ហិណ្ឌូនីយកម្មនៃរបបនយោបាយ និង ច្បាប់ខ្មែរសម័យអង្គរនិងក្រោយអង្គរ (អត្ថបទសាកល្បង)

ដោយ លី វ៉ុង គ្រូបង្រៀនច្បាប់ និងសហស្ថាបនិកសមាគមសាលាត្រាជូ

មុនហិណ្ឌូនីយកម្មនៅដើមសតវត្សទី១ នៃ គ.ស.,កម្ពុជាមានជំនឿក្នុងស្រុករបស់ខ្លួនរួចទៅហើយ គឺសាសនាព្រលឹង (Animisme) ជាការជឿលើវិញ្ញាណ ដែលស្ថិតនៅរវាងព្រហ្មញ្ញសាសនានិងពុទ្ធសាសនា។ ខ្មែរមិនមែនគោរពត្រឹមតែអាទិទេពក្នុងរឿងព្រេងរបស់ឥណ្ឌាតែប៉ុណ្ណោះទេ តែជាងនេះទៅទៀត គឺជឿទៅលើវិញ្ញាណ ដែលអាចមាននៅគ្រប់ទីកន្លែង ដូចជាដើមឈើធំៗ ជឿលើសមុទ្រ ទន្លេ ស្ទឹង បឹងបួរ ។ល។

ការសិក្សាអំពីប្រវត្តិច្បាប់ខ្មែរ ត្រូវក្រឡេកទៅមើលចាប់តាំងពីការមកដល់នូវអរិយធម៌ឥណ្ឌា ដូចជាសាសនា ព្រាហ្មនិយម និងពុទ្ធនិយម ដែលត្រូវបាននាំចូលមកស្រុកខ្មែរដោយពួកពាណិជ្ជករ គ្រហស្ថ និងបុព្វជិតឥណ្ឌា។ ក្នុងន័យនេះ ឥណ្ឌាបាននាំមកស្រុកខ្មែរនូវប្រពៃណី វប្បធម៌ អក្សរសាស្ត្រ ភាសា ក៏ដូចជាប្រព័ន្ធរដ្ឋបាល ប្រព័ន្ធសេដ្ឋកិច្ច និងជាពិសេសគឺប្រព័ន្ធច្បាប់។ នៅក្នុងចំណោមព្រាហ្មណ៍ដែលបាននាំមកកម្ពុជានូវច្បាប់របស់ព្រហ្មញ្ញសាសនា គេតែងនឹកឃើញដល់មុនគេ នូវព្រះអង្គម្ចាស់ឥណ្ឌាម្នាក់ ដែលបានរៀបការជាមួយនឹងម្ចាស់ក្សត្រីខ្មែរម្នាក់ ដែលក្រោយមកទៀត ពួកគេទាំង២ បានបង្កើតរួមគ្នានូវ ព្រះរាជាណាចក្រខ្មែរទី១ គឺ “ហ្វ៊ូណន”។

ដូចប្រទេសភាគច្រើនលើសកលលោកនាសម័យកាលនោះដែរ របបនយោបាយខ្មែរមុនសម័យអង្គរនិងនៅសម័យអង្គរ គឺជារបបរាជានិយមដាច់ខាត (Monarchie absolue)។ រាជានិយមខ្មែរ មិនត្រឹមតែដាច់ខាតនោះទេ តែជារាជានិយមអាទិទេព (Monarchie divine)។ ក្នុងន័យនេះ ព្រះរាជាមិនត្រឹមតែជាអ្នកតំណាងអាទិទេពតែប៉ុណ្ណោះទេ តែព្រះរាជាតែម្ដង ដែលត្រូវបានចាត់ទុកដូចជាអាទិទេព។ ហេតុនេះ ព្រះរាជាមិនត្រឹមតែជាអ្នកដឹកនាំនយោបាយនិងរដ្ឋបាលជាន់ខ្ពស់របស់ប្រទេសតែប៉ុណ្ណោះទេ តែទ្រង់គឺជាព្រះដែលត្រូវបានទទួលស្គាល់តាមរយៈលទ្ធិទេវរាជ (Devaraja) រៀបចំឡើងនៅកំពូលភ្នំគូលែន ឬហៅថា មហិន្ទ្របព៌ត។ ប្រការនេះបានបង្ហាញថា ទស្សនាទានព្រហ្មញ្ញសាសនា មានឥទ្ធិពលនិងជាប្រភពដោយផ្ទាល់លើការរៀបចំនិងការប្រព្រឹត្តទៅនៃអំណាចរាជានិយមនៅប្រទេសកម្ពុជាសម័យអង្គរ។

នៅសម័យអង្គរ ទំនាក់ទំនងរវាងនីតិនិងសាសនាមិនអាចកាត់ផ្ដាច់ចេញពីគ្នាបានទេ។ ព្រះរាជកិច្ចដែលព្រះរាជាត្រូវបំពេញទៅកាន់ប្រជារាស្ត្រ មានភាពដូចគ្នាទៅនឹងវិធានដែលមានកំណត់នៅក្នុងសាសនា រីឯការដាក់ចេញបទបញ្ជានិងការរក្សាសណ្ដាប់ធ្នាប់នានា មានមូលដ្ឋាននៅលើអ្វីដែលជាការហាមឃាត់ក្នុងសាសនាផងដែរ។ ចំណុចនេះបានន័យថាការរំលោភលើទម្លាប់ដែលហាមឃាត់មិនឱ្យធ្វើដោយសាសនា គឺជាការរំលោភច្បាប់រដ្ឋ ហើយចារីដែលប្រព្រឹត្តត្រូវទទួលទណ្ឌកម្មជាប្រាក់កាសផងនិងទណ្ឌកម្មលើរូបរាងកាយផង។ ក្នុងឋានៈជាអាទិទេព ព្រះរាជាខ្មែរសម័យអង្គរគឺជាម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ជីវិតមនុស្ស ជីវិតសត្វ និងក៏ជាម្ចាស់នៃសេចក្ដីស្លាប់នៃប្រជានុរាស្ត្រផងដែរ។ រាល់អ្វីទាំងអស់ដែលស្ថិតនៅលើដី រួមទាំងផែនដីផងដែរ គឺជាកម្មសិទ្ធិរបស់ព្រះរាជា។ ទ្រង់ត្រូវបានចាត់ទុកជាប្រភពនៃរាល់អំណាចទាំងអស់ ជាបុគ្គលដែលស្ថិតនៅលើអ្វីៗទាំងអស់ក្នុងសង្គម និងពេលខ្លះត្រូវបានប្រៀបប្រដូចទៅនឹងមេឃ ឬព្រះអាទិត្យ។

