៩. អគារសហកម្មសិទ្ធិពិសេសនៅកម្ពុជា៖ករណីអគារដែលជាប់គាំងក្នុងដំណើរការនៃការសាងសង់

អត្ថន័យសង្ខេប កម្ពុជាបានសម្រេចផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេសចាប់ពីជាន់ទី១ឡើងទៅ តាំងពីខែឧសភា ឆ្នាំ២០១០កន្លងមក។ ការផ្តល់សហកម្មសិទ្ធិពិសេសដល់ជនបរទេសនេះបានប្រព្រឹត្តឡើងស្របពេលដែលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ។ គោលបំណងដ៏សំខាន់នៃការផ្តល់នេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនបរទេសក្នុងការយកទុនមកវិនិយោគ និងជួយសម្រួលដល់ធុរកិច្ចនៃវិស័យសំណង់ ឱ្យពួកគេមានលំនៅឋានមួយជាអចិន្រ្តៃយ៍ក្នុងការរស់នៅប្រកបដោយសុខដុមនីយកម្មដូចពលរដ្ឋខ្មែរ។ ចាប់តាំងពីឆ្នាំ២០១០ មកដល់ពាក់កណ្តាលឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ និងខេត្ត-ក្រុងមួយចំនួននៅកម្ពុជាមានអគារខុនដូខ្ពស់ៗជាច្រើនដែលត្រូវបានសាងសង់រួច និងកំពុងបន្តសាងសង់ពីមួយថ្ងៃទៅមួយថ្ងៃ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជាបានលក់ចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេសចំនួន ១០២៥៨ បណ្ណ។ ទន្ទឹមនឹងនេះដែរ ការជាប់គាំងការអភិវឌ្ឍអគារសហកម្មសិទ្ធិនៅតែជាការព្រួយបារម្ភរបស់រាជរដ្ឋាភិបាល អ្នកអភិវឌ្ឍអគារសហកម្មសិទ្ធិ និងភាគីពាក់ព័ន្ធ។ នៅពេលដែលការសាងសង់អគារសហកម្មសិទ្ធិជាប់គាំង អ្នកទិញមិនអាចទទួលបានចំណែកឯកជនតាមពេលកំណត់ រីឯអ្នកអភិវឌ្ឍមិនអាចបន្តអនុវត្តគម្រោងបានដែលការណ៍នេះនឹងអាចជះឥទ្ធិពលអាក្រក់ដល់ដំណើរការជាប្រក្រតីនៃសេដ្ឋកិច្ចជាតិ។ ដើម្បីបញ្ជៀសស្ថានការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងចាត់វិធានការសមស្របនានាដោយសហការជាមួយភាគីពាក់ព័ន្ធ។ ក្នុងនោះការធ្វើសុខដុមនីយកម្មច្បាប់ និងបទដ្ឋានគតិយុត្តមានភាពចាំបាច់ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហានេះឱ្យបានទាន់ពេលវេលា និងទទួលបានលទ្ធផលល្អប្រសើរ។