5. The Compulsory Vehicle Insurance / កាតព្វកិច្ចធានារ៉ាប់រងចំពោះយានយន្ត (English Article)

Insurance is a risk management technique, used by both people and businesses as a means of protection from financial loss. Vehicle insurance, also known as car insurance, motor insurance or auto insurance, is an insurance for cars, trucks, motorcycles and other means of transportation. This particular insurance is used to provide financial protection against physical…

4.ការចោទប្រកាន់បីរបៀបរបស់ព្រះរាជអាជ្ញា / Three Prosecuting Methods for Prosecutor (Khmer Article)

យោងមាត្រា១៣១ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា ។ មាត្រា៤ មាត្រា៥ និងមាត្រា២៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជាឆ្នាំ២០០៧ មាត្រា៧៤ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញាឆ្នាំ២០១៤ និងមាត្រា៣០ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការឆ្នាំ២០១៤ អយ្យការគឺជាស្ថាប័នអនុវត្តបណ្តឹងអាជ្ញា ឬធ្វើការចោទប្រកាន់ក្នុងនាមប្រយោជន៍ទូទៅនៅចំពោះមុខយុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជម្រះ ហើយបន្ថែមដោយការទទួលស្គាល់ផងដែរអំពីសិទ្ធិរបស់ជនរងគ្រោះក្នុងការដាក់បណ្តឹងអាជ្ញាឱ្យមានចលនា និងសិទ្ធិរបស់មន្រ្តីរាជការ ឬភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់បានផ្តល់អំណាចជូន ដែលយន្តការពីរចុងក្រោយនេះនៅតែឆ្លងកាត់ការចោទប្រកាន់ពីព្រះរាជអាជ្ញា។ បណ្តឹងអាជ្ញាត្រូវអនុវត្តដោយស្មើភាពគ្នា និងមិនរើសអើងទៅលើបុគ្គលគ្រប់រូប ទាំងរូវន្ដបុគ្គល ទាំងនីតិបុគ្គល ដូចចែងក្នុងមាត្រា៣ នៃក្រមដដែល។ ការដាក់បណ្តឹងអាជ្ញាឱ្យមានចលនា គឺជាការបើកការចោទប្រកាន់ដែលមានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើសបង្ហាញឱ្យឃើញអំពីពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជននេះតាមច្បាប់កំណត់។ បើគិតតាំងពីប្រទេសកម្ពុជាបានទទួលឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ មកតាមរយៈវត្តមាននៃក្រមពិភាក្សាព្រហ្មទណ្ឌឆ្នាំ១៩៦២ (ដែលបានធ្វើវិសោធនកម្មលើក្រមលក្ខណៈពិភាក្សាព្រហ្មទណ្ឌឆ្នាំ១៩៣៧ ដែលជាក្រមទីពីរបន្ទាប់ក្រមលក្ខណៈពិភាក្សាព្រហ្មទណ្ឌទីមួយនៅឆ្នាំ១៩១១) បន្តដោយច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌឆ្នាំ១៩៩៣ និងចុងក្រោយក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧ ការចោទប្រកាន់របស់ព្រះរាជអាជ្ញាកម្ពុជាមានបីរបៀបគឺ ទីមួយ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ទីពីរ តាមរយៈកំណត់ហេតុស្តីពីការចូលបង្ហាញខ្លួនភ្លាម និងទីបី តាមរយៈកំណត់ហេតុស្តីពីការចូលបង្ហាញខ្លួនភ្លាម លើកលែងតែការចោទប្រកាន់នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) ដែលការបើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរគឺជារបៀបតែមួយគត់នៃការចោទប្រកាន់។ ចំពោះការចោទប្រកាន់ពីបទព្រហ្មទណ្ឌប្រឆាំងនឹងបុគ្គលណាមួយ នៅពេលខ្លះព្រះរាជអាជ្ញាគ្មានសិទ្ធិជ្រើសរើសយកយន្តការទាំងបីដូចបានរៀបរាប់ខាងលើនោះទេ ពោលគឺមានកាតព្វកិច្ចបើកការចោទប្រកាន់តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ (ជំពូកទី១) ដែលនេះគឺជាការកម្រិតនូវឆន្ទានុសិទ្ធិរបស់ព្រះរាជអាជ្ញា និងនៅពេលខ្លះព្រះរាជអាជ្ញាមានសិទ្ធិជ្រើសរើសយករបៀបណាមួយនៃការចោទប្រកាន់(ជំពូកទី២) ដោយយោងទៅតាមអង្គហេតុ និងលក្ខខណ្ឌនៃចោទប្រកាន់នីមួយៗ។

