5. TRADE AND PUBLIC HEALTH: THE STIMULATION OF HEALTHCARE TECHNOLOGY ADVANCES AND INNOVATION FOR NEGLECTED TROPICAL DISEASES / ពាណិជ្ជកម្ម និងសុខភាពសាធារណៈ៖ ការជំរុញនៃបច្ចេកវិទ្យាថែទាំសុខភាព ភាពជឿនលឿន និងភាពច្នៃប្រឌិតសម្រាប់ជំងឺតំបន់ត្រូពិចដែលមិនទាន់បានយកចិត្តទុកដាក់ (English Article)

ជំងឺតំបន់ត្រូពិក បានបង្កផលប៉ះពាល់ដល់ប្រជាជនដែលរស់នៅក្នុងតំបន់ និងអនុតំបន់ត្រូពិកយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានជំងឺ និងមរណភាព ហើយក៏មានការយល់ឃើញថាប្រភេទនៃជំងឺនេះ មិនត្រូវបានគេយកចិត្តទុកដាក់និងមើលរំលង។ ប៉ុន្តែជាក់ស្តែង ដូចដែលបានឆ្លុះបញ្ចាំងដោយប្រវត្តិសាស្រ្ត មានការសិក្សាស្រាវជ្រាវជាច្រើនពាក់ព័ន្ធនឹងជំងឺនេះ និងជាពិសេសកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអង្គការអន្តរជាតិ  ទោះបីជាការដោះស្រាយបញ្ហានេះ មិនអាចសម្រេចបានភ្លាមៗ។ កង្វះនៃការលើកទឹកចិត្តក្នុងការស្រាវជ្រាវលើបច្ចេកវិទ្យាសុខាភិបាល ដើម្បីព្យាបាលជំងឺនេះ ភាគច្រើនបណ្តាលមកពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងពាណិជ្ជកម្មនិងសុខភាព សភាពធ្ងន់ធ្ងរនៃជំងឺនេះ ព្រមទាំងអសមត្ថភាពក្នុងការទូទាត់ប្រាក់ដោយប្រជាជននៅក្នុងតំបន់ទាំងនោះ។ ជាអកុសល ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នឹងធ្វើឱ្យបញ្ហានេះ កាន់តែមានសភាពធ្ងន់ធ្ងរ ដោយបានបង្វែរការយកចិត្តទុកដាក់របស់ពិភពលោកពីជំងឺតំបន់ត្រូពិកក្នុងកម្រិតមួយ ដែលបង្កឱ្យមានការរាំងស្ទះ និងការវិវត្តយឺតយ៉ាវនៃបច្ចេកវិទ្យាដែលត្រូវការ។ កាតាលីករជំរុញការអភិវឌ្ឍបច្ចេកវិទ្យាសុខាភិបាល និងនវានុវត្តន៍សម្រាប់ជំងឺតំបន់ត្រូពិករួមមាន៖ វិធីសាស្រ្តមិនរាប់បញ្ចូលពីតម្លៃស្រាវជ្រាវ ភាពជាដៃគូអភិវឌ្ឍន៏ផលិតផល កិច្ចសហការរវាងម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម ការស្វែងរកនិងអភិវឌ្ឍន៍ប្រភពបើកចំហនៃឱសថ ការពង្រឹងសមត្ថភាពផ្នែកពាណិជ្ជកម្មនិងសុខភាព ការកាត់បន្ថយពន្ធលើផលិតផលទាក់ទងនឹងសុខភាព ការដាក់បញ្ចូលបទប្បញ្ញត្តិសុខភាពនៅក្នុងកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក ប្រព័ន្ធប្រកាសនីយបត្រតក្កកម្ម អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ ច្បាប់ស្តីពីលទ្ធកម្ម និងច្បាប់/គោលនយោបាយស្តីពីការប្រកួតប្រជែង។ ទោះជាយ៉ាងណា ការប្តេជ្ញាចិត្តរបស់ពិភពលោក បានបង្ហាញអំពីសុទិដ្ឋិនិយមក្នុងការឈានដល់ការសម្រេចបាននូវការលុបបំបាត់ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺតំបន់ត្រូពិក តាមរយៈការបន្តអនុវត្តផែនការសកម្មភាពរួមគ្នា ដូចនេះ ជនងាយរងគ្រោះដែលរស់នៅក្នុងតំបន់ និងអនុតំបន់ត្រូពិក អាចនឹងមានភាពប្រសើរ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ពិភពលោក ដំណើរឆ្ពោះទៅសម្រេចបានគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពទី ៣ (សុខភាពល្អនិងសុខុមាលភាព)  នឹងប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ដែលអាចលើកស្ទួយកំរិតជីវភាពរបស់ប្រជាជនឱ្យបានសមរម្យ។ ចំណោទថ្មីមួយដែលលេចឡើងគឺ «តើជំងឺរាតត្បាតកូវីដ-១៩…

