១៥. នីតិរដ្ឋធម្មនុញ្ញ, ការបោះផ្សាយរបស់សមាគមសាលាត្រាជូ, ឆ្នាំ២០២៣

«នីតិរដ្ឋធម្មនុញ្ញ» នេះត្រូវបានរៀបចំឡើងដោយសំយោគចំរាញ់ចេញជាសសរស្តម្ភចំនួនបីគឺ៖           សសរស្តម្ភទីមួយ. ទ្រឹស្តី៖ ជាដំបូង ការសិក្សាពីនីតិរដ្ឋធម្មនុញ្ញត្រូវផ្តោតទៅលើទ្រឹស្តីទូទៅដែលជាគំនិត ជាពុទ្ធិ ជាលទ្ធិ (Doctrine) និងជាទស្សនវិជ្ជាដែល អ្នកនិពន្ធ អ្នកជំនាញ អ្នកស្រាវជ្រាវ បានសិក្សា អះអាង និងបានតាក់តែងឡើងដើម្បីបង្កើតសញ្ញាណនៃរដ្ឋនិងរដ្ឋធម្មនុញ្ញ។ ចំណេះដឹងអំពីនិយមន័យជាទ្រឹស្តីនេះជាមូលដ្ឋានដ៏ចាំបាច់សម្រាប់ឈានទៅស្វែងយល់ស៊ីជម្រៅពីតក្កភាព និងបាតុភូតនៃការរៀបចំនិងការប្រព្រឹត្តទៅនៃរដ្ឋ។           សសរស្ដម្ភទីពីរ. ឧត្តមានុវត្តន៍អន្តរជាតិ៖ យើងមិនអាចដឹងពីខ្លួនយើងបានត្រឹមតែក្រឡេកមើលខ្លួនយើងនោះទេ។  ក្នុងន័យនេះ ការសិក្សាពីប្រព័ន្ធនយោបាយ របបនយោបាយ និងទម្រង់រដ្ឋាភិបាលនៅតាមបណ្តាប្រទេសជាឧត្តមានុវត្តន៍ផ្សេងៗ នឹងក្លាយជាមូលដ្ឋានពិចារណាអំពីប្រព័ន្ធដែលបាននិងកំពុងអនុវត្តនៅប្រទេសកម្ពុជា។           សសរស្តម្ភទីបី. ការអនុវត្តរបស់កម្ពុជា៖ បន្ទាប់ពីមានធាតុចូលទាំងផ្នែកទ្រឹស្តីនិងផ្នែកអនុវត្តជាអន្តរជាតិ បូករួមជាមួយនឹងច្បាប់និងការអនុវត្តរបស់កម្ពុជា ការសិក្សាអំពីនីតិរដ្ឋធម្មនុញ្ញនឹងកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងមានអត្ថប្រយោជន៍។

១៦. នីតិកិច្ចសន្យាពិសេស (ភាគ១), ការបោះផ្សាយរបស់ ស.ភ.ន.វ.ស., បោះពុម្ពលើកទី១ ឆ្នាំ២០២១

