានការមូលមតិគ្នា ចំពោះបញ្ហារុស្ស៊ី និងអ៊ុយក្រែន ក្នុងការបញ្ចូនអាវុធ ឬជំនួយទៅកាន់អ៊ុយក្រែន ជាធ្លុងមួយនោះទេ (Genini, 2025) ដោយឡែក នៅអាស៊ានវិញ ក៏ឃើញមានការរំលោភឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលជាសមាជិកអាស៊ានតែ មួយផងដែរ (Cambodia New Vision, 2025)។

នៅក្នុងខណៈពេលដែលពិភពលោក បាននិងកំពុងបន្តមានភាពច្របូលច្របល់នេះ និន្នាការនៃការគាំពារនិយម (Protectionism) និងឯកត្តោភាគីនិយម (Unilateralism) ក៏បានលេចឡើង ដែលនិន្នាការនេះ គឺសំដៅលើការប្រែប្រួលឥរិយាបទរបស់ប្រទេសណាមួយ ដែលប្រាសចាកពីសកលភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការរវាងគ្នាប្រែមកជាអត្តនិយម (selfism) យកប្រទេសខ្លួនជាធំហើយនិន្នាការនេះ ក៏មានការកើន ឡើងផងដែរ (Chaisse & Su, 2025) ។ ការគាំពារនិយមនេះ បើពិនិត្យជារួមគឺបានចាប់ ផ្តើមលេចរូបរាងជាដុំ កំភួនឡើង គឺនៅឆ្នាំ ២០១៨ នៅពេលដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានអនុវត្តរបាំងពន្ធ បដិការនេះ​សម្រាប់ពិភពលោក និងជាពិសេសចិន ក្រោមហេតុផលដើម្បីជួយ និងការពារឱ្យក្រុមហ៊ុន និងសាជីវកម្មរបស់អាម៉េរិក ដើម្បីជំរុញភាពរឹងមាំ និងភាពរីកចម្រើនបាន ពិសេសមានចំណែកនៅក្នុងសេដ្ឋកិច្ច អាមេរិកធំជាងមុនជំនួសឱ្យការនាំចូលពីក្រៅ (Forster, 2022) ។ បន្តមក នៅពេលដែល ជំងឺកូវីដ ១៩ បានចាប់ផ្តើមនៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ ២០២០ រាតត្បាតនៅលើសកលលោកនាពេលនោះ ប្រទេសមហាអំណាចលោកខាងលិចមួយចំនួន បានបិទព្រំដែន និងរឹតត្បិតបំលាស់ទីរបស់មនុស្ស ដោយមិនខ្វល់ មិនស្តាប់ និងមិនទទួលអនុវត្តតាម ច្បាប់អន្តរជាតិស្តីពីសុខភាពពិភពលោក និងគោលការណ៍ណែនាំ និងគោលការណ៍ របស់អង្គការសុខភាពពិភពលោកនោះទេ (Habibi et al., 2020) ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមប្រទេសមហាអំណាចទាំងនោះ ក៏បានដណ្តើមទិញនិងស្តុកទុកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, សម្លៀកបំពាក់ ការពារវេជ្ជសាស្ត្រ, ម៉ាស៊ីនអុកស៊ីសែន និងម៉ាស និងមានករណីខ្លះប្រទេសទាំងនេះបានដណ្តើមនូវឧបករណ៍ និងសម្ភារៈទាំងនេះ ដោយបំពានទោះបីមានការបញ្ជាទិញពីប្រទេសដទៃទៀតហើយក៏ដោយ (BBC News, 2020, Bollyky & Bown, 2020)។ ក្រោយមកសង្គ្រាមបានផ្ទុះឡើង តួយ៉ាងនៅឆ្នាំ ២០២២ រហូតមកដល់បច្ចុប្បន្ន ដូចជា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន, បញ្ហានៅមជ្ឈិមបូព៌ា និងបញ្ហារវាង អ៊ីស្រាអែល ជាមួយប៉ាឡេស្ទីន និងជាមួយអ៊ីរ៉ង់ ដែលក្រៅពីបញ្ហាប៉ះពាល់ដល់អាយុជីវិតមនុស្ស ក៏បានធ្វើ អោយមានវិបត្តិថាមពល និងវិបត្តិ ស្បៀងពិភពលោកផងដែរ (Mugoni et al., 2025)។ បន្ថែមលើទង្វើ មិនស៊ីវីល័យដែលខ្លួនបានធ្វើកន្លងមក ប្រទេសមហាអំណាចលោកខាងលិចមួយចំនួននេះ បានបន្តអនុវត្ត នូវសកម្មភាពប្រមូលទិញ និងប្រមូលស្តុកទុកនូវថាមពលនិងស្បៀង ដែលមានការប៉ះពាល់ដល់តម្រូវការ ដូចជានៅតំបន់អាហ្វ្រិក ដែលខ្វះស្បៀង (Yanovska, Król, & Pittman, 2025)។ បន្តមកនៅពេលដែល លោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជា ប្រធានាធិបតីសហរដ្ឋអាម៉េរិកជាលើកទី ២ នៅឆ្នាំ ២០២៤ និន្នាការនៃការគាំពារនិយម និងឯកតោភាគីនិយម សម្រាប់ពិភពលោកគឺបានជំរុញបន្ថែមទៀត តាមរយៈការដាក់ របាំងពន្ធបដិការជាលើកទី២ ក្នុងអាណត្តិ របស់លោក (Lou, 2025)។

