3. ភតិសន្យាពិសេស៖ កម្មករ សិស្ស និស្សិត / Special lease: Workers and Students (Khmer Article)
សិទ្ធិស្នាក់នៅ គឺជាសិទ្ធិមួយត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣។ យោងតាមមាត្រា៤០ នៃរដ្ឋធម្មនុញ្ញចែងថា៖ «សេរីភាពក្នុងការដើរឆ្ញាយជិត និង តាំងទីលំនៅក្នុងស្ថានភាព ស្របច្បាប់ របស់ប្រជាពលរដ្ឋត្រូវបានគោរព»។ ការស្នាក់នៅ គឺជាបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរសម្រាប់គ្រួសារ ដែលមានស្ថានភាពប្រាក់ចំណូលទាប ជាពិសេសកម្មករ សិស្ស និង និស្សិតដែលមកសិក្សា ឬធ្វើការងារ នៅភ្នំពេញ។ ហេតុដូច្នេះ ហើយទើបនៅឆ្នាំ២០១៥ មានច្បាប់ពិសេសមួយមានគោលដៅការពារទៅដល់ ពួកគាត់តាមរយៈច្បាប់ស្តីពីភតិសន្យាពិសេស។ យោងតាមរយៈមាត្រា៥៩៦ នៃក្រមរដ្ឋប្បវេណី ភតិសន្យា គឺជាកិច្ចសន្យាដែលភាគីម្ខាងដែលហៅថាភតិបតី ធ្វើការប្រគល់វត្ថុ ផ្ទេរសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យផល ទៅភាគីម្ខាងទៀតដែលហៅថាភតិកៈ ដោយភតិកៈមានករណីយកិច្ចធ្វើការបង់ប្រាក់ឈ្នួលតបស្នងមកវិញ។ បើប្រៀបធៀបជាមួយនឹងកិច្ចសន្យាលក់ទិញ គេឃើញភាពខុសប្លែករវាងកិច្ចសន្យាទាំងពីរនៅត្រង់ការផ្ទេរសិទ្ធិដែលកិច្ចសន្យាលក់ទិញគឺមានការផ្ទេរសិទ្ធិកម្មសិទ្ធិ និង សិទ្ធិផ្សេងដទៃទៀតជុំវិញវត្ថុ ចំណែកភតិសន្យាវិញ គឺគ្រាន់តែមានការផ្ទេរសិទ្ធិផលុបភោគតែប៉ុណ្ណោះ ដែលជាមូលហេតុនាំឲ្យនៅពេលបញ្ចប់ភតិសន្យា ភតិកៈត្រូវធ្វើបដិទាន ត្រឡប់វិញនូវវត្ថុ និងសិទ្ធិផលុបភោគលើវត្ថុទៅឲ្យភតិបតីវិញ អាចនិយាយបានថា កម្មសិទ្ធិករនៃវត្ថុ បានធ្វើការប្រគល់វត្ថុឲ្យបុគ្គលម្នាក់កាន់កាប់វត្ថុ ដោយផ្តល់នូវសិទ្ធិ និងករណីយកិច្ចមួយចំនួនទៅលើវត្ថុនោះ និង កម្មសិទ្ធិករនៃវត្ថុ មានសិទ្ធិទាមទារឲ្យធ្វើការប្រគល់វត្ថុនោះត្រលប់មកវិញនៅពេលបញ្ចប់កិច្ចសន្យា។