នៅក្នុងសម័យអង្គរ ភក្ដីភាពត្រូវបានចាត់ទុកជាវិធានសាសនានិងសីលធម៌ដ៏សំខាន់បំផុតមួយ។ ការក្បត់នឹងរាជបល្ល័ង្ក ត្រូវទទួលទោសដ៏ធ្ងន់ធ្ងរ ព្រោះវាផ្ទុយនឹងអ្វីដែលច្បាប់អាទិទេពបានហាមឃាត់។ ក៏ប៉ុន្តែ ទន្ទឹមនេះ ធម្មានុរូបភាពរបស់ព្រះមហាក្សត្រ ក៏ស្ថិតនៅលើការប្រតិបត្តិរបស់ទ្រង់លើការធានាថែរក្សាសណ្ដាប់ធ្នាប់សង្គមផងដែរ។ ក្នុងន័យនេះព្រះមហាក្សត្រ ទ្រង់គឺជាអ្នកការពារគុណតម្លៃគ្រួសារខ្មែរ ទ្រង់ដាក់ទណ្ឌកម្មទៅលើអំពើសហាយស្មន់ ទ្រង់ធានានូវការផ្ទេរបេតិកភណ្ឌនិងទ្រព្យសម្បត្តិដោយយុត្តិធម៌ ទ្រង់យកចិត្តទុកដាក់លើកុមារកំព្រា ដើម្បីធ្វើឱ្យសង្គមក្លាយជាសង្គមយុត្តិធម៌ សន្ដិភាព និងសមភាព។ បើតាមសិលាចារឹកសម័យអង្គរ បានបង្ហាញថាព្រះមហាក្សត្រគឺជាចៅក្រមកាត់សេចក្ដីចុងក្រោយនូវរាល់បណ្ដឹងរបស់ប្រជារាស្ត្រទាំងអស់ ហើយទ្រង់យាងទៅគ្រប់ទីកន្លែងទូទាំងប្រទេសដើម្បីស្ដាប់ការមិនសុខចិត្តរបស់ប្រជារាស្រ្ត ហើយទ្រង់អនុវត្តច្បាប់។ ព្រះមហាក្សត្រ ទ្រង់ក៏ជាអ្នកចូលរួមនៅក្នុងការតាក់តែងច្បាប់ផងដែរ ឧទាហរណ៍ដូចជាច្បាប់ស្ដីពីករណីយកិច្ចក្សត្រ (Traité sur les Règles Royales) ដែលកំណត់នូវវិធាននិងកាត្វកិច្ចរបស់ព្រះមហាក្សត្រដែលបានកំណត់នៅក្នុងក្រមមនុ ឬ ធម្មសាស្ត្រា។

ផ្អែកលើការស្រាវជ្រាវលើសិលាចារឹកដែលត្រូវបានរកឃើញនៅអង្គរ ធម្មសាស្ត្រត្រូវបាននាំចូលមកស្រុកខ្មែរនៅមុនសម័យអង្គរទៅទៀត តែមិនមានព័ត៌មានអំពីកាលបរិច្ឆេទជាក់លាក់នៃការមកដល់នេះទេ។ គម្ពីរធម្មសាស្ត្រនេះ មាននូវអត្ថបទជាច្រើនដែលនៅក្នុងនោះក៏មាននូវចំណុចពាក់ព័ន្ធនឹងច្បាប់ផងដែរ។ ដូចនេះ ជាការសន្និដ្ឋាន គឺព្រះមហាក្សត្រខ្មែរមុនសម័យអង្គរនិងនៅសម័យអង្គរ អនុវត្តច្បាប់ផ្អែកលើគម្ពីរធម្មសាស្ត្រ ហើយនៅក្នុងសម័យអង្គរ ធម្មសាស្ត្រមានតម្លៃខ្ពស់ជាងច្បាប់ដទៃទៀត ប្រៀបប្រដូចបានទៅនឹងរដ្ឋធម្មនុញ្ញនាសម័យបច្ចុប្បន្ន។ សារៈសំខាន់នៃធម្មសាស្ត្រ ត្រូវបានកំណត់សម្គាល់ជាពិសេសនៅក្នុងសិលាចារឹកដ៏ល្បីល្បាញនៅប្រាសាទព្រះខ័ន ដែលនិយាយអំពីការអភិសេកព្រះបាទសូរិយាវរ្ម័នទី១ ដែលបានបរិយាយថា វិញ្ញាណទាំង ៦ របស់ទ្រង់ ប្រៀបប្រដូចបានទៅនឹងប្រព័ន្ធទស្សនវិទ្យាទាំង ៦ រីឯធម្មសាស្ត្រ គឺជាព្រះសិរសារបស់ទ្រង់។ នេះបញ្ជាក់អំពីការលើកតម្កើងគុណតម្លៃកំពូលនៃធម្មសាស្ត្រ ដែលជាច្បាប់កំពូលសម្រាប់ដឹកនាំប្រជារាស្ត្រនិងមន្ត្រីរាជការផងដែរ។ ទោះបីយ៉ាងណាក៏ដោយ ច្បាប់ធម្មសាស្ត្រដ៏មានសារៈសំខាន់ដែលត្រូវបានអនុវត្តនៅក្នុងសម័យអង្គរនេះ មិនត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវនោះឡើយ។