អាស្រ័យដូចបានរៀបរាប់ពីខាងលើ សភាពការណ៍វិវត្តដ៏ស្មុគស្មាញទាំងនោះ អាចលើកឡើងជាសំណួរថា តើកម្ពុជា ឬប្រទេសកំពុងអភិវឌ្ឍន៍នានា អាចមានឱកាសដើម្បីបន្តពង្រឹង និងពង្រីកការអភិវឌ្ឍ របស់ខ្លួនបានឬទេ ក្នុងសភាពការណ៍វិវត្តដ៏ស្មុគស្មាញទាំងនោះ? មានការសួរដូច្នេះក៏ព្រោះតែ ចន្ទល់សេដ្ឋកិច្ចពិភពលោក ដែលធ្លាប់តែជ្រោង ដោយប្រទេសមហាអំណាចនៅលោកខាងលិច និងចិនជាដើម ក៏បាននិងកំពុងរងការប៉ះពាល់ និងរំខានដោយសារបញ្ហានៅក្នុងសកលលោកទាំងឡាយនោះ មិនថាដោយអត្តនិយម ឬដោយផលជះ ដោយបញ្ហាសង្គ្រាម ឬបញ្ហាស្បៀង ឬបញ្ហាថាមពល ឬបញ្ហារអាក់រអួល និងកាត់ផ្តាច់នៃ ខ្សែច្រវ៉ាក់ផលិតកម្ម និងការបាត់បង់ទីផ្សារដោយសារសង្គ្រាមពាណិជ្ជកម្មជាដើម (OECD, 2025)។ បញ្ហាទាំងនេះ បានធ្វើឱ្យមានការប្រែប្រួលនូវតម្រូវការទីផ្សារពិភពលោកទាំងវិស័យទំនិញ និងសេវាកម្ម ពិសេសពីប្រទេសមហាអំណាច ទាំងនោះត្រូវកាត់បន្ថយ ជាឧទាហណ៍ការធ្លាក់ចុះនៃទេសចរណ៍អន្តរជាតិ ព្រោះស្ថានភាពសេដ្ឋកិច្ចពិភពលោក ពុំនឹងនរ ចំណូលធ្លាក់ចុះ ទំនិញឡើងថ្លៃ និងត្រូវការសន្សំសំចៃ (United Nations Department of Economic and Social Affairs, 2025)។

ដូចបានបង្ហាញខាងលើនេះ តើកម្ពុជា ឬប្រទេសកំពុងអភិវឌ្ឍន៍នានា គួរធ្វើដូចម្តេចដើម្បីបន្តពង្រឹង និងពង្រីកការអភិវឌ្ឍរបស់ខ្លួនបាន ចំពោះមុខបញ្ហាទាំងនេះ? កម្ពុជា ក៏មិនខុសពីប្រទេសដ៏ទៃទៀតដែរ គឺកំណើតសេដ្ឋកិច្ចរបស់កម្ពុជា គឺមានមួយចំណែកបានមកពីការនាំចេញផលិតផលទៅកាន់ទីផ្សារនៅ ក្រៅប្រទេស តួយ៉ាងដូចជា អ៊ឺរ៉ុប អាម៉េរិក ចិន និងប្រទេសក្បែរខាងជាដើម (General Department of Customs and Excise of Cambodia, 2025)។ ទោះជាយ៉ាងនេះក្តី ថ្វីត្បិតតែតម្រូវការពិភពលោក និងតំបន់មានការ ថយចុះ សេដ្ឋកិច្ចកម្ពុជានៅតែបន្តមានកំណើន ជាក់ស្តែងកំណើនសេដ្ឋកិច្ចកម្ពុជានៅ ២០២៣ គឺមានអត្រាប្រមាណ ៥% ហើយបានបន្តមានកំណើនប្រមាណ ៦% នៅឆ្នាំ ២០២៤ និងព្យាករណ៍ថានឹងកើនឡើង ទៅប្រមាណ ៦.១% នៅឆ្នាំ ២០២៥ បើយោងតាមតួលេខរបស់ធនាគារ ADB (Asian Development Bank, 2025)។