ជារៀងរាល់ថ្ងៃមិនថានៅកម្ពុជាឬក៏នៅបរទេស ទំនាក់ទំនងដែលកើតមានញឹកញាប់មិនចេះឈប់ឈរ នៅក្នុងវិស័យឯកជន កំណត់បានជាកិច្ចសន្យាដែលគឺជាប្រភេទនៃទំនាក់ទំនងគតិយុត្តបម្រើឱ្យសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋនៅក្នុងសង្គមគ្រប់សម័យកាល និងអាចចាត់ទុកបានថាជាកិច្ចប្រតិបត្តិការដ៏សំខាន់ផងដែរ ក្នុងការជំរុញឱ្យសេដ្ឋកិច្ចជាតិដំណើរការកាន់តែល្អប្រសើរ។ បច្ចុប្បន្ន ដោយគួបផ្សំជាមួយនឹងការវិវត្តនៃវិស័យបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដែលជំរុញឱ្យកិច្ចប្រតិបត្តិការជាច្រើននៅជុំវិញទាក់ទងទៅនឹងកិច្ចសន្យាមានភាពងាយស្រួលជាងមុន រហ័សជាងមុន ជាពិសេស គឺគេសង្កេតឃើញមានទំនាក់ទំនងកិច្ចសន្យាអន្តរប្រទេសក៏មានសន្ទុះកាន់តែពុះកញ្ជ្រោលយ៉ាងខ្លាំង។ កិច្ចប្រតិបត្តិការទាំងឡាយដែលបានរៀបរាប់ខាងលើ អាចជាសកម្មភាពពាណិជ្ជកិច្ច ឬជាកិច្ចស៊ីវិលធម្មតា ដែលអាចសង្កេតឃើញមាននៅក្នុងទំនាក់ទំនងនៃកិច្ចសន្យាជាច្រើន មានដូចជានៅក្នុងទំនាក់ទំនងនៃកិច្ចសន្យាលក់ទិញ ភតិសន្យា កិច្ចសន្យាដឹកជញ្ជូន ឬកិច្ចសន្យាម៉ៅការ។ ទន្ទឹមនឹងសន្ទុះសកម្មភាពកិច្ចការជំនួញកើតមានជារៀងរាល់ថ្ងៃ ជាមួយគ្នានេះបញ្ហាប្រឈមជាច្រើនក៏កើតមានដូចគ្នា ជាពិសេសគឺបញ្ហាប្រឈមជុំវិញលក្ខខណ្ឌសុពលភាពនៃការបង្កើតកិច្ចសន្យា ឬជាបញ្ហាដែលកើតចេញពីការមិនអនុវត្តកាតព្វកិច្ចរបស់គូភាគី ឬអាចមានករណីដែលតតិយជនបានធ្វើការតតាំងដើម្បីទាមទារសិទ្ធិលើវត្ថុ ឬករណីដែលភាគីអនុវត្តសិទ្ធិសុំមោឃភាព និងសុំរំលាយកិច្ចសន្យាជាដើម។

១៤. នីតិកម្មសិទ្ធិបញ្ញាកម្ពុជា, បោះពុម្ពលើកទី២ ឆ្នាំ២០២៤

សៀវភៅ «នីតិកម្មសិទ្ធិបញ្ញាកម្ពុជា» នេះ នឹងក្លាយទៅជាឯកសារមួយ ដែលអាចចែករំលែកពុទ្ធិជូនដល់និស្សិតបញ្ញវន្ត អ្នកស្រាវជ្រាវផ្នែកនីតិសាស្ត្រ និងពាណិជ្ជករ ផងដែរ ដោយហេតុថា កម្មសិទ្ធិបញ្ញា គឺជាឧបករណ៍ ឬទ្រព្យសម្បត្តិដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់អាជីវកម្មរបស់សហគ្រាស (ជាពិសេសម្ចាស់ សហគ្រាសធុនតូច និងមធ្យម ឬក្រុមហ៊ុន Start-Up) សម្រាប់ការអភិវឌ្ឍ និងពង្រីកសកម្មភាពពាណិជ្ជកម្ម និងប្រកួតប្រជែងនៅក្នុងទីផ្សារសេរី។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ កម្មសិទ្ធិបញ្ញាគឺជាឧបករណ៍មួយយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម ការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ក៏ដូចជាការរីកចម្រើនសេដ្ឋកិច្ចនៃប្រទេសទាំងមូលផងដែរ។ ហេតុដូច្នេះ ការផ្សព្វផ្សាយ ឬចែករំលែកចំណេះដឹងអំពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា ទៅដល់ អ្នកស្រាវជ្រាវផ្នែកនីតិសាស្ត្រ អាជ្ញាធរអនុវត្តច្បាប់ ពាណិជ្ជករគ្រប់វិស័យ និង ប្រជាពលរដ្ឋទូទៅ នៃប្រទេសកំពុងអភិវឌ្ឍន៍ ជាកិច្ចការដ៏សំខាន់ដែលមិនអាចខ្វះបាន។ សំណួរជាទូទៅដែលអាចលើកឡើងមកវិញជាញឹកញយ គឺ «ហេតុអ្វី ចាំបាច់ត្រូវមានកម្មសិទ្ធិបញ្ញា?» ឬ «តើគេអាចធ្វើពាណិជ្ជកម្មដោយគ្មានកម្មសិទ្ធិបញ្ញាបានដែរឬទេ?»

