9. អំពើជួញដូរមនុស្ស / The Acts of Human Trafficking (Khmer Article)
អំពើជួញដូរមនុស្ស ត្រូវបានគេចាត់ទុកថា ជាទម្រង់មួយនៃ «ទាសភាពសម័យទំនើប» ពោលគឺជនរងគ្រោះនៃអំពើនេះត្រូវបានក្លាយជាកម្មវត្ថុនៃការកេងប្រវ័ញ្ច័ ឬជាហេតុផលសម្រាប់ជនល្មើសទាញយកផលប្រយោជន៍ពីជនរងគ្រោះដោយប្រើប្រាស់មធ្យោបាយផ្សេងៗ។ ដោយហេតុថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណា–ចក្រកម្ពុជា បានធានានូវកិត្តិយស ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់ប្រជាជន និងបានអនុលោមទៅតាមខ្លឹមសារនៃពិធីសារប៉ាឡឺម៉ូ ទើបធ្វើឱ្យអោយមានវត្តមាននៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ យ៉ាងណាមិញ ច្បាប់នេះបានធ្វើការបែងចែកបទល្មើស នៃអំពើជួញដូរមនុស្ស ជាបទល្មើសជាក់លាក់ទៅតាមស្ថានភាព និងទម្រង់នៃបទល្មើសនីមួយៗផងដែរ។ ច្បាប់នេះ បង្កើតឱ្យមានមូលទោស ដែលមានជាការពិន័យជាប្រាក់ និងការផ្តន្ទាទោសដាក់ពន្ធនាគារ។ អត្ថបទស្រាវជ្រាវនេះ នឹងលើកអំពីបទល្មើសនីមួយៗដែលចាត់ទុកជាអំពើជួញដូរមនុស្ស ដែលមានចែងចាប់ពីមាត្រា ៨ ដល់មាត្រា ២០ មកសិក្សាវែកញែកឱ្យស៊ីជម្រៅបន្ថែម។