5. សំណេរសាកល្បងស្តីពីសញ្ញាណបទដ្ឋានគតិយុត្តខ្មែរសម័យបុរាណ / An essay on the concept of Ancient Khmer Legal Norms (Khmer Article)

ភាពរីកចម្រើននៃអរិយធម៌ខ្មែរដែលបានប្រែក្លាយជាមហានគរ និងអាណាចក្រមួយគួរតែមិនមែនជារឿងចៃដន្យនោះទេ។ ឃ្លាដែលសាធារណជនតែងប្រើ «ខ្មែរជាពូជអ្នកចម្បាំង» ប្រហែលជាមិនអាចបកស្រាយនូវភាពរុងរឿងនិងរីកចម្រើននៃអរិយធម៌ខ្មែរសម័យបុរាណបានទាំងស្រុងនោះទេ។ ដូចគ្នានេះដែរជោគជ័យនៃភាពថ្កុមថ្កើនប្រហែលជាមិនបានកើតចេញពីការនិម្មិត្តជប់នោះឡើយ។ ជាក់ស្តែង ដើម្បីអោយសង្គមមួយរីកចម្រើនទៅមុខ, សណ្តាប់ធ្នាប់ និង យុត្តិធម៌សង្គម បានរួមចំណែកជាផ្នែកមួយអោយប្រជាជនអាចសាមគ្គីគ្នាបាន សម្រាប់ប្រយោជន៍រួមជាជាងសួនតួនិយម។ ដូច្នេះនៅពីក្រោយជ័យជំនះនៃចម្បាំងរាំងជល់ នៃស្ថាបត្យកម្មដ៏មហិមា រួមមានប្រាសាទ ប្រព័ន្ធធារាសាស្ត្រ នានា អាចមួយចំណែកធំស្តែងចេញពីការគិតគូរវិភាគដិតដល់។ ការណ៍នេះទៀតសោតប្រហែលជាមិនអាចកាត់ផ្តាច់ចេញពីការសិក្សា រៀនសូត្រ ស្រាវជ្រាវនោះឡើយ។ ក្នុងបរិបទសម័យបុរាណ ក៏ប្រហែលជាមិនខុសគ្នានោះឡើយ បើពិនិត្យលើវិស័យយុត្តិធម៌តែមួយមុខ គឺមានឯកសារជាច្រើនដែលខ្មែរសម័យនោះត្រូវសិក្សារៀនសូត្រ។ ឯកសារទាំងនោះមានប្រភពមកពីប្រទេសឥណ្ឌាដែលមានដូចជា Manusmrti រឺ Mānava-dharmaśāstra (មនវធម៌សាស្រ្ត) Arthasastra (អត្តសាស្រ្ត), Dharamashastras (ធម៌សាស្រ្ត) និងឯកសារនានាផ្សេងទៀត។ ទោះជាយ៉ាងនេះក្តី ខ្មែរបុរាណមិនបានដកស្រង់នូវខ្លឹមសារបទដ្ឋានគតិយុត្តឥណ្ឌាទាំងស្រុងនោះទេ។ ផ្ទុយទៅវិញខ្មែរក៏មានច្បាប់ទំនៀមខ្លួនខ្លះផងដែរ។

4. ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អ្នកម៉ៅការសាងសង់ / Criminal Liability for Constructors (Khmer Article)

មិនត្រឹមតែបានជួយជំរុញកំណើនសេដ្ឋកិច្ច និងការវិវត្តន៍សង្គមប៉ុណ្ណោះទេ អគារសំណង់ខ្ពស់ៗរីកដូចផ្សិត ក៏បានបង្កើតនូវបញ្ហាប្រឈមដែលត្រូវដោះស្រាយដូចជាបញ្ហាបរិស្ថាន ទេសចរណ៍ នគរូបនីយកម្ម សណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាព។ ចំណុចដែលមានការលេចធ្លោរជាងគេ គឺសុវត្ថិភាពនៅពេលដំណើរការសាងសង់ ដោយហេតុថាធ្លាប់មានគ្រោះថ្នាក់នៃការបាក់រលំអគារ ឬការធ្លាក់វត្ថុធ្ងន់រឹងចុះមកក្រោមប៉ះពាល់ដល់អាយុជីវិត បូរណភាពរូបរាងកាយ និងទ្រព្យសម្បត្តិរបស់អ្នកដទៃ។ ក្នុងស្ថានភាពនេះ កម្ពុជាបានអនុម័តច្បាប់ស្តីពីសំណង់ជាការប្រញាប់នៅឆ្នាំ២០១៩ ដើម្បីធានាឱ្យបាននូវការការពារ បរិស្ថាន ទេសចរណ៍ នគរូបនីយកម្ម សណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាព អាយុជីវិត បូរណភាពរូបរាងកាយ និងទ្រព្យសម្បត្តិ ជាពិសេសកំណត់របបគតិយុត្តមួយ ចំពោះអ្នកម៉ៅការសាងសង់ ដូចជាការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អ្នកម៉ៅការសាងសង់ជាដើម។ ច្បាប់ស្តីពីសំណង់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតបានកំណត់អំពីបទល្មើសដែលអាចជាបទល្មើសចេតនា ឬបទល្មើសអចេតនា ប្រព្រឹត្តដោយអ្នកម៉ៅការសាងសង់ជារូបវ័ន្តបុគ្គល ឬ នីតិបុគ្គល នីតិវិធីដែលត្រូវអនុវត្តក្នុងសំណុំរឿងសាងសង់ប្រព្រឹត្តដោយអ្នកម៉ៅការសាងសង់ ព្រមទាំងទោសដែលត្រូវអនុវត្តចំពោះបុគ្គលនេះផងដែរ។

