៨. បច្ចុប្បន្នភាពគតិយុត្ត៖ ក្រមបរិស្ថាន និងធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា (ភាគទី១ ស្តីពីទិដ្ឋភាពទូទៅ) / Legal Update: Code of Environment and Natural Resources of the Kingdom of Cambodia (Part 1 on Overview) (Khmer Article)

អត្ថន័យសង្ខេប ក្រមបរិស្ថាន​ និង​ធនធានធម្មជាតិ​បាន​ប្រមូលផ្តុំ​អត្ថបទច្បាប់សំខាន់មួយចំនួនដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ​ឱ្យស្ថិតនៅក្រោមក្រមនេះតែមួយនេះ។ ការប្រមូលផ្តុំចងក្រងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជា មាននូវបទដ្ឋានគតិយុត្តពិស្តារមួយ ពោលគឺ ក្រមបរិស្ថាន​​ និង​ធនធានធម្មជាតិនេះ ក្នុងការដើរតួជាបទប្បញ្ញត្តិគោល​ ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ រួមទាំងសិទ្ធិ និងកាតព្វកិច្ចផ្សេងៗដែលនីតិបុគ្គល និងរូបវន្តបុគ្គលទាំងអស់ត្រូវអនុវត្តតាមក្នុងក្របខ័ណ្ឌទំនាក់ទំនងរវាងបុគ្គល ជាមួយនឹងបរិស្ថាន​​ និង​ធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រមបរិស្ថាន​ និង​ធនធានធម្មជាតិត្រូវបានបង្កើតឡើងដោយផ្អែកលើ គោលការណ៍សំខាន់ៗ ៣ (បី) គឺ៖(១) ការធ្វើសមាហរណកម្មលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ (២) ការធ្វើសុខដុម- នីយកម្មលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ និង​ (៣) ការធ្វើទំនើបកម្មលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃតថភាពសង្គម រួមទាំងសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងការធ្វើសាកលភាវូបនីយកម្មនៃព្រះរាជាណាចក្រ​​កម្ពុជា។ ក្រមបរិស្ថាន​ និង​ធនធានធម្មជាតិបានពាំនាំយកមកនូវគុណប្រយោជន៍ចម្បងៗដូចជា៖ ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ ការអភិរក្ស ការអភិវឌ្ឍ និងការស្តារនូវបរិស្ថាន និងធនធានធម្មជាតិ​ប្រកបដោយចីរភាព​។

៧. ទិដ្ឋភាពគតិយុត្ត នៃច្បាប់ស្តីពីការប្រកួតប្រជែងក្នុងប្រទេសកម្ពុជា / Legal Aspects of the Law on Competition in Cambodia (Khmer Article)

សេចក្តីផ្តើម “ប្រទេសកម្ពុជា​ ជាប្រទេសប្រកាន់យករបប ឬអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economy system) ដូចមានចែងក្នុងមាត្រា ៥៦ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រព័ន្ធមួយដែលបើកទូលាយឱ្យពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរីនៅលើទីផ្សារ លើកលែងតែទំនិញ ឬសេវាកម្មទាំងឡាយណា ដែលត្រូវបានហាមឃាត់ដោយច្បាប់។ ផ្អែកទៅលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ កម្ពុជាគឺជាប្រទេសមួយដែលអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលបើកទូលាយឱ្យពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរីនៅលើទីផ្សារ លើកលែងតែទំនិញ ឬសេវាកម្មទាំងឡាយណា ដែលត្រូវបានហាមឃាត់ដោយច្បាប់ ហើយរាល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច និងការកំណត់តម្លៃលើទំនិញ និងសេវាត្រូវបានធ្វើឡើងដោយការព្រមព្រៀងគ្នារវាងអ្នកលក់ និងអ្នកទិញ ដែលគោលការណ៍នេះ រាជរដ្ឋាភិបាលអាចធ្វើអន្តរាគមន៍តិចតួច ឬក៏មិនមានផង។ បើទោះបីជាយ៉ាងនេះក្តី ដើម្បីឱ្យសកម្មភាព ផលិតភាព ពាណិជ្ជកម្ម និងសេវាកម្មមានការប្រកួតប្រជែង និងការប្រកួតប្រជែងឱ្យមានតម្លាភាព និងស្មើភាពគ្នា ព្រមទាំងដើម្បីគ្រប់គ្រងការប្រកួតប្រជែងទីផ្សារបានល្អ ស្របតាមការវិវត្តថ្មីៗនៃវិស័យពាណិជ្ជកម្មក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ បានរៀបចំយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា ត្រង់ចំណុចទី១ មុំទី៤ នៃចតុកោណទី៣ ដើម្បីជំរុញការរៀបចំ និងអនុម័តច្បាប់ស្តីពីការប្រកួតប្រជែង ដែលជាក្របខ័ណ្ឌសម្រាប់ជំរុញការប្រកួតប្រជែង ពង្រឹងរចនាសម័្ពន្ធឧស្សាហកម្ម រៀបចំយន្តការសម្រាប់អនុវត្តច្បាប់ និងលើកកម្ពស់វប្បធម៌ប្រកួតប្រជែង។……….”

៦. ទស្សនាទាននៃនិយ័តកម្មសេដ្ឋកិច្ចឌីជីថលកម្ពុជា / Regulation Concepts for Cambodian Digital Economy (Khmer Article)

អត្ថន័យសង្ខេប សេដ្ឋកិច្ចឌីជីថលកម្ពុជា គឺជាម៉ូដែលថ្មីនៃកំណើន។ ដោយឈរលើមូលដ្ឋាននៃការធ្វើបរមូបនីកម្មផលលាភកំណើនសេដ្ឋកិច្ចខ្ពស់ និងដោយមើលឃើញពីកាលានុវត្តភាព និងសក្តានុពលដ៏ធំធេងនៃសេដ្កិច្ចឌីជីថលក្នុងការកសាងប្រទេសជាតិឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាសម្រាប់រយៈពេលវែងទៅមុខ រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍ និងនវានុវត្តន៍ក្របខណ្ឌនិយ័តកម្មសេដ្ឋកិច្ចឌីជីថលកម្ពុជា ដែលធានាឱ្យសេដ្ឋកិច្ចឌីជីថលកម្ពុជាដំណើរការប្រព្រឹត្តទៅល្អប្រសើរ ប្រកបដោយសនិទានភាព, ស្ថិរភាព និងភាពជឿទុកចិត្តពីគ្រប់តួអង្គ។ ក្របខណ្ឌនិយ័តកម្មសេដ្ឋកិច្ចឌីជីថលកម្ពុជា គ្របដណ្តប់លើស្ថាប័នមានសមត្ថកិច្ច, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, សន្តិសុខឌីជីថល, រដ្ឋាភិបាលឌីជីថល, ការការពារអ្នកប្រើប្រាស់, ការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ឬសុចរិត, ការការពារទិន្នន័យបុគ្គល, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងធុរកិច្ចឌីជីថល, បច្ចេកវិទ្យាហិរញ្ញវត្ថុ, ការការពារកម្មសិទ្ធិបញ្ញា, ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសារពើពន្ធ ដែលជាសមាសភាគទ្រទ្រង់សេដ្ឋកិច្ចឌីជីថលកម្ពុជា។ ក្របខណ្ឌនិយ័តកម្មនេះនៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវការទិសដៅយុទ្ធសាស្ត្រដោះស្រាយប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព។