តួនាទីយុវជន ដើម្បីកម្ពុជា ឯករាជ្យ និងម្ចាស់ការ
ដោយ រស់ សយម្ភូ ជាអ្នកស្រាវជ្រាវជាន់ខ្ពស់របស់សមាគមសាលាត្រាជូ សេចក្តីផ្តើម បើគិតត្រឹមដើមឆ្នាំ ២០២០ មករហូតមកទល់ខែកក្កដា ឆ្នាំ ២០២៥ នេះ ពិភពលោកបាននិងកំពុង ជួបបញ្ហាស្មុគស្មាញ និងចាក់ស្រេះជាច្រើន ដែលមានជាអាទិ៍ ជំងឺកូវីដ-១៩ រាតត្បាតឆ្លងជាសកល, សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន, បញ្ហានៅមជ្ឈិមបូព៌ា និងបញ្ហារវាងអ៊ីស្រាអែលជាមួយប៉ាឡេស្ទីន និងជាមួយអ៊ីរ៉ង់, ក៏ដូចជាការដាក់គំនាបពន្ធបដិការរបស់សហរដ្ឋអាម៉េរិកចំពោះពិភពលោកថ្មីៗនេះ។ នៅតំបន់អាស៊ីអាគ្នេយ៍ បើនិយាយដោយឡែក ក៏នៅបន្តជួបប្រទះនូវបញ្ហានានាផងដែរ តួយ៉ាងការអូសបន្លាយនៃវិបត្តិនៅមីយ៉ាន់ម៉ា, ការកើនឡើងកំដៅនៃបញ្ហាសមុទ្រចិនខាងត្បូងរវាងហ្វីលីពីននិងចិន រួមទាំងការរំលោភឈ្លានពានរបស់ថៃ មកលើកម្ពុជា។ បញ្ហាដែលមានរៀបរាប់ខាងលើនេះ សុទ្ធតែបាននិងកំពុងក្លាយជាវិញ្ញាសារប្រលងដ៏លំបាកមួយ សម្រាប់ប្រទេសដែលបានជួប និងមានភាពពាក់ព័ន្ធផ្ទាល់និងបញ្ហាទាំងនេះ ក៏ដូចជាបណ្តាប្រទេសដ៏ទៀត ដែលមានភូមិផងរបងជាមួយ និងប្រទេសនានាផ្សេងទៀតដែលបានទទួលផលជះដោយប្រយោល ទាំងលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងយោធា។ ក៏ប៉ុន្តែអ្វីដែលជាក់ស្តែង នោះគឺ សកលភាវូបនីយកម្ម (Globalization) ក៏ដូចជា តំបន់តូបនីយកម្ម (Regionalization) គឺមិនអាចដំណើរការទៅដោយរលូន និងមានកិច្ចសហប្រតិបត្តិការល្អដូចមុននោះទេ ដែលជំនួសដោយការប្រណាំងប្រជែង និងភាពបែកបាក់រវាងគ្នាទៅវិញ (Fernández-Villaverde, Mineyama, & Song,…
