5. TRADE AND PUBLIC HEALTH: THE STIMULATION OF HEALTHCARE TECHNOLOGY ADVANCES AND INNOVATION FOR NEGLECTED TROPICAL DISEASES / ពាណិជ្ជកម្ម និងសុខភាពសាធារណៈ៖ ការជំរុញនៃបច្ចេកវិទ្យាថែទាំសុខភាព ភាពជឿនលឿន និងភាពច្នៃប្រឌិតសម្រាប់ជំងឺតំបន់ត្រូពិចដែលមិនទាន់បានយកចិត្តទុកដាក់ (English Article)

ជំងឺតំបន់ត្រូពិក បានបង្កផលប៉ះពាល់ដល់ប្រជាជនដែលរស់នៅក្នុងតំបន់ និងអនុតំបន់ត្រូពិកយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានជំងឺ និងមរណភាព ហើយក៏មានការយល់ឃើញថាប្រភេទនៃជំងឺនេះ មិនត្រូវបានគេយកចិត្តទុកដាក់និងមើលរំលង។ ប៉ុន្តែជាក់ស្តែង ដូចដែលបានឆ្លុះបញ្ចាំងដោយប្រវត្តិសាស្រ្ត មានការសិក្សាស្រាវជ្រាវជាច្រើនពាក់ព័ន្ធនឹងជំងឺនេះ និងជាពិសេសកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអង្គការអន្តរជាតិ  ទោះបីជាការដោះស្រាយបញ្ហានេះ មិនអាចសម្រេចបានភ្លាមៗ។ កង្វះនៃការលើកទឹកចិត្តក្នុងការស្រាវជ្រាវលើបច្ចេកវិទ្យាសុខាភិបាល ដើម្បីព្យាបាលជំងឺនេះ ភាគច្រើនបណ្តាលមកពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងពាណិជ្ជកម្មនិងសុខភាព សភាពធ្ងន់ធ្ងរនៃជំងឺនេះ ព្រមទាំងអសមត្ថភាពក្នុងការទូទាត់ប្រាក់ដោយប្រជាជននៅក្នុងតំបន់ទាំងនោះ។ ជាអកុសល ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នឹងធ្វើឱ្យបញ្ហានេះ កាន់តែមានសភាពធ្ងន់ធ្ងរ ដោយបានបង្វែរការយកចិត្តទុកដាក់របស់ពិភពលោកពីជំងឺតំបន់ត្រូពិកក្នុងកម្រិតមួយ ដែលបង្កឱ្យមានការរាំងស្ទះ និងការវិវត្តយឺតយ៉ាវនៃបច្ចេកវិទ្យាដែលត្រូវការ។ កាតាលីករជំរុញការអភិវឌ្ឍបច្ចេកវិទ្យាសុខាភិបាល និងនវានុវត្តន៍សម្រាប់ជំងឺតំបន់ត្រូពិករួមមាន៖ វិធីសាស្រ្តមិនរាប់បញ្ចូលពីតម្លៃស្រាវជ្រាវ ភាពជាដៃគូអភិវឌ្ឍន៏ផលិតផល កិច្ចសហការរវាងម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម ការស្វែងរកនិងអភិវឌ្ឍន៍ប្រភពបើកចំហនៃឱសថ ការពង្រឹងសមត្ថភាពផ្នែកពាណិជ្ជកម្មនិងសុខភាព ការកាត់បន្ថយពន្ធលើផលិតផលទាក់ទងនឹងសុខភាព ការដាក់បញ្ចូលបទប្បញ្ញត្តិសុខភាពនៅក្នុងកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក ប្រព័ន្ធប្រកាសនីយបត្រតក្កកម្ម អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ ច្បាប់ស្តីពីលទ្ធកម្ម និងច្បាប់/គោលនយោបាយស្តីពីការប្រកួតប្រជែង។ ទោះជាយ៉ាងណា ការប្តេជ្ញាចិត្តរបស់ពិភពលោក បានបង្ហាញអំពីសុទិដ្ឋិនិយមក្នុងការឈានដល់ការសម្រេចបាននូវការលុបបំបាត់ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺតំបន់ត្រូពិក តាមរយៈការបន្តអនុវត្តផែនការសកម្មភាពរួមគ្នា ដូចនេះ ជនងាយរងគ្រោះដែលរស់នៅក្នុងតំបន់ និងអនុតំបន់ត្រូពិក អាចនឹងមានភាពប្រសើរ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ពិភពលោក ដំណើរឆ្ពោះទៅសម្រេចបានគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពទី ៣ (សុខភាពល្អនិងសុខុមាលភាព)  នឹងប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ដែលអាចលើកស្ទួយកំរិតជីវភាពរបស់ប្រជាជនឱ្យបានសមរម្យ។ ចំណោទថ្មីមួយដែលលេចឡើងគឺ «តើជំងឺរាតត្បាតកូវីដ-១៩…