កម្ពុជានៅបន្តរក្សាកំណើនខ្លួនបាន មិនមានជាការចៃដន្យនោះទេ ហើយស្ថានភាពនេះរឹតតែបង្ហាញថា កម្ពុជា ពុំបានពឹងដង្ហើមប្រទេសណាមួយដើម្បីដក ឬទំអួញទំអក់ទទូចត្រូវតែពឹងផ្អែក និងស្នើសុំជំនួយពី បណ្តាប្រទេសណាមួយនោះទេ ក៏ប៉ុន្តែចំពោះមុខបញ្ហាសកល និងតំបន់នេះ ខ្លួនបានព្យាយាមដោះស្រាយ ប្រកបដោយភាពស្វាហាប់ ម្ចាស់ការ និងឯករាជ្យ ទោះបីជាមិនបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ឬតម្រូវការ ទីផ្សារពិភពលោក ច្រើនដូចមុនក៏ដោយ (Ly & Valley, 2025)។ ការបន្តអភិវឌ្ឍន៍ប្រទេស ជាមួយនិង មូលដ្ឋានសេដ្ឋកិច្ចរីកចម្រើនជាប្រចាំនេះ បានសបញ្ជាក់បង្ហាញថា ទោះបីជាពិភពលោក និងប្រទេសមហាអំណាច ប្រែប្រួលមូលដ្ឋានទីផ្សារ ឬទំនាក់ទំនង ដោយសារចេតនា ឬដោយអចេតនា ក៏កម្ពុជា មិនបាន ផ្តេកផ្តួលជោគវាសនារបស់ខ្លួននោះទេ ក្នុងតថភាពនេះគឺមានន័យថា មិនបាត់បង់ម្ចាស់ការ មិនដោះដូរអធិបតេយ្យភាព ឯករាជ្យភាព ទៅនឹងបំណងឬជំនួយរបស់បរទេសនោះទេ តែបានប្រឹងរស់ និងបានបង្ហាញ ភាពម្ចាស់ការ ក្នុងការសម្រេចលើជោគវាសនារបស់ខ្លួនពេញលេញ (Asian Development Bank, 2024)។ ភាពឯករាជ្យម្ចាស់ការនេះ មិនមែនត្រឹមតែជាចក្ខុវិស័យថ្នាក់ដឹកនាំប្រទេសនោះទេ តែប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេស យុវជនត្រូវធ្វើយ៉ាងណាបន្តជួយជ្រោមជ្រែងវាសនាកម្ពុជា អោយបន្តជារដ្ឋឯករាជ្យ មិនរណប និងចុះញមជាមួយរដ្ឋបរទេសណាមួយឡើយ ក៏ប៉ុន្តៃកម្ពុជាស្វាគមន៍កិច្ចសហប្រតិបត្តិការដោយ ស្មើមុខនិង ស្មើសិទ្ធិ។

អត្ថបទនេះ នឹងសិក្សាអំពីនិយមន័យនៃពាក្ស ឯករាជ្យ (Independence) និងម្ចាស់ការ (self-reliance) នៅក្នុងន័យការងារការបរទេស ដើម្បីបង្ហាញពីនិយមន័យ និងសារៈសំខាន់នៃពាក្យទាំង២នេះ សម្រាប់កម្ពុជា ពិសេសក្នុងបរិបទពិភពលោកដែលមានការវិវត្តស្មុគស្មាញ។ បន្តមក ក្រោយពីបានស្វែងយល់នូវពាក្សទាំង ២ នេះ អត្ថបទនឹងពិនិត្យមើលអំពីស្ថានភាពកម្ពុជា និងការរក្សាការពារឯករាជ្យភាព និងម្ចាស់ការ ក្នុងការវិវត្តសភាពការណ៍ នានាក្នុងតំបន់ និងពិភពលោក។ ចុងក្រោយ អត្ថបទនេះ នឹងពិនិត្យទៅលើភាពចាំបាច់ និងពាក់ព័ន្ធរបស់យុវជន និងការបន្តការពារឯករាជ្យភាព និងនិងម្ចាស់ការរបស់កម្ពុជាដើម្បីអោយ គង់វង្សយូរអង្វែង។

របៀបយោងអត្ថបទនេះ៖ រស់ សយម្ភូ, តួនាទីយុវជន ដើម្បីកម្ពុជា ឯករាជ្យ និងម្ចាស់ការ, ការផ្សព្វផ្សាយរបស់សមាគមសាលាត្រាជូ, ខែមករា, ឆ្នាំ២០២៦។

Download PDF: https://drive.google.com/file/d/10eEAlpoIjXRI9JmhY9DTf-4U9eLei3Yg/view