4. បវេណី និងនីតិវិជ្ជមាន៖ លក្ខខណ្ឌកកើតអាពាហ៍ពិពាហ៍នៅកម្ពុជា / COUTUME ET DROIT POSITIF: LES CONDITION DE FORMATION DU MARIAGE (French Article)

ទំនៀមទំលាប់ ឬ បវេណី គឺផ្សាភ្ជាប់យ៉ាងខ្លាំងទៅនឹងប្រជាជនខ្មែរ​ដោយគិតចាប់តាំងពីការកកើត រូបវន្តបុគ្គលរហូតដល់ពេលដែលរូបវន្តបុគ្គលទទួលមរណភាព។ អត្ថបទមួយនេះគឺចង់បង្ហាញពីឋានៈរបស់បវេណីនៅក្នុងសង្គមខ្មែរ តាមរយៈការរៀបអាពាហ៍ពិពាហ៍ដោយធ្វើការសិក្សាទៅលក្ខខណ្ឌគ្រឹះ និង លក្ខខណ្ឌទម្រង់ បវេណី និងនីតិវិជ្ជមាន។ លក្ខខណ្ឌក្នុងការរៀបអាពាហ៍ពិពាហ៍មួយចំនួន គឺមានតែនៅក្នុងបវេណី ដូចជា លក្ខខណ្ឌទាក់ទងនឹង រដូវកាលនៃការរៀបអាពាហ៍ពិពាហ៍ ឋានានុក្រមបងប្អូនបង្កើត ការគណនាគុណគូអាយុគូភាគី ចំណែក លក្ខខណ្ឌមួយចំនួនគឺមានភាពសដ្រៀងគ្នារវាងបវេណីនិងនីតិវិជ្ជមាន មានដូចជាលក្ខខណ្ឌទាក់ទងនឹងភេទ វិធិនភាពរបស់ស្រ្តី។ល៕

3. អនុប្បទានសិទ្ធិលើបំណុល​ / Assignment of Claim (Khmer Article)