3. វិនិយោគបរទេសនិងអចលនទ្រព្យ / Foreign Investment and Real Estate (Khmer Article)

តួនាទីនិងសារៈសំខាន់នៃវិនិយោគបរទេសក្នុងការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមបច្ចុប្បន្នបានជំរុញឱ្យមានការគិតគូរទាំងកម្រិតជាតិ​ និងសកលនូវការសិក្សាអំពីការដាក់ចេញ​នូវគោលនយោបាយ​ ជាពិសេសបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងវិនិយោគបរទេស​ ក្នុងក្របខ​ណ្ឌនៃប្រព្រឹត្តិកម្ម ការធានា​ និងការពារវិនិយោគបរទេសឬសកម្មភាពសេដ្ឋកិច្ចរបស់ជនបរទេសនៅលើទឹកដីនៃប្រទេសមួយ។ អត្ថបទនេះនឹងបង្ហាញនូវព័ត៌មាន និងខ្លឹមសារ​មួយ​​ចំនួន​ស្តីពី​ស្ថាន​ភាព​បច្ចុប្បន្ននៃ​វិនិយោគ​​បរទេស​នៅក្នុងកម្រិតសកល និងកម្រិតជាតិ (កថាខណ្ឌទី១) ជាមួយ​នឹង​ការបង្ហាញនូវ​បរិបទ​គ្របដណ្តប់នៃការលេចចេញនូវការសិក្សា​គតិយុត្តយ៉ាងផុសផុល​នៃ​វិនិយោគ​បរទេស (ឬវិនិយោគអន្តរជាតិ) ​(កថាខណ្ឌទី២) ដែល​បាន​ធ្វើ​ឱ្យ​មុខវិជ្ជានេះក្លាយជាមុខវិជ្ជាមួយថ្មី និង​​បាន​ក្លាយជា​មុខ​វិជ្ជា​មួយដ៏ជាក់លាក់ និង​ពេញ​លេញ​នៅក្នុង​ក្របខណ្ឌ​នៃ​នីតិអន្តរជាតិ​សេដ្ឋកិច្ច​ ដែលពីមុន​វា​ជាផ្នែកមួយតូចនៅក្នុងនីតិអន្តរជាតិ​សាធារណៈនា​អំឡុង​ពេលជិត ៧ ទសវត្សរ៍[1] កន្លងមក​នេះ​។ [1] Elihu Lauterpacht, International Law and Private Foreign Investment, Indiana Journal of Global Legal Studies, Volume 4, Issue 2, Article 2, 1997, ទំព័រ ២៦១ តាមឯកសារនេះបញ្ជាក់ថាជាង ៥ ទសវត្សរ៍ ដែលគិតមកដល់បច្ចុប្បន្ននេះជិត ៧ ទសវត្សរ៍។

2.ការបង្កើតកិច្ចសន្យា និងបញ្ហាក្នុងការបង្កើតកិច្ចសន្យា / Contract Making and Its Issues (Khmer Article)

កិច្ចសន្យាមានសារៈសំខាន់ក្នុងជីវភាពរបស់មនុស្សម្នាក់ៗ ហើយពួកគេតែងតែបង្កើត និងប្រើប្រាស់កិច្ចសន្យាជារឿយៗក្នុងសកម្មភាពប្រចាំថ្ងៃ។ ដោយហេតុថាការបង្កើតកិច្ចសន្យាធ្វើឡើងដោយសំណើ និងស្វីការ ដែលកើតឡើងតាមរយៈការបង្ហាញឆន្ទៈរបស់ភាគីនៃកិច្ចសន្យា ដូចនេះវិការៈក្នុងការបង្ហាញឆន្ទៈ និងបញ្ហាមួយចំនួនអាចកើតឡើងដែលនាំឱ្យមានផលប៉ះពាល់ដល់ភាគី និងនាំឱ្យមានការលុបចោល និងមោឃៈភាពនៃកិច្ចសន្យា។ ហេតុដូច្នេះដើម្បីជៀសវៀងមានការរំលោភបំពានផលប្រយោជន៍របស់ភាគីណាមួយនៃកិច្ចសន្យា មនុស្សម្នាក់ៗគួរមានការយល់ដឹងអំពីការបង្កើតកិច្ចសន្យា និងបញ្ហាក្នុងការបង្កើតកិច្ចសន្យា ព្រោះថាអានុភាពនៃកិច្ចសន្យាអាចកើតមាន ឬមិនកើតមាន និងចងកាតព្វកិច្ច ឬមិនចងកាត្វកិច្ច គឺអាស្រ័យលើកត្តាទាំងនេះ។ ពាក្យគន្លឹះ៖ កិច្ចសន្យា, សំណើ, ស្វីការ, វិការៈ, ការភាន់ច្រឡំ, ព័ត៌មានមិនពិត, ការរំលោភលើស្ថានភាព, ការគម្រាមកំហែង, ការកេងយកចំណេញហួសហេតុ, ឋបនីយផ្លូវចិត្ត និងការបង្ហាញឆន្ទៈមិនពិត។

