7. ច្បាប់ រ៉ាផែល ឡែមគីន និង បទឧក្រិដ្ឋប្រល័យពូជសាសន៍ / Raphael Lamkin’s Law & Genocide (Khmer Article)
«អំពើប្រល័យពូជសាសន៍មិនមែនជាសង្គ្រាមទេ! វាគ្រោះថ្នាក់ជាងសង្គ្រាម!»។ ការសិក្សាអំពើប្រល័យពូជសាសន៍ មិនមែនត្រឹមតែដើម្បីលើកគាស់អតីតកាលមកវិភាគ ប៉ុន្តែជាការសិក្សាស្រាវជ្រាវដើម្បីទស្សន៍ទាយពីការវិវត្តថ្មីៗរបស់បទល្មើស ការទប់ស្កាត់ ការបញ្ឈប់ និងដាក់ទណ្ឌកម្មលើអំពើប្រល័យពូជសាសន៍ និងទម្រង់នៃការសម្លាប់រង្គាលផ្សេងៗទៀតសម្រាប់ប្រទេសកម្ពុជា និងពិភពលោកទំាងមូល។ គោលបំណងរបស់យើង គឺចង់បង្ហាញពីប្រភពនៃការបង្កើតច្បាប់ រ៉ាផែល ឡែមគីន ដែលកើតចេញពីបញ្ហាជម្លោះក្នុងការពិភាក្សាដេញដោលលើបញ្ហាឧក្រិដ្ឋកម្មនៃមនុស្សជាតិ និងខិតខំរិះរកបទដ្ឋានសម្រាប់ចោទប្រកាន់រកអ្នកទទួលខុសត្រូវ។ បន្ថែមពីនេះ យើងឃើញថាមានការខិតខំបញ្ចូលធាតុផ្សំបទល្មើសប្រល័យពូជសាសន៍ទៅក្នុងក្របខ័ណ្ឌផ្លូវការគឺការបង្កើតចេញជា «អនុសញ្ញាស្តីពីការបង្ការ និងការផ្ដន្ទាទោស ចំពោះបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍» ដែលវិធានមួយចំនួនធំគឺត្រូវបានដកស្រង់ផ្នែកខ្លះៗនៃច្បាប់ រ៉ាផែលឡែមគីន។ ដើម្បីងាយស្រួលយល់ពីបទល្មើសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ យើងក៏បានសង្ខេបខ្លីៗពីរបបប្រល័យពូជសាសន៍នៃប្រទេសកម្ពុជាដែលជាអង្គហេតុ និងបានផ្សាភ្ជាប់ជាមួយធាតុផ្សំនៃបទល្មើសផងដែរ។ អ្វីដែលជាចំណុចគួរឱ្យចាប់អារម្មណ៍នោះ គឺពិភពលោកបានបោះចោលអាវុធ និងចាប់ដៃគ្នាបង្កើតចលនាសន្តិភាពអន្តរជាតិមួយ ដើម្បីទប់ស្កាត់ និងបញ្ឈប់អំពើប្រល័យពូជសាសន៍ ដែលក្នុងនោះប្រទេសកម្ពុជាជាសមាជិកនៃអនុសញ្ញាអន្តរជាតិ និងបានចែងក្នុងក្រមព្រហ្មទណ្ឌ ក្នុងការថ្កោលទោស។ ជាចុងក្រោយ ស្នាដៃនៃការសរសេរនេះ គឺជាការអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៤៣ នៃការរំដោះបានទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍នៅកម្ពុជា ០៧ ខែមករា ឆ្នាំ២០២២ ពីរបបកម្ពុជាប្រជាធិបតេយ្យ។