4. បវេណី និងនីតិវិជ្ជមាន៖ លក្ខខណ្ឌកកើតអាពាហ៍ពិពាហ៍នៅកម្ពុជា / COUTUME ET DROIT POSITIF: LES CONDITION DE FORMATION DU MARIAGE (French Article)

ទំនៀមទំលាប់ ឬ បវេណី គឺផ្សាភ្ជាប់យ៉ាងខ្លាំងទៅនឹងប្រជាជនខ្មែរ​ដោយគិតចាប់តាំងពីការកកើត រូបវន្តបុគ្គលរហូតដល់ពេលដែលរូបវន្តបុគ្គលទទួលមរណភាព។ អត្ថបទមួយនេះគឺចង់បង្ហាញពីឋានៈរបស់បវេណីនៅក្នុងសង្គមខ្មែរ តាមរយៈការរៀបអាពាហ៍ពិពាហ៍ដោយធ្វើការសិក្សាទៅលក្ខខណ្ឌគ្រឹះ និង លក្ខខណ្ឌទម្រង់ បវេណី និងនីតិវិជ្ជមាន។ លក្ខខណ្ឌក្នុងការរៀបអាពាហ៍ពិពាហ៍មួយចំនួន គឺមានតែនៅក្នុងបវេណី ដូចជា លក្ខខណ្ឌទាក់ទងនឹង រដូវកាលនៃការរៀបអាពាហ៍ពិពាហ៍ ឋានានុក្រមបងប្អូនបង្កើត ការគណនាគុណគូអាយុគូភាគី ចំណែក លក្ខខណ្ឌមួយចំនួនគឺមានភាពសដ្រៀងគ្នារវាងបវេណីនិងនីតិវិជ្ជមាន មានដូចជាលក្ខខណ្ឌទាក់ទងនឹងភេទ វិធិនភាពរបស់ស្រ្តី។ល៕

3. អនុប្បទានសិទ្ធិលើបំណុល​ / Assignment of Claim (Khmer Article)

អនុប្បទានសិទ្ធិលើបំណុលគឺប្រតិបត្តិការមួយដែលមានពីរភាគីគឺអនុប្បទាយី និងអនុប្បទានិក។ អនុប្បទាយីគឺជាម្ចាស់បំណុលដែលមានសិទ្ធិលើបំណុលលើកូនបំណុល រីឯអនុប្បទានិកគឺជាតតិយជន។​ អនុប្បទាយីអនុប្បទានសិទ្ធិលើបំណុលដែលខ្លួនមានលើកូនបំណុលឲ្យទៅអនុប្បទានិក ដែលបន្ទាប់មកអនុប្បទានិកនឹងក្លាយជាម្ចាស់បំណុលថ្មីរបស់កូនបំណុល ដែលទទួលបន្តនូវសិទ្ធិ និងកាតព្វកិច្ចដែលម្ចាស់បំណុលមានលើកូនបំណុល។ អនុប្បទានសិទ្ធិលើបំណុលគឺអាចធ្វើឡើងក្នុងគោលបំណងជាច្រើនដូចជា ដើម្បីដាក់សិទ្ធិលើបំណុលធ្វើជាប្រាតិភោគឲ្យអនុប្បទានិក ឬដើម្បីលក់សិទ្ធលើបំណុលឲ្យទៅអនុប្ប-ទានិក។ ទោះជាយ៉ាងណា ការធ្វើអនុប្បទានសិទ្ធលើបំណុលគឺមានអានុភាពរវាងតែអនុប្បទានិក និងអនុប្បទាយីតែប៉ុណ្ណោះ ប្រសិនបើអនុប្បទាយីមិនបានជូនដំណឹងស្តីពីការធ្វើអនុប្បទានទៅឲ្យកូនបំណុលនៃសិទ្ធិលើបំណុលនោះ ហើយក៏មិនអាចតតាំងជាមួយតតិយជនបានដែរប្រសិនបើការជូនដំណឹងទៅកូនបំណុលនោះមិនបានធ្វើឡើងតាមរយៈលិខិតដែលមានកាលបរិច្ឆេទស្ថាពរ។ លក្ខខណ្ឌតតាំងជាមួយកូនបំណុល និងតតិយជននេះអាចជាបន្ទុកមួយសម្រាប់ការអនុវត្តអនុប្បទានសិទ្ធិលើបំណុលដោយសារតែកង្វះខាតនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលអាចសម្រួលឲ្យការបំពេញលក្ខខណ្ឌតតាំងអាចធ្វើឡើងប្រកបដោយប្រសិទ្ធផល និងងាយស្រួល។

2. យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលអនុវត្តចំពោះវិវាទកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា / Alternative dispute resolution applicable to intellectual property disputes Disputes in Cambodia (Khmer Article)

នៅប្រទេសកម្ពុជា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចម្បងៗដែលអាចអនុវត្តចំពោះវិវាទពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា រួមមានសន្ធានកម្ម មជ្ឈត្តការពាណិជ្ជកម្ម និងការដោះស្រាយវិវាទបឋមដោយមន្រ្តីកាន់កាប់បញ្ជី។ ជាទូទៅ​ ការអនុវត្តយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចំពោះវិវាទពាក់ព័ន្ធនឹងអត្ថិភាពនៃសិទ្ធិ និងការរំលោភបំពានសិទ្ធិ គឺមានលក្ខណៈរឹតត្បិតជាងការអនុវត្តចំពោះវិវាទពាក់ព័ន្ធនឹងការធ្វើអាជីវកម្មលើសិទ្ធិ្ធតាមរយៈកិច្ចសន្យា ដោយសារមូលហេតុពីរយ៉ាង ពោលគឺភាពមិនអាចប្រើប្រាស់បាន និងចរិតលក្ខណៈសណ្ដាប់ធ្នាប់សាធារណៈនៃទិដ្ឋភាពមួយចំនួនរបស់កម្មសិទ្ធិបញ្ញា។

1. បរិបទច្បាប់នៃទីផ្សារលំនៅឋាននៅប្រទេសកម្ពុជា / Legal Context of the Housing Market in Cambodia (Khmer Article)

នៅឆ្នាំ២០១៤ រដ្ឋាភិបាលបានអនុម័តគោលនយោបាយលំនៅឋានថ្នាក់ជាតិដើម្បីលើកកម្ពស់ និងគាំទ្ររាល់ការអភិវឌ្ឍន៍លំនៅឋានគ្រប់ប្រភេទ ជាពិសេសគឺជំរុញនូវលទ្ធភាពក្នុងការទិញលំនៅឋានសម្រាប់មន្រ្តីរាជការ និងប្រជាជនដែលចំណូលទាបស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រ និងប្រជាជនចំណាកស្រុក។ រីឯតម្លៃលំនៅឋាននៅក្នុងទីផ្សារអចលនវត្ថុទាំងតម្លៃជួល និងតម្លៃលក់ក៏ត្រូវបានប៉ះពាល់យ៉ាងខ្លាំងដែរនៅក្នុងបរិបទនៃជំងឺកូវីត១៩។ គិតចាប់ពីឆ្នាំ១៩៧៩ មកដល់ពេលបច្ចុប្បន្ន បទដ្ឋានគតិយុត្តនៅក្នុងប្រទេសកម្ពុជាទាក់ទងនឹងលំនៅឋានមានការវិវត្តជាបន្តបន្ទាប់ដូចជា៖ ការទទួលបាននូវកម្មសិទ្ធិឯកជន ការចុះបញ្ជីដីធ្លី (ដែលមានលក្ខណៈជាប្រព័ន្ធ លក្ខណៈដាច់ដោយដុំ និងការចុះបញ្ជីបន្ថែម) ប្រភេទបណ្ណសំគាល់សិទ្ធិកាន់កាប់និងសិទ្ធិកម្មសិទ្ធិ (ប្លង់រឹង៖ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី, ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ, វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ។  ប្លង់ទន់ និង វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន) យន្តការនៃការទទួលបានសិទ្ធិកាន់កាប់ និងសិទ្ធិកម្មសិទ្ធិរបស់ជនបរទេស (វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន, ការតំណាង, ការស្នើសុំសញ្ជាតិខ្មែរ, ក្រុមហ៊ុនអចលនទ្រព្យ និងបរធនបាលកិច្ច) លំហូរនីតិវិធីនៅដំណាក់កាលបឋម ដំណាក់កាលតាក់តែងកិច្ចសន្យាទិញលក់និងដំណាក់កាលផ្ទេរសិទ្ធិកាន់កាប់និងសិទ្ធិកម្មសិទ្ធិតាមរយៈអាជ្ញាធរមូលដ្ឋាន ការចុះបញ្ជីនៅនាយកដ្ឋានរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការបង់ពន្ធនៅនាយកដ្ឋានពន្ធដារ។