3. ភតិសន្យាពិសេស៖ កម្មករ សិស្ស និស្សិត / Special lease: Workers and Students (Khmer Article)

សិទ្ធិស្នាក់នៅ គឺជាសិទ្ធិមួយត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣។ យោងតាមមា​ត្រា​៤​០​ នៃរដ្ឋធម្មនុញ្ញចែងថា៖ «សេរីភាពក្នុងការដើរឆ្ញាយជិត និង តាំងទីលំនៅក្នុងស្ថានភាព ស្របច្បាប់ ​របស់ប្រជាពលរដ្ឋត្រូវបានគោរព»។ ការស្នាក់នៅ គឺជាបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរសម្រាប់គ្រួសារ ដែលមាន​ស្ថានភាពប្រាក់ចំណូលទាប ជាពិសេសកម្មករ សិស្ស និង និស្សិតដែលមកសិក្សា ឬធ្វើការងារ នៅភ្នំពេញ។ ហេតុដូច្នេះ ហើយទើបនៅឆ្នាំ២០១៥ មានច្បាប់ពិសេសមួយមានគោលដៅការពារទៅដល់ ពួកគាត់តាមរយៈច្បាប់ស្តីពីភតិសន្យាពិសេស។ យោងតាមរយៈមាត្រា៥៩៦ នៃក្រមរដ្ឋប្បវេណី ​ភ​តិ​ស​ន្យា​ គឺ​ជា​កិ​ច្ច​ស​ន្យា​ដែ​ល​ភា​​គី​ម្ខា​ង​ដែ​​ល​ហៅ​ថា​ភតិបតី ធ្វើការប្រគល់វត្ថុ ផ្ទេរសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យផល ​ទៅ​ភា​គី​​ម្ខា​​ង​​​ទៀតដែលហៅថាភតិកៈ ដោយភតិកៈមានករណីយកិច្ចធ្វើការបង់ប្រាក់ឈ្នួលតបស្នងមកវិញ។ ​បើ​ប្រៀ​​ប​ធៀបជាមួយនឹងកិច្ចសន្យាលក់ទិញ ​​គេ​ឃើ​​ញ​ភា​ព​ខុ​ស​ប្លែ​ក​រ​វា​ង​កិ​ច្ច​ស​ន្យាទាំ​ង​ពី​រ​នៅ​ត្រ​ង់​កា​រ​ផ្ទេ​​រ​សិទ្ធិដែលកិច្ចសន្យាលក់ទិញគឺមានការផ្ទេរសិទ្ធិកម្មសិទ្ធិ និង សិទ្ធិផ្សេងដទៃទៀតជុំវិញវត្ថុ ​ចំ​ណែ​ក​ភ​តិ​សន្យាវិញ គឺគ្រាន់តែមានការផ្ទេរសិទ្ធិ​ផលុបភោគតែប៉ុណ្ណោះ ​ដែ​ល​ជា​មូ​ល​ហេ​តុនាំ​ឲ្យ​នៅ​ពេ​ល​ប​ញ្ច​ប់​ភតិសន្យា ភតិកៈត្រូវធ្វើបដិទាន ត្រឡប់វិញនូវ​វត្ថុ និងសិទ្ធិផលុបភោគលើវត្ថុទៅឲ្យភតិបតីវិញ ​អា​ច​និយាយបានថា កម្មសិទ្ធិករនៃវត្ថុ បានធ្វើការប្រគល់វត្ថុឲ្យ​បុគ្គលម្នាក់កាន់កាប់វត្ថុ ដោយផ្តល់នូវសិទ្ធិ និងករណីយកិច្ចមួយចំនួនទៅលើវត្ថុនោះ និង កម្មសិទ្ធិករនៃវត្ថុ ​មា​ន​​​​សិទ្ធិ​ទា​ម​ទា​រ​ឲ្យ​ធ្វើ​កា​រ​ប្រ​គ​ល់វ​ត្ថុ​នោះ​ត្រលប់មកវិញនៅពេលបញ្ចប់កិច្ចសន្យា។

2. សញ្ញាណទូទៅនៃសន្តតិកម្ម / General Notion of succession (Khmer Article)

តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន មនុស្សជាច្រើនបានស្គាល់នូវការផ្ទេរមត៌កពីជនដែលបានទទួលមរណភាពមកអ្នកស្នងមត៌ក ហើយការផ្ទេរមត៌កនេះត្រូវបានច្បាប់ហៅថា សន្តតិកម្ម។ ទោះបីជា មនុស្សបានស្គាល់ និងដឹងនូវទំនៀមទម្លាប់នៃការផ្ទេរមត៌កក៏ដោយ ប៉ុន្តែមិនមានមនុស្សច្រើនទេនៅក្នុងប្រទេសកម្ពុជាយើង បានយល់អំពីទម្រង់ និងនីតិវិធីច្បាប់ពាក់ព័ន្ធនឹងសន្តតិកម្ម។ ក្នុងអត្ថបទនេះនឹងមានការបកស្រាយអំពីសញ្ញាណ និងទម្រង់នានានៃសន្តតិកម្មដែលមានចែងក្នុងក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាជំនួយដល់អ្នកច្បាប់ ដែលមានបំណងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើប្រធានបទសន្តតិកម្ម។