អនុប្បទានសិទ្ធិលើបំណុលគឺប្រតិបត្តិការមួយដែលមានពីរភាគីគឺអនុប្បទាយី និងអនុប្បទានិក។ អនុប្បទាយីគឺជាម្ចាស់បំណុលដែលមានសិទ្ធិលើបំណុលលើកូនបំណុល រីឯអនុប្បទានិកគឺជាតតិយជន។​ អនុប្បទាយីអនុប្បទានសិទ្ធិលើបំណុលដែលខ្លួនមានលើកូនបំណុលឲ្យទៅអនុប្បទានិក ដែលបន្ទាប់មកអនុប្បទានិកនឹងក្លាយជាម្ចាស់បំណុលថ្មីរបស់កូនបំណុល ដែលទទួលបន្តនូវសិទ្ធិ និងកាតព្វកិច្ចដែលម្ចាស់បំណុលមានលើកូនបំណុល។ អនុប្បទានសិទ្ធិលើបំណុលគឺអាចធ្វើឡើងក្នុងគោលបំណងជាច្រើនដូចជា ដើម្បីដាក់សិទ្ធិលើបំណុលធ្វើជាប្រាតិភោគឲ្យអនុប្បទានិក ឬដើម្បីលក់សិទ្ធលើបំណុលឲ្យទៅអនុប្ប-ទានិក។ ទោះជាយ៉ាងណា ការធ្វើអនុប្បទានសិទ្ធលើបំណុលគឺមានអានុភាពរវាងតែអនុប្បទានិក និងអនុប្បទាយីតែប៉ុណ្ណោះ ប្រសិនបើអនុប្បទាយីមិនបានជូនដំណឹងស្តីពីការធ្វើអនុប្បទានទៅឲ្យកូនបំណុលនៃសិទ្ធិលើបំណុលនោះ ហើយក៏មិនអាចតតាំងជាមួយតតិយជនបានដែរប្រសិនបើការជូនដំណឹងទៅកូនបំណុលនោះមិនបានធ្វើឡើងតាមរយៈលិខិតដែលមានកាលបរិច្ឆេទស្ថាពរ។ លក្ខខណ្ឌតតាំងជាមួយកូនបំណុល និងតតិយជននេះអាចជាបន្ទុកមួយសម្រាប់ការអនុវត្តអនុប្បទានសិទ្ធិលើបំណុលដោយសារតែកង្វះខាតនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលអាចសម្រួលឲ្យការបំពេញលក្ខខណ្ឌតតាំងអាចធ្វើឡើងប្រកបដោយប្រសិទ្ធផល និងងាយស្រួល។

2. យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលអនុវត្តចំពោះវិវាទកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា / Alternative dispute resolution applicable to intellectual property disputes Disputes in Cambodia (Khmer Article)

នៅប្រទេសកម្ពុជា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចម្បងៗដែលអាចអនុវត្តចំពោះវិវាទពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា រួមមានសន្ធានកម្ម មជ្ឈត្តការពាណិជ្ជកម្ម និងការដោះស្រាយវិវាទបឋមដោយមន្រ្តីកាន់កាប់បញ្ជី។ ជាទូទៅ​ ការអនុវត្តយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចំពោះវិវាទពាក់ព័ន្ធនឹងអត្ថិភាពនៃសិទ្ធិ និងការរំលោភបំពានសិទ្ធិ គឺមានលក្ខណៈរឹតត្បិតជាងការអនុវត្តចំពោះវិវាទពាក់ព័ន្ធនឹងការធ្វើអាជីវកម្មលើសិទ្ធិ្ធតាមរយៈកិច្ចសន្យា ដោយសារមូលហេតុពីរយ៉ាង ពោលគឺភាពមិនអាចប្រើប្រាស់បាន និងចរិតលក្ខណៈសណ្ដាប់ធ្នាប់សាធារណៈនៃទិដ្ឋភាពមួយចំនួនរបស់កម្មសិទ្ធិបញ្ញា។

1. បរិបទច្បាប់នៃទីផ្សារលំនៅឋាននៅប្រទេសកម្ពុជា / Legal Context of the Housing Market in Cambodia (Khmer Article)

