7. ច្បាប់ រ៉ាផែល​​ ឡែមគីន និង បទឧក្រិដ្ឋប្រល័យពូជសាសន៍ / Raphael Lamkin’s Law & Genocide (Khmer Article)

«អំពើប្រល័យពូជសាសន៍មិនមែនជាសង្គ្រាមទេ! វាគ្រោះថ្នាក់ជាងសង្គ្រាម!»។ ការសិក្សាអំពើប្រល័យពូជសាសន៍ មិនមែនត្រឹមតែដើម្បីលើកគាស់អតីតកាលមកវិភាគ ប៉ុន្តែជាការសិក្សាស្រាវជ្រាវដើម្បីទស្សន៍ទាយពីការវិវត្តថ្មីៗរបស់បទល្មើស ការទប់ស្កាត់ ការបញ្ឈប់ និងដាក់ទណ្ឌកម្មលើអំពើប្រល័យពូជសាសន៍ និងទម្រង់នៃការសម្លាប់រង្គាលផ្សេងៗទៀតសម្រាប់ប្រទេសកម្ពុជា និងពិភពលោកទំាងមូល។ គោលបំណងរបស់យើង គឺចង់បង្ហាញពីប្រភពនៃការបង្កើតច្បាប់ រ៉ាផែល ឡែមគីន ដែលកើតចេញពីបញ្ហាជម្លោះក្នុងការពិភាក្សាដេញដោលលើបញ្ហាឧក្រិដ្ឋកម្មនៃមនុស្សជាតិ និងខិតខំរិះរកបទដ្ឋានសម្រាប់ចោទប្រកាន់រកអ្នកទទួលខុសត្រូវ។ បន្ថែមពីនេះ យើងឃើញថាមានការខិតខំបញ្ចូលធាតុផ្សំបទល្មើសប្រល័យពូជសាសន៍ទៅក្នុងក្របខ័ណ្ឌផ្លូវការគឺការបង្កើតចេញជា «អនុសញ្ញាស្តីពីការបង្ការ និងការផ្ដន្ទាទោស ចំពោះបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍» ដែលវិធានមួយចំនួនធំគឺត្រូវបានដកស្រង់ផ្នែកខ្លះៗនៃច្បាប់ រ៉ាផែលឡែមគីន។ ដើម្បីងាយស្រួលយល់ពីបទល្មើសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ យើងក៏បានសង្ខេបខ្លីៗពីរបបប្រល័យពូជសាសន៍នៃប្រទេសកម្ពុជាដែលជាអង្គហេតុ និងបានផ្សាភ្ជាប់ជាមួយធាតុផ្សំនៃបទល្មើសផងដែរ។ អ្វីដែលជាចំណុចគួរឱ្យចាប់អារម្មណ៍នោះ គឺពិភពលោកបានបោះចោលអាវុធ និងចាប់ដៃគ្នាបង្កើតចលនាសន្តិភាពអន្តរជាតិមួយ ដើម្បីទប់ស្កាត់ និងបញ្ឈប់អំពើប្រល័យពូជសាសន៍ ដែលក្នុងនោះប្រទេសកម្ពុជាជាសមាជិកនៃអនុសញ្ញាអន្តរជាតិ និងបានចែងក្នុងក្រមព្រហ្មទណ្ឌ ក្នុងការថ្កោលទោស។ ជាចុងក្រោយ ស្នាដៃនៃការសរសេរនេះ គឺជាការអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៤៣ នៃការរំដោះបានទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍នៅកម្ពុជា ០៧ ខែមករា ឆ្នាំ២០២២ ពីរបបកម្ពុជាប្រជាធិបតេយ្យ។

6. ការអញ្ជើញ និងជំនួបជាមួយសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ារបស់ប្រធានអាស៊ាន​ / ASEAN Chair’s Meeting with the Republic of the Union of Myanmar (Khmer Article)

អវត្តមានរបស់សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន បានដាក់ជាសំណួរជាច្រើន ជាពិសេសទៅលើសាមគ្គីភាពនៃអាស៊ាន។ ថ្វីត្បិតតែ ការអាក់ខាននេះមានក៏ពិតមែន ក៏ប៉ុន្តែកម្ពុជាក្នុងនាមជាប្រធានបានខិតខំធ្វើយ៉ាងណាបង្កលក្ខណៈដើម្បីអោយអាស៊ាន«គ្រប់ទឹក»ឡើងវិញ។ ការណ៍នេះបានធ្វើអោយមានការលើកឡើងជាហូរហែ ជាពិសេសការចោទប្រកាន់មកកាន់កម្ពុជា ក្នុងការបំបែកបំបាក់អាស៊ាន រឺក៏ជាទង្វើមិនគប្បីសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ អត្ថបទនេះគឺផ្តើមតាក់តែងឡើងដើម្បី ចូលរួមចំណែកជាព័ត៌មានមួយបង្ហាញថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សមាជិកអាស៊ាន និង សមាជិកអង្គការសហប្រជាជាតិ គឺទទួលបានអនុលោមភាពពីបទដ្ឋានគតិយុត្តតំបន់ និងអន្តរជាតិ។ ហើយអ្វីដែលកម្ពុជាកំពុងធ្វើ ផ្ទុយទៅវិញគឺបានគិតគូរពីប្រជាជនមីយ៉ាន់ម៉ា អនុវត្តនូវកាតព្វកិច្ចខ្លួន ក៏ដូចជាដំណើរស្វែងរកសន្តិភាពសម្រាប់តំបន់ និងពិភពលោក។