១៣. នីតិរដ្ឋប្បវេណី (បទប្បញ្ញត្តិទូទៅ បុគ្គល សិទ្ធិប្រត្យក្ស ញាតិ), ការបោះផ្សាយរបស់ ស.ភ.ន.វ.ស., បោះពុម្ពលើកទី១ ខែមករា ឆ្នាំ២០២៤

នីតិរដ្ឋប្បវេណី ជាមុខវិជ្ជាមួយយ៉ាងសំខាន់ដែលអ្នកច្បាប់ចាំបាច់ត្រូវសិក្សាសម្រាប់ជាមូលដ្ឋាននៃចំណេះដឹងទៅលើច្បាប់សារធាតុក្នុងវិស័យឯកជន ជាវិញ្ញាសាប្រឡងសំណេរសម្រាប់ប្រឡងចូលទៅបម្រើការងារក្នុងវិស័យយុត្តាធិការ មានដូចជា ចៅក្រម ព្រះរាជអាជ្ញា សារការី មេធាវី អាជ្ញាសាលា ក្រឡាបញ្ជី ជាដើម។ល។ សម្រាប់ប្រជាពលរដ្ឋទូទៅ ចំណេះដឹងច្បាប់ផ្នែករដ្ឋប្បវេណី ទំនាក់ទំនងទ្រព្យសម្បត្តិ ទំនាក់ ទំនងញាតិ ជាភាពចាំបាច់ត្រូវស្វែងយល់តាមតែអាចធ្វើបាន ព្រោះដោយហេតុថា ក្នុងនាមជាមនុស្សដែលបានចាប់កំណើតមក រស់រានមានជីវិតទៅតាមច្បាប់ធម្មជាតិហើយ ដោយយើងរស់នៅក្នុងសង្គម មានទំនាក់ទំនងអន្តរបុគ្គលជាតម្រូវការចាំបាច់។ កាលបើមានទំនាក់ទំនងគ្នា ច្បាស់ជាមានសិទ្ធិ និងករណីយកិច្ចចំពោះគ្នាទៅវិញទៅមកជាក់ជាមិនខាន។ នៅក្នុងប្រព័ន្ធច្បាប់ស៊ីវិលឡ(Civil Law) ជាប្រព័ន្ធច្បាប់សរសេរ។ មានន័យថា នីតិករ ឬ អ្នករៀបចំតាក់តែងច្បាប់ ត្រូវពិនិត្យមើលបាតុភូតសង្គម ពោលគឺទំនាក់ទំនង ចាំបាច់នៅក្នុងសង្គម ហើយត្រូវប្រាកដថាអ្វីជាបញ្ហាសង្គម និងត្រូវបង្កើតច្បាប់សរសេរ ដែលគេចាត់ទុកថាជាកិច្ចសន្យាសង្គមប្រកាសប្រាប់សង្គមទូទៅឱ្យបានដឹងអំពីសិទ្ធិ និង ករណីយកិច្ចរបស់ខ្លួនតាមផ្លូវច្បាប់។ ការរៀបចំតាក់តែងច្បាប់ ចាំបាច់ត្រូវកំណត់ឱ្យ បានច្បាស់លាស់នូវគោលការណ៍ផ្សេងៗ ដូចជានៅក្នុងទំនាក់ទំនងផ្នែកឯកជន ផ្តល់សិទ្ធិដល់បុគ្គលក្នុងការបង្ហាញឆន្ទៈ។ ប៉ុន្តែជួនកាលអាចនឹងមានភាគីណាម្ខាងជាបុគ្គល ដែលខ្សោយជាងមិនថាជាកម្លាំងកាយ ប្រាជ្ញា ទ្រព្យសម្បត្តិ ឋានៈ ស្ថានភាពជីវភាព អាចប្រឈមនឹងការបាត់បង់ប្រយោជន៍។ ដូចនេះហើយទើបយើងសង្កេតឃើញមានការកំណត់ទំហំនៃសិទ្ធិក្នុងការបង្ហាញឆន្ទៈ ឬ និយាយម្យ៉ាងទៀតថា…