នៅឆ្នាំ២០១៤ រដ្ឋាភិបាលបានអនុម័តគោលនយោបាយលំនៅឋានថ្នាក់ជាតិដើម្បីលើកកម្ពស់ និងគាំទ្ររាល់ការអភិវឌ្ឍន៍លំនៅឋានគ្រប់ប្រភេទ ជាពិសេសគឺជំរុញនូវលទ្ធភាពក្នុងការទិញលំនៅឋានសម្រាប់មន្រ្តីរាជការ និងប្រជាជនដែលចំណូលទាបស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រ និងប្រជាជនចំណាកស្រុក។ រីឯតម្លៃលំនៅឋាននៅក្នុងទីផ្សារអចលនវត្ថុទាំងតម្លៃជួល និងតម្លៃលក់ក៏ត្រូវបានប៉ះពាល់យ៉ាងខ្លាំងដែរនៅក្នុងបរិបទនៃជំងឺកូវីត១៩។ គិតចាប់ពីឆ្នាំ១៩៧៩ មកដល់ពេលបច្ចុប្បន្ន បទដ្ឋានគតិយុត្តនៅក្នុងប្រទេសកម្ពុជាទាក់ទងនឹងលំនៅឋានមានការវិវត្តជាបន្តបន្ទាប់ដូចជា៖ ការទទួលបាននូវកម្មសិទ្ធិឯកជន ការចុះបញ្ជីដីធ្លី (ដែលមានលក្ខណៈជាប្រព័ន្ធ លក្ខណៈដាច់ដោយដុំ និងការចុះបញ្ជីបន្ថែម) ប្រភេទបណ្ណសំគាល់សិទ្ធិកាន់កាប់និងសិទ្ធិកម្មសិទ្ធិ (ប្លង់រឹង៖ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី, ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ, វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ។  ប្លង់ទន់ និង វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន) យន្តការនៃការទទួលបានសិទ្ធិកាន់កាប់ និងសិទ្ធិកម្មសិទ្ធិរបស់ជនបរទេស (វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន, ការតំណាង, ការស្នើសុំសញ្ជាតិខ្មែរ, ក្រុមហ៊ុនអចលនទ្រព្យ និងបរធនបាលកិច្ច) លំហូរនីតិវិធីនៅដំណាក់កាលបឋម ដំណាក់កាលតាក់តែងកិច្ចសន្យាទិញលក់និងដំណាក់កាលផ្ទេរសិទ្ធិកាន់កាប់និងសិទ្ធិកម្មសិទ្ធិតាមរយៈអាជ្ញាធរមូលដ្ឋាន ការចុះបញ្ជីនៅនាយកដ្ឋានរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការបង់ពន្ធនៅនាយកដ្ឋានពន្ធដារ។  

10.​ ច្បាប់ស្តីពីការវិនិយោគ / Investment Law (Khmer Article)

ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រក​ម/១០២១/០១៤ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដោយត្រូវនិរាករណ៍ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ០៣/នស/៩៤ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៤ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣។   ច្បាប់វិនិយោគថ្មីនេះ គ្របដណ្តប់ដោយ ១២ ជំពូក និង ៤២ មាត្រា ហើយត្រូវអនុវត្តចំពោះគ្រប់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (Qualified Investment Project-QIP) ដែលបានចុះបញ្ជីជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ ច្បាប់នេះ មានគោលបំណងបង្កើតនូវក្របខណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកប ដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធភាព សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ តាមរយៈ៖         ១. ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចអាចធ្វើពិពិធកម្ម និងធន់ទៅនឹងវិបត្តិក្នុងតំបន់ និងសកលលោក។         ២….

9. អំពើជួញដូរមនុស្ស / The Acts of Human Trafficking (Khmer Article)