សម័យកាលក្រោយអង្គរ ត្រូវបានគេចាត់ទុកថាជាសម័យកាលនៃការកែទម្រង់ច្បាប់ខ្មែរ ដោយសារមានការរៀបចំអត្ថបទច្បាប់និងការចងក្រងជាក្រមដែលធ្វើវិសោធនកម្មទៅលើច្បាប់សម័យកាលមុន។ គេមិនអាចកំណត់បានច្បាស់លាស់នូវពេលវេលានៃការសរសេរក្រមខ្មែរដំបូងគេឡើយ តែគេបានដឹងថាក្រមខ្មែរដំបូងគេ ត្រូវបានចងក្រងឡើងនៅក្រោមរជ្ជកាលព្រះបាទជ័យជេដ្ឋា (១៦១៩-១៦២៧) ដែលព្រះអង្គបានធ្វើការកែទម្រង់ច្បាប់ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការល្មើសច្បាប់ ភាពអយុត្តិធម៌ និងការកែសម្រួលការដាក់ទោសទណ្ឌ ដែលបានចែងនៅក្នុងច្បាប់ពីបុរាណ។ ជាការគួរឱ្យសោកស្ដាយជាទីបំផុត សង្គ្រាមឥតឈប់ឈរបានបំផ្លាញឯកសារជាច្រើនអនេក ប៉ុន្តែជារួម គេអាចសន្និដ្ឋានបានថាយ៉ាងហោចណាស់ មាននូវការដ្ឋានកែសម្រួលច្បាប់ចំនួន ៤ ត្រូវបានដំណើរការក្នុងរង្វង់សតវត្សទី១៧ និងទី១៩ ក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រចំនួន ៥ ព្រះអង្គ គឺ ព្រះបាទជ័យជេដ្ឋាទី២, ព្រះបាទជ័យជេដ្ឋាទី៣, ព្រះបាទជ័យជេដ្ឋាទី៤, ព្រះបាទអង្គឌួង និងព្រះបាទនរោត្តម។

ក្នុងសម័យអង្គរនិងក្រោយអង្គរ ខ្មែរស្គាល់អំពីវប្បធម៌នៃការតាក់តែងច្បាប់ជាសំណេរតិចតួច តែប្រជាជនកម្ពុជាមានចំណេះដឹងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនលើបវេណីនិងទំនៀមទម្លាប់។ ទោះយ៉ាងណាក៏ដោយ ក៏គេមិនអាចនិយាយបានថាខ្មែរមិនមានច្បាប់សរសេរនៅក្នុងច្បាប់ខ្មែរពីសម័យបុរាណនោះឡើយ។ ការបញ្ចូលទស្សនាទានច្បាប់បារាំងនៅក្នុងការសរសេរច្បាប់ខ្មែរ មិនសូវជាមានច្រើនប៉ុន្មាននៅពេលរបបអាណាព្យាបាលបារាំងចាប់ផ្ដើមនៅឆ្នាំ១៨៦៣ នោះទេ ក៏ប៉ុន្តែធាតុពិត ខ្មែរមានអត្ថបទច្បាប់ដែលត្រូវបានចងក្រងនៅក្នុងសតវត្សមុនៗ រួចស្រេចទៅហើយ។

របៀបយោង ៖ លី វ៉ុង, ហិណ្ឌូនីយកម្មនៃរបបនយោបាយ និង ច្បាប់ខ្មែរសម័យអង្គរនិងក្រោយអង្គរ (អត្ថបទសាកល្បង), ការផ្សព្វផ្សាយរបស់សមាគមសាលាត្រាជូ, ខែសីហា ឆ្នាំ២០២៣ https://publication.traju.org/news/lyvong-artical1/