1. ច្បាប់ការងារ និងជំងឺកូវីដ-១៩ / Labor Law and Covid-19 (Khmer Article)

អត្ថិភាពនៃជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០ បានធ្វើឱ្យវិស័យសុខភាពសាធារណៈជួបនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលការណ៍នេះជាមូលហេតុដ៏ចម្បងធ្វើឱ្យមានឱនភាពសេដ្ឋកិច្ចសកលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជំងឺកូវីដ-១៩ បានធ្វើឱ្យបាត់បង់ជីវិតមនុស្សប្រមាណ ៦,៧លាននាក់ នៅទូទាំងសាកល បើគិតត្រឹមខែមករា ឆ្នាំ២០២៣នេះ។[1] វិបត្តិជាសកលនៃជំងឺកូវីដ-១៩ មិនត្រឹមតែជាការប្រកាសអាសន្នផ្នែកសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជំងឺកូវីដ-១៩ ក៏បានធ្វើឱ្យខ្សែច្រវាក់ផលិតកម្មសកលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអាជីវកម្មជាច្រើនត្រូវបានបង្ខំចិត្តបិទលែងដំណើរការដោយប្រកាសក្ស័យធន ស្របពេលដែលសហគ្រាសមួយចំនួនបានតស៊ូព្យាយាមនិងវិបត្តិដែលជាផលវិបាកនៃជំងឺកូវីដ-១៩ ដោយបានរុះរើកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងក្រុមហ៊ុន ដើម្បីឆ្លើយតបបានទៅនឹងវិធានការសុខាភិបាលដែលរដ្ឋបានដាក់ចេញ។ ក្រុមហ៊ុនធំៗ មួយចំនួនបានសម្រេចកាត់បន្ថយសកម្មភាពអាជីវកម្ម ដែលឈានទៅដល់ការកាត់បន្ថយចំនួនកម្មករនិយោជិត។ ដោយសារក្រុមហ៊ុនជាច្រើនប្រកាសក្ស័យធន និងមួយចំនួនទៀតបានកាត់បន្ថយសកម្មភាពអាជីវកម្ម នាំឱ្យកម្មករនិយោជិតជាច្រើនលាននាក់បានបាត់បង់ការងារនិងបាត់បង់ប្រភពចំណូលសម្រាប់​ការចិញ្ចឹមជីវិតរស់នៅរបស់ពួកគេ ស្របពេលដែលស្ថានភាពសុខភាពសាធារណៈជាទូទៅក៏ត្រូវបាន  គម្រាមកំហែង។ ប្រទេសកម្ពុជា ក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ-១៩ នេះផងដែរ ជាពិសេសវិស័យ ទេសចរណ៍ និងវិស័យឧស្សាហកម្មនាំចេញផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ដែលជាវិស័យទទួលរងផលប៉ះពាល់ដោយផ្ទាល់។ កម្មករនិយោជិតជាច្រើនពាន់នាក់បានបាត់បង់ការងារ ដោយសារតែសណ្ឋាគារ ភោជនីយដ្ឋាន និងរោងចក្រមួយចំនួនត្រូវបានបិទទ្វារលែងដំណើរការដោយមូលហេតុមិនមានភ្ញៀវទេសចរណ៍ និងមិនមានការបញ្ជាទិញពីបរទេស។ ហេតុការណ៍ទាំងនេះបានជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាពិភពការងារ ជាពិសេសផលប៉ះពាល់នៃការអនុវត្តវិធានការសុខាភិបាលជាកាតព្វកិច្ចក្នុងការធានាឱ្យបាននូវសុវត្ថិភាពនៃសុខភាពសាធារណៈនិងការអនុវត្តច្បាប់ស្តីពីការងារ ដែលតម្រូវឱ្យកម្មករនិយោជិតអាចប្រឈមនិងកាត់បន្ថយម៉ោងការងារ កាត់បន្ថយប្រាក់ចំណូល ការបាត់បង់ការងារ និងការបាត់បង់ប្រាក់ចំណូល។ ការកំណត់នូវសញ្ញាណគតិយុត្តនៃជំងឺកូវីដ-១៩ (ជំពូកទី១) ត្រូវបានចាត់ទុកជាដំណោះស្រាយគន្លឹះនៅក្នុងការអនុវត្តច្បាប់ស្តីពីការងារចំពោះវិបត្តិនៃជំងឺកូវីដ-១៩…