អំពើជួញដូរមនុស្ស ត្រូវបានគេចាត់ទុកថា ជាទម្រង់មួយនៃ «ទាសភាពសម័យទំនើប» ពោលគឺជនរងគ្រោះនៃអំពើនេះត្រូវបានក្លាយជាកម្មវត្ថុនៃការកេងប្រវ័ញ្ច័ ឬជាហេតុផលសម្រាប់ជនល្មើសទាញយកផលប្រយោជន៍ពីជនរងគ្រោះដោយប្រើប្រាស់មធ្យោបាយផ្សេងៗ។ ដោយហេតុថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណា–ចក្រកម្ពុជា បានធានានូវកិត្តិយស ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់ប្រជាជន និងបានអនុលោមទៅតាមខ្លឹមសារនៃពិធីសារប៉ាឡឺម៉ូ ទើបធ្វើឱ្យអោយមានវត្តមាននៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ យ៉ាងណាមិញ ច្បាប់នេះបានធ្វើការបែងចែកបទល្មើស នៃអំពើជួញដូរមនុស្ស ជាបទល្មើសជាក់លាក់ទៅតាមស្ថានភាព និងទម្រង់នៃបទល្មើសនីមួយៗផងដែរ។ ច្បាប់នេះ បង្កើតឱ្យមានមូលទោស ដែលមានជាការពិន័យជាប្រាក់ និងការផ្តន្ទាទោសដាក់ពន្ធនាគារ។ អត្ថបទស្រាវជ្រាវនេះ នឹងលើកអំពីបទល្មើសនីមួយៗដែលចាត់ទុកជាអំពើជួញដូរមនុស្ស ដែលមានចែងចាប់ពីមាត្រា ៨ ដល់មាត្រា ២០ មកសិក្សាវែកញែកឱ្យស៊ីជម្រៅបន្ថែម។

8. OPPORTUNITIES FOR CAMBODIA UNDER THE REGIONAL COMPREHENSIVE ECONOMIC PARTNERSHIP AGREEMENT (RCEP) / កាលានុវត្តភាពសម្រាប់កម្ពុជាក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) (English Article)

1.   When Cambodia took on its ASEAN chairmanship in January 2022, the Regional Comprehensive Economic Partnership Agreement (RCEP) has entered into force. By virtue of its size and the diversity of its membership, RCEP has become a fundamental building block for deepening trade liberalization in the Asia-Pacific. It marked a major leap forward for…

7. អង្គការសុខភាពពិភពលោក និងនីតិអន្តរជាតិស្តីពីជំងឺឆ្លងរាតត្បាត / World Health Organization and International Pandemic Law (Khmer Article)

ប្រសិនបើមានអ្វីមួយ ដែលអាចសម្លាប់មនុស្សរាប់លាននាក់នៅប៉ុន្មានទស្សវត្សរ៍ទៀតនោះ វាទំនងជាវីរុសដែលអាចឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស តែមិនមែនជាសង្គ្រាម ឬការប្រើប្រាស់អាវុធប្រល័យលោក​នោះទេ[1]។ នេះ ជាការលើកឡើងដោយលោក ប៊ីល ហ្គេត (Bill Gates) កាលពីឆ្នាំ២០១៥ នៅក្នុងកម្មវិធីវោហាស័ព្ទ TED។ ជាក់ស្តែង ការប្រមើលមើលរបស់ លោក ប៊ីល ហ្គេត កាលពី៧ឆ្នាំមុននេះ បាននិងកំពុងកើតមានយ៉ាងពិតប្រាកដមែននាពេលបច្ចុប្បន្ននេះ បើយោងតាមស្ថានការណ៍ចុងក្រោយនៃការឆ្លងរាតត្បាតនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលមានបណ្តាលមកពី វីរុសកូវីដ១៩ (តទៅនេះហៅថាជំងឺកូវីដ ១៩)។ សព្វថ្ងៃ ពិភពលោកទាំងមូល បាន និងកំពុងព្យាយាមរិះរកមធ្យោបាយ​តាមរយៈវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩[2] រួមជាមួយវិធានការនានាទាំងក្របខណ្ឌវេជ្ជសាស្ត្រ និងក្របខណ្ឌច្បាប់ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ក៏ដូចជាជួយសង្គ្រោះមនុស្សជាតិទាំងមូលពីគ្រោះមហន្តរាយផ្នែកសុខភាពនេះ[3]។ ក្នុងន័យនេះ អង្គការសុខភាពពិភពលោកដែលជាអង្គការអន្តរជាតិក្នុងប្រព័ន្ធសហប្រជាជាតិទទួលបន្ទុកលើកកម្ពស់សុខភាពសាធារណៈពិភពលោក បាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងនាមជាអ្នកសម្របសម្រួល និងគ្រប់គ្រងស្ថានការណ៍អាសន្នផ្នែកសុខាភិបាល ព្រមទាំងរិះរកវិធានការស្របតាមច្បាប់អន្តរជាតិនានា ដើម្បីទប់ស្កាត់ការរាតត្បាតជាសាកលនៃជំងឺនេះ។ យ៉ាងណាមិញ អង្គការនេះ ត្រូវបានបណ្តាប្រទេសជាសមាជិកមួយចំនួន បាន​រិះគន់ពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងការគ្រប់គ្រងស្ថានភាពវឹកវរនេះ។ ឯកសារស្រាវជ្រាវមួយនេះ នឹងព្យាយាមផ្តល់ការបកស្រាយដោយត្រួសៗពីតួនាទីសំខាន់ៗរបស់អង្គសុខភាពពិភពលោក ក្នុងក្របខណ្ឌច្បាប់អន្តរជាតិស្តីពីជំងឺឆ្លងរាតត្បាតជាសាកល ដោយច្បិចយកឧទាហរណ៍មួយចំនួនស្ដីពីការគ្រប់គ្រងជំងឺឆ្លងរាតត្បាតនានា រួមបញ្ចូលផងដែរនូវជំងឺកូវីដ ១៩។ [1] សូមមើល,​ ប្រសាសន៍របស់លោក Bill…

6. ការពិនិត្យឡើងវិញបញ្ហាសមុទ្រចិនខាងត្បូង៖ សាវតា និង ទិដ្ឋភាពផ្លូវច្បាប់ / Reviewing the South China Sea Issue: Background and Legal Aspect (Khmer Article)

អត្ថបទនេះពិនិត្យទៅលើជំហររបស់ចិន និងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ ១៩៨២ នៅសមុទ្រចិនខាងត្បូង។ តុលាការមជ្ឈត្តការឧបសម្ព័ន្ធ៧នៃអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ បានចេញមជ្ឈត្តវិនិច្ឆ័យក្នុងឆ្នាំ ២០១៦ ហើយការណ៍នេះបានទទួលបានការស្វាគមន៍ និងរិះគន់អំពីសំណាកអ្នកស្រាវជ្រាវអន្តរជាតិ។ដោយសារតែបញ្ហាសមុទ្រចិនមានសាវតារយូរលង់ និងប្រកបដោយភាពស្មុគស្មាញ នោះហេតុផលក្នុងការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង ក៏ទាមទារឱ្យអ្នកពាក់ព័ន្ធដោះស្រាយដោយប្រយ័ត្នប្រយែង មានតុល្យភាព និងភាពស្របច្បាប់។ ការស្វែងរក និងដោះស្រាយតាម​ក្របខណ្ឌ​ច្បាប់​ដែល​បាន​ឯកភាព​គ្នា​នោះនឹងធ្វើឱ្យ​ភាគី​ទាំងអស់​អាចសម្រួលបញ្ហា និងបន្តទំនាក់ទំនង​ប្រកប​ដោយ​មិត្តភាព និង​ផលប្រយោជន៍​ទៅវិញទៅមក។ ការដោះស្រាយការទាមទារដែនសមុទ្រចិនខាងត្បូងដែលមិនបត់បែន អាចនឹងបង្កភាពតានតឹង និងល្អក់កករជាង​ការប្រើប្រាស់នីតិវិធីចាប់បង្ខំផ្សេងទៀត។ភាគីទាំងអស់នៃជម្លោះចាំបាច់ត្រូវរក្សាគោលការណ៍ “សុច្ឆន្ទៈ” (good faith) គាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី និងការជំរុញឱ្យប្រើប្រាស់យន្តការឈ្នះៗ ដោយការថ្លឹងថ្លែងគ្រប់អង្គហេតុ និងគ្រប់អង្គច្បាប់ ដោយសមភាព។